ផ្លូវ High Street នៅក្នុង​ទីក្រុង Auckland ប្រទេស​នូវែលសេឡង់​ដែល​ធ្លាប់​តែ​មាន​សភាព​អ៊ូអរ មាន​ភាពស្ងាត់ជ្រងំ​ដោយសារ​ការបិទខ្ទប់​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

រដ្ឋធានីវ៉ាស៊ីនតោន — នាយករដ្ឋម​ន្ត្រីប្រទេស​នូវែលសេឡង់​ បាន​ប្រកាស​កាលពីថ្ងៃ​ចន្ទ​ថា ទី​ក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​ដែល​មាន​ពលរដ្ឋ​រស់នៅប្រមាណ ១លាន ​៧សែន​នាក់​ នឹង​នៅ​បន្តការ​បិទ​សកម្មភាពសង្គម​ដ៏​តឹង​រឹងរបស់​ខ្លួន​ដើម្បី​ទប់​ទល់និង​ការ​ផ្ទុះ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​តូច​ទាក់​ទិន​នឹង​វីរុសកូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​ដែលតា​ដែល​មាន​ការ​ឆ្លង​យ៉ាង​លឿន។

នាយក​រដ្ឋមន្រ្តី​នូវែលសេឡង់​លោក​ស្រី Jacinda Ardern បាន​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ថា ​«ជា​ការ​ច្បាស់​ណាស់ វា​ពុំ​មាន​ការ​ឆ្លងក្នុង​ទ្រង់​ទ្រាយ​ធំ​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ក្នុង​ទីក្រុង Auckland នោះ​ទេ។ ប៉ុន្តែ​ដោយ​សារ​តែ​យើង​មាន​ករណី​ឆ្លង​ថ្មី​ៗកើត​មាន​ឡើង​មាន​ហានីភ័យ»។

ការ​បិទ​សកម្មភាព​សង្គម​ក្នុង​ទីក្រុង Auckland នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ ត្រូវ​បាន​ពន្យាពេល​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ខាង​មុខ​នេះ ដោយ​ក្នុង​នោះ​គេ​បាន​រកឃើញនូវ​ការឆ្លងថ្មីៗ​ចំនួន​៣៣​ករណីកាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​មាន​របាយការណ៍​នៃ​ការ​ឆ្លង២៣​ករណី​កាល​ពី​ថ្ងៃ​សៅរ៍​ និង​២០​ករណី​កាល​ពី​ថ្ងៃ​អាទិត្យ។

ចំណែក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ឯណោះ​វិញ ប្រទេស​នេះ​បាន​ព្រមាន​ថា ពលរដ្ឋ​អ៊ីស្រាអែល​ ដែល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ Rosh Hashanah ក្នុង​ទីក្រុង Uman នៃ​ប្រទេស​អ៊ុយក្រែន​ ហើយត្រឡប់​មក​ប្រទេស​អ៊ីស្រាអែល​វិញ ដែលបង្ហាញ​លទ្ធផល​តេស​កូវីដ​អវិជ្ជមាន​ក្លែង​ក្លាយ​ នឹង​ត្រូវ​ប្រឈមទោស​ព្រហ្មទណ្ឌ។

ដោយឡែក​នៅ​ក្នុងចក្រភពអង់គ្លេស ក្រសួង​សុខាភិបាល បាន​ប្រកាស​នៅថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​ដក​ចេញ​នូវ​ការ​សម្រេច​របស់​ខ្លួន​ដែលតម្រូវ​ឲ្យ​អ្នក​ចូល​រង្គសាល​និង​ក្លឹប​រាត្រីត្រូវ​បង្ហាញ​លិខិត​ចាក់​វ៉ាក់ សាំង។

នៅក្នុង​ប្រទេស​បង់ក្លាដែស​វិញ ប្រទេស​នេះ​ បាន​បើក​សាលារៀនដំណើរ​ការ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈ​ពេល​៥០០​ថ្ងៃ​កន្លង​ទៅ។ រដ្ឋាភិបាលបង់​ក្លាដែស​បាន​ប្រកាស​ថា គ្រូ​បង្រៀន​ប្រ មាណ ៩៧% នៅ​ទូទាំង​ប្រទេស​ បាន​ទទួល​វ៉ាក់សាំង​គ្រប់​ដូស​រួចហើយ។

សាកល​វិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​កត់ត្រា​ការឆ្លង​ទូទាំង​ពិភពលោក​មាន 224,7 លាន​ករណី៕