ទីស្នាក់ការរបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកនៅរដ្ឋម៉ារីឡែន។ រូបភាព៖ Reuters

វ៉ាក់សាំងជំរុញ គឺមិនត្រូវការចាក់ឱ្យពលរដ្ឋទូទៅនោះទេ នេះបើតាមការលើកឡើងពីក្រុមអ្នកវិទ្យាសាស្រ្ដមកពីរដ្ឋបាលចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិកFDAនិងក្រុមអ្នកវិទ្យាសាស្រ្ដមកពីអង្គការសុខភាពពិភពលោក WHO នៅក្នុងអត្ថបទចេញផ្សាយមួយកាលពីថ្ងៃចន្ទកន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនេះបាននិយាយថា គឺត្រូវមានភស្ដុតាងបន្ថែមទៀតដើម្បីបង្ហាញពីភាពជឿជាក់នៃការចាក់វ៉ាក់សាំងដូសជំរុញ។ ការលើកឡើងនេះ គឺផ្ទុយទៅនឹងគម្រោងរបស់រដ្ឋាភិបាលអាមេរិក ដែលនឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់នៅសប្ដាហ៍ក្រោយ ប្រសិនបើមានការយល់ព្រមពីនិយតករសុខភាពរបស់ខ្លួន។

ខណៈករណីឆ្លងជំងឺកូវីដ១៩ដែលបង្កឡើងពីវីរុសបំប្លែងថ្មីដែលតាមានការកើនឡើង រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងព្រួយបារម្ភពីការឆ្លងក្នុងចំណោមពលរដ្ឋដែលបានទទួលបានវ៉ាក់សាំងហើយ និងជាសញ្ញាថា ប្រព័ន្ធការពាររបស់ពលរដ្ឋដែលចាក់វ៉ាក់សាំងរួចរាល់ទាំងនោះបានធ្លាក់ចុះ និងត្រូវការចាក់ដូសជំរុញដើម្បីបង្កើតឱ្យមានភាពស៊ាំរឹងមាំឡើងវិញ។

ប៉ុន្តែអង្គការសុខភាពពិភពលោកបានជំទាស់នឹងការចាក់ដូសជំរុញនេះ ដោយសារប្រជាជននៅប្រទេសក្រីក្រខ្លះ កំពុងរង់ចាំការចាក់វ៉ាក់សាំងកូវីដដូសទី១នៅឡើយ។  

ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងថា ការសម្រេចចិត្តណាមួយដើម្បីចាក់ដូសជំរុញ និងការកំណត់ពេលវេលាដើម្បីចាក់ដូសជំរុញ គួរតែផ្អែកលើការវិភាគដោយប្រុងប្រយ័ត្នពីការស្រាវជ្រាវឬទិន្នន័យរោគរាតត្បាត ដែលបង្ហាញពីដំណោះស្រាយដ៏ជឿជាក់និងការកាត់បន្ថយក៏មានអត្ថន័យនៅក្នុងជំងឺធ្ងន់ធ្ងរ។ ការវាយតម្លៃពីអត្ថប្រយោជន៍និងហានិភ័យ គួរត្រូវពិចារណានូវចំនួនឆ្លងកូវីដធ្ងន់ធ្ងរ ដែលការចាក់វ៉ាក់សាំងដូសជំរុញអាចជួយការពារបាន ហើយថាតើវាមានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសបំប្លែងថ្មីដែរឬទេ។

ទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា ភស្ដុតាងថ្មីៗ គឺហាក់មិនបានបង្ហាញពីតម្រូវការសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញលើពលរដ្ឋទូទៅ ដែលប្រសិទ្ធភាពប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ នៅតែខ្ពស់នៅឡើយ។ អ្នកវិទ្យាសាស្រ្ដទទួលស្គាល់ថា បុគ្គលមួយចំនួន​ដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ នឹងអាចទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំងដូសជំរុញនេះ។

ក្រុមអ្នកវិទ្យាសាស្រ្ដទាំងនេះ អះអាងថា ការចាក់វ៉ាក់សាំងដូសជំរុញ អាចត្រូវការនៅពេលខាងមុខ ដរាបណាភាពស៊ាំនៃការចាក់វ៉ាក់សាំងបឋមបានចុះខ្សោយ ឬប្រសិនបើវីរុសបំប្លែងថ្មីវិវត្តធ្វើឱ្យវ៉ាក់សាំងលែងប្រឆាំងនឹងមេរោគទៀតបាន។ ជាមួយគ្នានេះ ពួកគេព្រមានថា ការចាក់វ៉ាក់សាំងដូសជំរុញ ក៏អាចបង្កឱ្យមានហានិភ័យដែរ ប្រសិនបើមានការណែនាំឱ្យចាក់លឿនពេក ឬចាក់​ញឹក​ញាប់ពេក៕