ចម្ការលម៉ើក្រហមរបស់លោកស្រី​ គង់ សុជា ក្នុងស្រុកសូតត្រនិគម ខេត្តសៀមរាប ប្រមូលផលកាលពីខែសីហាកន្លងទៅ។ រូបភាព៖ ទំព័រហ្វេសប៊ុក ចំការល្មើដំដែកថ្មី

បច្ចុប្បន្ន ដំណាំលម៉ើកំពុងពេញនិយមនៅប្រទេសកម្ពុជា ខណៈកសិករជាច្រើនដាំដុះប្រភេទដំណាំនេះ និងទទួលបានផលជាបន្តបន្ទាប់ហើយ ប៉ុន្តែក្រឡេកមកកសិករម្នាក់នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបវិញ ក៏បានទទួលផលពីដំណាំលម៉ើរបស់ខ្លួនដែរ ប៉ុន្តែកសិកររូបនេះបានជ្រើសរើសពូជលម៉ើក្រហម ដែលមិនសូវមានអ្នកពេញនិយមដាំ ខណៈភាគច្រើនគេដាំប្រភេទលម៉ើលឿង។

លោកស្រី គង់ សុជា អាយុ ៤៩ឆ្នាំ ជាម្ចាស់ចម្ការលម៉ើក្រហមជាង១ពាន់ដើមលើផ្ទៃដី៦ហិកតា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៨កញ្ញានេះថា ដំបូងឡើយលោកស្រីក៏ចង់ដាំជាប្រភេទលម៉ើលឿងដូចគេដែរ ប៉ុន្តែលោកស្រីសង្កេតឃើញមានគេដាំច្រើន ស្របពេលក្រុមហ៊ុនលក់ពូជលម៉ើក្នុងស្រុកមួយគេបានណែនាំឱ្យដាំប្រភេទលម៉ើក្រហមនេះ លោកស្រីក៏សម្រេចចិត្តទិញយកមកដាំតែម្តង។

លោកស្រីថ្លែងថា៖« ក្នុងនាមខ្ញុំជាម្ចាស់ចម្ការលម៉ើក្រហម ខ្ញុំថាលម៉ើក្រហមមានរសជាតិឆ្ងាញ់ជាង ហើយការដាំដុះមានលក្ខណៈដូចគ្នាជាមួយពូជលម៉ើលឿងដែរ តែមានការពិបាកក្នុងការថែទាំដូចជា ពេលបានផលហើយ យើងត្រូវការពារពីសត្វកញ្ចែ និងដង្កូវដួងស៊ីបណ្តូល ដែលជាបញ្ហាប្រឈមខ្លាំងជាងគេ»។

ម្ចាស់ចម្ការរូបនេះបានថ្លែងថា ខ្លួនបានចាប់ផ្តើមដាំលម៉ើនេះតាំងពីឆ្នាំ ២០១៧មក និងប្រើរយៈពេលថែទាំចំនួន៣ឆ្នាំទើបអាចប្រមូលផលបាន។ កាលពីឆ្នាំ២០២០ លោកស្រីប្រមូលផលបានប្រមាណជាង៦០គីឡូប៉ុណ្ណោះ ហើយមកដល់ឆ្នាំ២០២១នេះ លោកស្រីអាចប្រមូលផលបានជាង៤០០គីឡូ។ ប៉ុន្តែលោកស្រីអះអាងថា ក្នុងចំណោមលម៉ើទាំងអស់មានត្រឹមតែ២០%ប៉ុណ្ណោះជាប្រភេទលម៉ើញីដែលអាចទទួលផលបាន ដែលខុសកាលពីអះអាងរបស់ក្រុមហ៊ុនលក់ពូជ ដែលថា មាន៧០%នៃដើមទាំងអស់ជាប្រភេទលម៉ើញី។ ចំពោះដើមលម៉ើឈ្មោលទាំងអស់ គឺលោកស្រីនឹងត្រូវកាប់ចោលដើម្បីដាំលម៉ើញីឡើងវិញ។

ការដាំដំណាំនេះ ត្រូវការចំណាយទៅលើកម្លាំងពលកម្មច្រើនដើម្បីថែទាំ ជាជាងប្រើប្រាស់ប្រភេទថ្នាំ ឬជីផ្សេងៗ ដែលក្នុងមួយឆ្នាំលោកស្រីចំណាយទៅលើចំការលម៉ើប្រមាណ៣ពាន់ដុល្លារ។ លោកស្រីបន្ថែមថា៖«លក់បោះដុំឱ្យគេបាន ១០ដុល្លារក្នុងមួយគីឡូ និងលក់ខ្លួនឯងតាមអនឡាញបានតម្លៃ ៤៥០០០រៀលក្នុងមួយគីឡូ។ ដំណាំនេះចំណាយកម្លាំងពលកម្មច្រើនជាងដំណាំផ្សេង ដែលចំណាយទៅលើចម្ការនេះមួយឆ្នាំចូល៣ពាន់ដុល្លារ ហើយឆ្នាំនេះប្រមូលបានប្រហែល៣ពាន់ជាងតិចតួច»។

ក្រៅពីដំណាំលម៉ើ លោកស្រី គង់ សុជា ក៏មានចំការស្វាយចន្ទីរចំនួន១០ហិកតាដែរ ដែលអាចឱ្យលោកស្រីទប់ទល់ជាមួយការចំណាយនានាទៅលើចម្ការលម៉ើនេះ ខណៈនៅមិនទាន់អាចប្រមូលផលបានច្រើន គឺទើបប្រមូលផលបានជាង១០០ដើម និងក្នុងមួយឆ្នាំប្រមូលបានតែម្តងប៉ុណ្ណោះ។

កន្លងមកប្រភេទដំណាំលម៉ើក្រហមនេះមានភាគច្រើននៅតំបន់មឈ្ឈឹមបូព៌ា អាហ្រិ្វកខាងជើង និងនៅតាមប្រទេសមួយចំនួនដូចជា ប៉ាគីស្ថាន ឥណ្ឌា និងប្រទេសម៉ិកស៊ិកជាដើម។ ដំណាំលម៉ើនេះក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ៕