សន្និសិទសារព័ត៌មានតាមរយៈប្រព័ន្ធអនឡាញរបស់ស្ថានទូតអាមេរិកនៅព្រឹកថ្ងៃទី ១៤កញ្ញា។ រូបភាព៖ លី សុវណ្ណា

នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញមួយនៅព្រឹកថ្ងៃទី១៤កញ្ញានេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយចំនួន៤លានដុល្លារទៀត តាមរយៈអង្គការសុខភាពពិភពលោក(WHO) និងអង្គការយូនីសេហ្វ(UNICEF) ដើម្បីឆ្លើយតបជំងឺកូវីដ១៩នៅកម្ពុជា។ 

នៅក្នុងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមដោយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។  លោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកបានលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា បានរៀបចំបានល្អគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមខ្លួនទប់ស្កាត់នូវការផ្ទុះនៃជំងឺ១៩ និងតាំងពីពេលផ្ទុះកូវីដដំបូង កម្ពុជាក៏ជាប្រទេសឈានមុខគេ ក្នុងការរៀបចំខ្លួនបានមុនប្រទេសនានាក្នុងតំបន់ ដើម្បីទប់ស្កាត់ជំងឺនេះ។ 

លោកបញ្ជាក់ថា មកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្ទាល់ដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបការប្រយុទ្ធប្រឆាំងជំងឺកូវីដមានជាង១៥លានដុល្លារ ដែលបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយអាមេរិកUSAID ដែលជួយដោះស្រាយផលប៉ះពាល់សង្គម សេដ្ឋកិច្ចពីជំងឺកូវីដ១៩ ហើយសុទ្ធតែជួយដល់អ្នកដែលងាយរងគ្រោះជាងគេបំផុត។

លោកបន្តថា ដំណោះស្រាយយូរអង្វែងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ គឺការចាក់វ៉ាក់សាំង ដែលកម្ពុជា កំពុងធ្វើបានយ៉ាងល្អ ហើយលោកក៏បានបញ្ជាក់ជាថ្មីថា ការផ្តល់វ៉ាក់សាំងប្រភេទចនសុននិងចនសុន ជាង១លាន១សែនដូស តាមរយៈកម្មវិធីកូវ៉ាក់កាលពីខែកក្កដាដល់កម្ពុជា គឺគ្មានដាក់លក្ខខណ្ឌនោះទេ ហើយថាសហរដ្ឋអាមេរិកត្រេកអរយ៉ាងខ្លាំង ដែលវ៉ាក់សាំងទាំងនោះ បានចាក់សម្រាប់ជនជាតិដើមភាគតិច និងក្រុមបុគ្គលិកជួរមុខនៅតាមខេត្ត។ 

ក្រោពីទឹកប្រាក់៤លានដុល្លារបន្ថែមនេះ លោកក៏បានប្រកាសផ្ដល់វិភាគទានបន្ថែមទៀត សម្ភារPPEដប់ម៉ឺនកំប្លេដល់មណ្ឌលសុខភាពមួយចំនួនសម្រាប់បង្ការជំងឺអេដស៍ ដែលជាកម្មវិធីសហគមន៍ក្នុងការទប់ស្កាត់ការគំរាមកំហែងពីជំងឺកូវីដ១៩ ដែលកំពុងការផ្តល់សេវាសុខាភិបាលដោយមិនគិតថ្លៃ ហើយជំនួយនេះ នឹងជួយការពារបុគ្គលិកសុខាភិបាលជួរមុខ២០០០នាក់ ដែលធ្វើការជាមួយអ្នកជំងឺអេដស៍។ 

ចំណែកលោកស្រី ឱ វណ្ឌឌីន បានលើកឡើងថា សហរដ្ឋអាមេរិកមិនមែនទើបតែផ្តល់ជំនួយមកដល់កម្ពុជាលើកដំបូងទេ​ គឺធ្វើឡើងតាំងពីឆ្នាំ១៩៩២មក តាមរយៈអង្គការក្រៅរដ្ឋាភិបាលនានា ដូចជាតាមរយៈUSAIDប្រមាណ១៣៥លានដុល្លារអាមេរិក និងតាមរយៈUSCDC ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ ក្នុងចំនួនទឹកប្រាក់ចំនួន៣លានដុល្លារអាមេរិក។ លោកស្រីបន្តថា ជំនួយរបស់រដ្ឋាភិបាលអាមេរិកនេះ ជាផ្នែកមួយរួមចំណែកក្នុងការកាត់បន្ថយបញ្ហានានានៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ចាប់តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយថវិកាជាង១,៥៤ពាន់លានដុល្លារនៅកម្ពុជាតាមរយៈUSAID ដែលក្នុងនោះរួមមានថវិការចំនួន៣៧៧លានដុល្លារ ជាជំនួយសម្រាប់ការដោះស្រាយបញ្ហានៃការស្លាប់ទារក ក្មេងអាយុក្រោម៥ឆ្នាំ និងមរណភាពមាតាបិតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហាររូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលជាដើម៕