ផ្លែម៉ាកាដាមៀ។ រូបភាព៖ផ្តល់ដោយ លោក អ៊ុំ រ័ត្នខេមរា សមាជិកអភិវឌ្ឍន៍កសិកម្មកម្ពុជា
សូមចុចស្ដាប់សេចក្ដីរាយការណ៍ជាសំឡេងនៅទីនេះ

ម៉ាកាដាមៀ ឬខ្មែរហៅថា ចំបក់បារាំង ជាប្រភេទដំណាំថ្មីមួយដែលមិនទាន់មានអ្នកដាំច្រើននៅឡើយ។ បច្ចុប្បន្ន ដើមម៉ាកាដាមៀ ត្រូវបានកសិកមួយចំនួននៅខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ នាំគ្នាដាំជាបន្តបន្ទាប់ ដោយសារមានសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា បានណែនាំពីបច្ចេកទេសដាំ និងធ្វើកិច្ចសន្យាទទួលទិញពីពួកគាត់ ដើម្បីនាំចេញទៅកាន់ប្រទេសចិន។

លោក អ៊ុំ រ័ត្នខេមរា សហការីរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៤កញ្ញានេះថា កាលពី៤ឆ្នាំមុន កសិករខ្មែរបានទិញពូជពីប្រទេសវៀតណាមយកមកដាំ ប៉ុន្តែមិនមានទីផ្សារច្បាស់លាស់ឡើយ។ លោកបន្តថា ប៉ុន្តែ សហគមន៍បានយកមែកដើមម៉ាកាដាមៀពីប្រទេសអូស្រ្ដាលី ទៅបង្កាត់ពូជនៅក្នុងប្រទេសវៀតណាម និងបានយកមកចុះក្នុងបញ្ជីរបស់ក្រសួងកសិកម្មក្នុងឆ្នាំ២០១៧ ដោយដាក់ឈ្មោះថាចំបក់បារាំង ដើម្បីបង្ហាញពីអត្តសញ្ញាណជាពូជរបស់ខ្មែរ និងមានអាជ្ញាបណ្ណសម្រាប់នាំចេញត្រឹមត្រូវ ព្រោះក្នុងករណីគ្មានអត្តសញ្ញាណ គឺមិនអាចនាំចេញទៅក្រៅប្រទេសបាននោះទេ។ លោកបន្ថែមថា បច្ចុប្បន្នកសិករនៅខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ បានចាប់ផ្តើមដាំដើមម៉ាកាដាមៀជាពូជរបស់ខ្មែរ ទើបបានរយៈពេលជាងមួយខែនេះ ក្រោយពីពួកគាត់ មើលឃើញពីទីផ្សារនាំចេញទៅប្រទេសចិន បន្ទាប់ពីដឹងតាមរយៈការផ្សព្វផ្សាយរបស់សហគមន៍។

លោកថ្លែងដូច្នេះថា៖«បួនឆ្នាំមុនយើងបានផ្សព្វផ្សាយដល់ប្រជាកសិករ ប៉ុន្តែគាត់ដូចជាមិនដាំតាម គាត់អត់ស្តាប់ គាត់ដាំតាមដំណាំដែលគាត់ចង់ដាំ។ ទើបតែរយៈពេលក្រោយមក យើងក៏បានផ្សព្វផ្សាយម្តងទៀត ហើយយើងមានកិច្ចសន្យាច្បាស់លាស់ពីរដ្ឋាភិបាល ដែលមានអនុក្រឹត្សចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានឯកឧត្តម វេង សាខុន ជាប្រធាន និងមានសម្តេច ហ៊ុន សែន ជាប្រធានកិត្តិយសនៃច្បាប់កិច្ចសន្យាហ្នឹង។ សមាគមន៍យើងធ្វើស្របតាមអនុក្រឹត្សរបស់សម្តេច ដែលធ្វើឱ្យច្បាប់កិច្ចសន្យាហ្នឹងរឹងមាំ ដូច្នេះពេលយើងផ្សព្វផ្សាយដល់កសិករទៅគាត់ចាប់អាម្មរណ៍ ហើយយើងមានទីផ្សារច្បាស់លាស់នាំចេញទៅប្រទេសចិន»។

លោកបន្តថា ពូជមូលដ្ឋានម៉ាកាដាមៀ ដែលសហគមន៍នាំចូលមកដាំនៅកម្ពុជា ត្រូវបានជួលគេបណ្តុះ និងផ្សាំនៅប្រទេសវៀតណាម ខណៈមែកវា យកពីអូស្ត្រាលី ហើយជាពូជផ្តាច់មុខដោយមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីយកមកដាំនៅស្រុកខ្មែរ និងមានអាជ្ញាបណ្ណនាំចេញទៅប្រទេសចិនផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់វៀតណាម ថៃ និងប្រទេសផ្សេងទេ។

លោកថ្លែងទៀតថា៖«ពូជចំបក់បារាំង ឬម៉ាកាដាមៀហ្នឹង តាមពិតទៅមាន១០០ ពូជជាង ប៉ុន្តែពូជដែលអាចដាំនៅស្រុកខ្មែរមានតែ១០ពូជទេ ហើយសហគមន៍យើងនាំយកតែ១ពូជទេ មកឱ្យកសិករដាំ ដែលមានទីផ្សារនាំចេញហ្នឹង។ ដោយសារវា ជាពូជមួយមានភាពងាយស្រួលក្នុងការដាំដុះ ងាយស្រួលថែទាំ និងការប្រមូលផល ហើយសំបកវាស្តើង»។

លោកបន្ថែមថា ការដាំម៉ាកាដាមៀត្រូវរើសតំបន់ និងអាកាសធាតុ ដែលនៅស្រុកខ្មែរអាចដាំនៅតំបន់ខ្ពស់រាប តំបន់ភ្នំ និងតំបន់ ដែលមានអាកាសធាតុពី១៤ទៅ២៤អង្សាសេ។

លោកថ្លែងទៀតថា៖«នៅស្រុកខ្មែរ តាមការSurvey (វាយតម្លៃ)ទៅវាមានខេត្តមួយចំនួន ដែលអាចដាំបាន ដូចជានៅខេត្តមណ្ឌលគិរី រតនគិរី ខាងព្រះវិហារតំបន់ខ្លះដាំបានឱ្យតែតំបន់ណាក្បែរភ្នំ ពោធិ៍សាត់ខាងអូសោមនិងវាលវែង  បាត់ដំបង់ខាងសំឡូត ប៉ៃលិន ហើយនៅសៀមរាបអាចដាំបាននៅតំបន់ក្បែរភ្នំកូលែន ហើយនឹងកំពត កំពង់សោម និងកោះកុង ក៏អាចដាំបានដែរ»។

លោកបញ្ជាក់ថា កសិករទិញកូនពូជពីសហគមន៍ក្នុង១ដើមតម្លៃ៥ដុល្លារ ហើយខាងសហគមន៍បានចុះកុងត្រាក្នុងការប្រមូលទិញពីកសិកររយៈពេល៣០ឆ្នាំក្នុងតម្លៃទាបបំផុត២ដុល្លារក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះ លោកឱ្យដឹងថា ដ់មម៉ាកាដាមៀ ជាដំណាំកសិឧស្សាហកម្មត្រូវបានគេយកទៅកែឆ្នៃជាគ្រឿងសម្អាង ឧសថ អាហារបំប៉ន និងសូកូឡា។

លោកអះអាងថា សមាគមន៍មិនទាន់នាំចេញទៅប្រទេសចិននោះទេ ព្រោះកសិករទើបបានកក់ពូជយកទៅដាំមានចំនួនរាប់ពាន់ហិកតា ខណៈចំនួនដែលចុះកិច្ចព្រមព្រៀងនាំចេញមានចំនួន២មឺុនហិកតា។

លោក ខឿន សុខណាន អាយុ៣៧ឆ្នាំ ជាកសិករដាំដើមម៉ាកាដាមៀនៅខេត្តមណ្ឌលគិរីចំនួន៣ហិកតា បានលើកឡើងថា លោកបានចាប់ផ្តើមដាំម៉ាកាដាមៀរយៈពេល៤ឆ្នាំហើយ ដោយកាលនោះ បានទិញពូជពីវៀតណាមមកដាំ ហើយទើបចាប់ផ្តើមដាំជាមួយសហគមន៍បានរយៈពេលមួយខែប៉ុណ្ណោះ ខណៈដំណាំនេះមិនមានការលំបាកក្នុងការថែទាំនោះទេ។

លោកថ្លែងដូច្នេះថា៖«ចំពោះដំណាំហ្នឹងអត់មានពិបាកថែទាំអីនោះទេ ហើយសត្វល្អិតក៏វាអត់ស៊ី វាធន់តែម្តងដំណាំហ្នឹង។ នៅខាងនេះដាំអត់ត្រូវការស្រោចទឹកនោះទេ»។

លោកបន្តថា ដំណាំនេះ ប្រើរយៈពេល៣ឆ្នាំកន្លះទៅ៤ឆ្នាំ ទើបប្រមូលផលបាន ខណៈពូជដែលលោកបានទិញពីវៀតណាមយកមកដាំចាប់ផ្តើមប្រមូលផលបានបណ្តើរៗហើយ ដោយលក់ទៅឱ្យវៀតណាមបានតម្លៃ២ដុល្លារទាំងសំបក។ លោកបញ្ជាក់ទៀតថាដំណាំនេះមិនសូវចំណាយច្រើនក្នុងការថែទាំ និងតាមអ្វីដែលខាងសហគមន៍បានណែនាំវា នឹងអាចមានទីផ្សារល្អ និងមានតម្លៃសមរម្យ។ ពលរដ្ឋរូបនេះថ្លែងថា នៅខេត្តមណ្ឌលគិរីមានកសិករដាំបែបលក្ខណៈគ្រួសារជាង១០គ្រួសារ ហើយក៏មានដាំជាលក្ខណៈក្រុមហ៊ុនដែរ។

លោកថា«ឆ្នាំដំបូងៗចឹងអត់ទាន់ផ្លែច្រើនទេ៣ទៅ៤គីឡូក្នុង១ដើម ប៉ុន្តែពី១ឆ្នាំទៅ១ឆ្នាំអាចកើនផ្លែបន្តិច»។

ចំណែក លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅខេត្តមណ្ឌលគិរីមិនសូវមានកសិករដាំម៉ាកាដាមៀនោះទេ ប៉ុន្តែភាគច្រើន គឺដាំជាលក្ខណៈក្រុមហ៊ុន។

លោកថ្លែងថា៖«អ្វីដែលយើងបានដឹងកន្លងមក មានតែកសិករ១ ទៅ២គ្រួសារទេដែលបានដាំដំណាំដែលយើងហៅថា ម៉ាកាដាមៀឬចំបក់បារាំងហ្នឹង ប៉ុន្តែមានដាំភាគច្រើននៅតាមក្រុមហ៊ុន»។

លោកបន្តថា មន្ទីរក៏មិនទាន់ហ៊ានជំរុញឱ្យកសិករដាំឱ្យបានចំនួនច្រើនដែរ ព្រោះវាជាដំណាំប្រភេទថ្មី ហើយមិនទាន់មានការសិក្សាច្បាស់លាស់ ប៉ុន្តែក្រសួងកំពុងសិក្សាស្រាវជ្រាវឱ្យបានច្បាស់ថាប្រភេទដំណាំនេះត្រូវនឹងអាកាសធាតុបែបណា។

លោកបន្ថែមថា«ដោយឡែកខាងមណ្ឌលគិរីមានស្រុកអូររាំងមួយដែលអាចដាំប្រភេទដំណាំហ្នឹងបាន គ្រាន់តែថា វាជាដំណាំថ្មីយើងមិនទាន់ជំរុញឱ្យកសិករដាំដុះឱ្យបានច្រើនទេ ដោយសារវាថ្មីចាំមើលការសិក្សាមួយទាក់ទងនឹងបច្ចេកទេសឱ្យបានត្រឹមត្រូវច្បាស់លាស់»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះលើបណ្តញសង្គមហ្វេសប៊ុកថា  ដើមម៉ាកាដាមៀ(Macadamir) គឺជាឈ្មោះកំណើតនៃរុក្ខជាតិហូបផ្លែដ៏ល្អពិសេសមួយ ដែលមានដើមកំណើតពីប្រទេសអូស្រ្តាលី និងបង្កាត់ពូជនៅប្រទេសវៀតណាម។ ដំណាំនេះត្រូវបានក្រុមហ៊ុន Mega First Plantation ដាំសាកល្បងលើផ្ទៃដីតំបន់ខ្ពង់រាបនៃខេត្តមណ្ឌលគិរី។ 

លោកបញ្ជាកថា ម៉ាកាដាមៀ ឬចំបក់បារាំង នឹងផ្ដល់ផលពី៤ទៅ៦ឆ្នាំបន្ទាប់ពីការដាំដុះ ហើយចេញផ្លែផ្កាបន្តបន្ទាប់គ្នាគ្រប់រដូវ និងមានអាយុកាលប្រហែល១០០ឆ្នាំ។ 

រដ្ឋមន្រ្តីរូបនេះបញ្ជាក់ទៀតថា អត្ថប្រយោជន៍នៃផ្លែចំបក់បារាំងនេះ គឺសម្បូរទៅដោយប្រូតេអុីន និងជាតិប្រេងដែលពោរពេញទៅដោយអាស៊ីតអាំងសាទុយរ៉េ ៨៤% មាន Fiber និងវីតាមីន A, E..D, B1, B2, B3, B7 DHL ជាពិសេសសារធាតុអូមេហ្គា៣ និងអូមេហ្គា៧ដែលស្ទើរតែគ្មានរុក្ខជាតិប្រដូចបាន។ ក្រៅពីទុកជាម្ហូបអាហារ រុក្ខជាតិនេះអាចផលិតជាអាហារបំប៉ន ជានំ សូកូឡា ទឹកដោះគោ ជាគ្រឿងសម្អាង និងអាចផលិតជាឱសថផ្សេងទៀតផង៕

​​