កសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា។ រូបភាព៖ក្រសួងកសិកម្ម

កសិករមួយចំនួនបានកាត់បន្ថយការចិញ្ចឹមមាន់ ហើយខ្លះបោះបង់ចោលមុខរបបនេះតែម្ដង ដោយសារតែមាន់នាំចូលពីប្រទេសវៀតណាមច្រើន ធ្វើឱ្យមាន់ក្នុងស្រុកបន្តធ្លាក់ថ្លៃកាន់តែខ្លាំង ដែលឱ្យពួកគាត់ម្នាក់ៗត្រូវខាតបង់អស់រាប់ម៉ឺនដុល្លារនិងប្រឈមជំពាក់បំណុលធនាគារកាន់តែច្រើន។

លោកស្រី តែ មួយហេង អាយុ៤១ឆ្នាំ អ្នកចិញ្ចឹមមាន់នៅក្រុងច្បារមនខេត្តកំពង់ស្អឺ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១០កញ្ញាថា ក្រោយពីគ្មានដើមទុនសម្រាប់ផ្គត់ផ្គង់ចំណីចិញ្ចឹមមាន់ដូចមុន លោកស្រីបានសម្រេចកាត់បន្ថយការចិញ្ចឹមមាន់ពីបួនរោងមកសល់ត្រឹមមួយរោងវិញ ដែលគិតជាសត្វមាន់មានប្រហែល១៥០០០ក្បាល ក្រោយពីលោកស្រីបានខាតបង់អស់៩ម៉ឺនដុល្លារចាប់តាំងពីឆ្នាំ២០២០មក។ លោកស្រីបន្តថា ចំពោះកសិករផ្សេងគឺសម្រេចបោះបង់មុខរបរនេះតែម្ដង ដោយសារគ្មានដើមទុនចំណាយលើចំណីមាន់និងទិញកូនមាន់មកចិញ្ចឹមបន្ត។

លោកស្រីថ្លែងដូច្នេះថា៖«លើកមុនខ្ញុំខាតអស់ជាង៥ម៉ឺនដុល្លារ។ លើកមុនមួយទៀតដែលធ្លាក់ថ្លៃមែនទែនតម្លៃនៅសល់តែ១០០០ទៅ១២០០រៀលក្នុងមួយគីឡូ គឺខ្ញុំខាតអស់ជាងបួនម៉ឺនដុល្លារ ដោយសារវាធ្លាក់ថ្លៃពេក ហើយអត់ទីផ្សារ។ឈ្មួញឱ្យថោក ពិបាកណាស់និយាយទៅ គេយកតែមាន់យើងទៅប្រៀបធៀបមាន់វៀតណាមថាថោក ហើយមកទម្លាក់យើងតាមរោង។ ដឹងស្រាប់ហើយ មាន់ដល់អាយុត្រូវលក់ហើយ យើងមិនលក់ ចំណីស៊ីអស់កាន់តែច្រើន ហើយមានលុយឯណាទិញចូលឱ្យស៊ី»។

ក្នុងការប្រកបមុខរបរចិញ្ចឹមមាន់នេះ លោកស្រីបានអះអាងថា បានខ្ចីលុយធនាគារជិត១០ម៉ឺនដុល្លារ សម្រាប់ធ្វើរោង និងទិញកូនមាន់មកចិញ្ចឹម ហើយក្នុងមួយខែត្រូវបង់ទៅធនាគារវិញជាង១ពាន់ដុល្លារ ប៉ុន្តែលោកស្រីគ្មានលទ្ធភាពដើម្បីបង់ត្រឡប់ទៅធនាគារពេញមួយរយភាគរយនោះទេ។

លោកស្រីថ្លែងបន្តថា៖«បញ្ហារកលុយសងគេអត់បាន សុំគេពន្យាររហូត។ យើងមានលុយណាបង់ឱ្យគេ បើមុខរបបយើងក៏ខាត មានតែសុំគេពន្យារ។ ដូចថាមួយខែបង់ឱ្យគេមួយពាន់ដុល្លារជាង បង់ឱ្យគេបានតែពាក់កណ្តាលអ៊ឹចឹងទៅ គាត់ចេះតែពន្យារឱ្យខ្លះ ខ្លះទៅគេថាមេគេអត់ពន្យារឱ្យបានទេ ចេះតែប្រមែប្រមូលបង់ឱ្យគេរហូតទៅ»។

កសិកររូបនេះបញ្ជាក់ថា ទីផ្សារមាន់នៅក្នុងស្រុក គឺមិនទៀងទាត់នោះទេ ដោយសារការបណ្ដែតបណ្ដោយឱ្យនាំចូលមាន់ពីប្រទេសវៀតណាមកាន់ច្រើន ធ្វើឱ្យតម្លៃមាន់ក្នុងស្រុកលក់បានថោកនិងគ្មានអ្នកទិញទៅទៀត។

លោកស្រីថ្លែងថាទៀត៖«និយាយពីអត់ទីផ្សារ និយាយឱ្យត្រង់ទៅវាអត់ថេរ។ កាលណាមាន់ចូលខ្លាំង មាន់យើងស្ទះតែម្តង លក់អត់ចេញ អត់ទីផ្សារតែម្តង ដោយសារតែដេប៉ូធំៗនៅភ្នំពេញ គេយកមាន់យួន មាន់ថៃ មកសម្អាងតែម្តង។ ហើយបើយើងអត់លក់ គាត់អត់ទិញតម្លៃប៉ុណ្ណឹង ដូចជាយើងលក់តាមតម្លៃប្រកាសរបស់សមាគម ដូចជាគេប្រកាសឱ្យលក់តម្លៃ៥ពាន់រៀល(ក្នុងមួយគីឡូ) ក៏ប៉ុន្តែយើងលក់អត់បានទេ គេថាមាន់វៀតណាមចូលតែ៣៥០០រៀល»។

លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា កសិករចិញ្ចឹមមាន់មួយចំនួនបានកាត់បន្ថយការចិញ្ចឹមមាន់ពី៣រោងមកនៅ១រោងវិញ ព្រោះមាន់មានតម្លៃថោកនៅលើទីផ្សារ ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ផង និងការផលិតមាន់ក្នុងមានចំនួនច្រើន។

លោកថ្លែងដូច្នេះថា៖«ឥឡូវនេះខ្ញុំកំពុងប្រមូលពួកគាត់ឱ្យចូលច្រកតែមួយ។ ឧទាហរណ៍ថាក្នុងមួយខែ យើងយក១០ម៉ឺនក្បាល កុំឱ្យខែនេះមាន២០ម៉ឺនក្បាល ខែក្រោយមាន៥ម៉ឺនក្បាល។ អ៊ីចឹង! វាធ្វើឱ្យស្ថិរភាពទីផ្សារអត់មាន ចំណុចហ្នឹងហើយដែលធ្វើឱ្យគាត់បរាជ័យ»។

លោកបន្តថា ទីផ្សារមាន់បច្ចុប្បន្នមានតម្លៃថោកដោយមួយគីឡូនៅសល់ត្រឹមជាងមួយពាន់រៀល ខណៈថ្លៃដើមត្រូវចំណាយបួនពាន់រៀល ប៉ុន្តែឈ្មួញយកមកលក់នៅតាមទីផ្សារវិញមានតម្លៃពីប្រាំបីពាន់ ទៅមួយម៉ឺនរៀល។ លោកថ្លែងថ្លែងថា៖«បើគាត់(ឈ្មួញ)ទិញថោកហើយ លក់វិញថោកផង បើគាត់ទិញថ្លៃគាត់លក់តម្លៃតាមហ្នឹងចុះ ប៉ុន្តែបើគាត់ទិញថោក លក់ថ្លៃធ្វើឱ្យប៉ះពាល់ដល់អ្នកហូបប្រជាជនយើងទូទៅប្រទេសកំពុងតែប៉ះពាល់នឹងជំងឺកូវីដ១៩»។

លោកបន្ថែមថា មូលហេតុដែលធ្វើឱ្យមានបញ្ហាទីផ្សារ ដោយសារមានឈ្មួញខិលខូចមួយចំនួនបាននាំចូលមាន់ដោយគ្មានលិខិតអនុញ្ញាត ពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ប៉ុន្តែលោកថា បច្ចុប្បន្នក្រសួងកសិកម្មកំពុងសុំច្បាប់ពីតុលាដើម្បីធ្វើការទប់ស្កាត់ការនាំចូលនេះ។

លោកថា៖«បញ្ហានាំចូលនេះ ដូចជាខ្ញុំផ្ទាល់ និងសមាជិកខ្ញុំមួយចំនួនទៅដេកនៅច្រកព្រំដែនត្បូងឃ្មុំ គឺឃើញថាមានការនាំចូលយ៉ាងគគ្រឹកគគ្រេង ដោយគ្មានច្បាប់ទម្លាប់។ ខេត្តព្រៃវែង ត្បូងឃ្មុំចូលច្រើនជាងគេសព្វថ្ងៃហ្នឹង ទាំងថ្ងៃ ទាំងយប់ សឹងថានៅកម្ពុជាយើងមិនបាច់ចិញ្ចឹមក៏បានដែរ គាត់នាំចូលមកចាក់ពេញទីផ្សារកម្ពុជា ហ្នឹងហើយដែលធ្វើឱ្យប៉ះពាលដល់កសិករ»។

ប្រធានសមាគមចិញ្ចឹមសត្វរូបនេះ ស្នើឱ្យរដ្ឋាភិបាលគួរយកចិត្តទុកដាក់លើវិស័យចិញ្ចឹមមាន់ ដើម្បីកុំឱ្យវិស័យមួយនេះដួលរលំដោយសារកសិករមិនអាចបន្តចិញ្ចឹមបាន ព្រោះថ្ងៃខាងមុខ អ្នកដែលជួបការលំបាកគឺអ្នកបរិភោគ មិនមែនអ្នកចិញ្ចឹមនោះទេ។

ជុំវិញបញ្ហានេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម បានឆ្លើយតបថា ការនាំចូលមាន់ពីប្រទេសវៀតណាមនេះ គឺក្រសួងមានវិធានការទប់ស្កាត់យូរមកហើយ ខណៈការសុំអនុញ្ញាតនាំចូលពីវៀតណាមក៏មានការផ្អាកដែរ។

លោកថ្លែងដូច្នេះថា៖«បញ្ហានេះជាបញ្ហាដែលខ្ញុំមានចំណាត់ការយូរមកហើយ ប៉ុន្តែកសិករមិនដឹងថាខ្ញុំកំពុងធ្វើអីទេ។ យើងតាមចាប់ផងអីផង សូម្បីតែលិខិតដែលនាំចូលជាផ្លូវការមកពីវៀតណាមក៏យើងផ្អាកក្នុងរយៈពេលពីរសប្តាហ៍មកហើយ។ ថ្ងៃនេះខ្ញុំទទួលដំណឹងថា តម្លៃមាន់សាច់កើនដល់៥១០០រយរៀលហើយ តម្លៃមាន់ពីសាសន៍ឡើងដល់ប្រាំបីពាន់រៀលហើយ អត់ចុះទេឥឡូវចាប់ផ្តើមចំណេញវិញហើយ»។

ទោះជាយ៉ាងណា លោកបន្តថា មិនទាន់មានកសិករណាបិទរោងចិញ្ចឹមនោះទេ ខណៈក្រសួងកសិកម្មខិតខំប្រឹងប្រែងណាស់ ក្នុងការរក្សាតម្លៃជូនកសិករ គ្រាន់តែបច្ចុប្បន្នវិបត្តិកូវីដ១៩ ធ្វើឱ្យពិបាករកទីផ្សារជូនពួកគាត់។ ជាមួយគ្នានេះ លោកទទួលស្គាល់ថា នៅខេត្តត្បូងឃ្មុំពិតជាមានការនាំចូលមែន ព្រោះកាលពីម្សិលមិញ ក្រុមអន្តរាគមន៍នាយកដ្ឋានផលិតកម្មសត្វ ចាប់បានឡានមួយគ្រឿងដែលមានមាន់ចំនួន១៤០០ក្បាល ហើយនាយកដ្ឋាននឹងបន្តធ្វើការងារនេះបន្តទៀត។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា កន្លងមកខាងខេត្តត្បូងឃ្មុំមិនមានគោលការណ៍ណាអនុញ្ញាតឱ្យនាំចូលនោះទេ ព្រោះវាខុសច្បាប់ ប៉ុន្តែទើបប៉ុន្មានថ្ងៃចុងក្រោយនេះមានការនាំចូល ហើយខាងនាយកដ្ឋានផលិតកម្មសត្វចាប់បានតាមច្រកស្រុកមេមត់ ហើយខេត្តក៏មានវិធានការឱ្យមន្ត្រីមូលដ្ឋានចុះធ្វើការតាមដាន ត្រួនពិនិ្យជាប្រចាំដែរ៕