ព្រះតេជព្រះគុណ ប៉ោង សុដា ព្រះចៅអធិការវត្តត្រូវបានគណៈសង្ឃវិន័យចាប់ផ្សឹក (រូបភាពពី Khmer Krom Man Journalist)

ព្រះតេជព្រះគុណ ប៉ោង សុដា ព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី ស្ថិតក្នុងភូមិដូនបុស ឃុំចំការអណ្ដូង ស្រុក​​ចំការលើ ខេត្តកំពង់ចាម ត្រូវនាំទៅផ្សឹកនិងឃាត់ខ្លួនដោយកងកម្លាំងសមត្ថកិច្ចពីក្រសួងមហាផ្ទៃសហការជាមួយមន្រ្តីសង្ឃខេត្ត។

លោក សេង សុមុនី មន្រ្តីនាំពាក្យក្រសួងធម្មការនិងសាសនា បានប្រាប់សារព័ត៍មានខ្មែរណាស់នៅថ្ងៃទី៣កញ្ញានេះថា ព្រះតេជ​ព្រះ​គុណ ប៉ោង សុដា ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២កញ្ញានេះ ហើយត្រូវបានគណៈសង្ឃវិន័យចាប់ផ្សឹក ប្រគល់ទៅឱ្យសមត្ថកិច្ចដើម្បីបញ្ជូន​ទៅតុលាការ។ ប៉ុន្តែលោកមិនបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនព្រះចៅអធិការនេះទេ ដោយគ្រាន់តែអះអាងថា តុលាការកំពុងអនុវត្តតាមនីតិវិធី។

លោកថ្លែងថា៖«ខ្ញុំមិនទាន់ជំរាបបានទេ ព្រោះនេះជានីតិវិធីតុលាការកំពុងអនុវត្ត ហើយអ្វីដែលខ្ញុំជំរាបបានគឺផ្នែកវិន័យព្រះពុទ្ធសាសនា គឺត្រូវបានមេគណៈសង្ឃតម្រូវឲ្យលាចាកសិក្ខាបទហើយ ដើម្បីទៅអនុវត្តនីតិវិធីដែលមានចំណុចណាមួយដែលតុលាសង្ស័យ​»។

សារព័ត៍មានខ្មែរណាស់ មិនអាចសុំការបញ្ចាក់ពីលោក ខៀវ សុភ័គ និងលោក ផាត សុផានិត មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ និងលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានទេ ដោយសារទូរសព្ទពួកលោកមិនអាចទាក់ទងបាន ចំណែក លោក ហេង​ វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខេត្តកំពង់ចាមលើកឡើងថា លោកមិនបានដឹងរឿងនេះ។

ប៉ុន្តែលោក លី ប៊ុនឡុង អធិការរងនគរបាលស្រុកចំការលើ បានប្រាប់សារព័ត៍មានខ្មែរណាស់នៅថ្ងៃទី៣កញ្ញាថា ដីកាការចាប់ខ្លួនព្រះតេជព្រះគុណ ប៉ោង សុដា គឺបានចេញពីក្រសួងមហាផ្ទៃ ហើយអាជ្ញាធរខេត្តមិនបានដឹងរឿងនេះឡើយ។

លោកថ្លែងថា៖«ខាងអធិការស្រុកចំការលើហ្នឹងអត់ដឹងដែរទេ ដោយសារមានដីការពីខាងក្រសួងមហាផ្ទៃជាអ្នកមកចាប់»។

លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោមបានលើកឡើងថា សមាគមន៌ខ្មែរក្រោមកំពុងតាមដានរឿងនេះ ខណៈលោកក៏មិនទាន់ដឹងថា មានមូលហេតុអ្វីស្ថិតនៅពីក្រោយនៃការចាប់ខ្លួនព្រះតេជព្រះគុណ ប៉ោង សុដា។ លោកលើឡើងថា ប្រសិនបើព្រះចៅអធិការរូបនេះ ធ្វើខុសវិន័យរហូតដល់ថ្នាក់បរាជិកឬត្រូវចាប់ផ្សឹក គឺមិនត្រូវប្រឈមការឃុំខ្លួនក្រោយពីពេលចាប់ផ្សឹកហើយនោះទេ ប៉ុន្តែមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើព្រះចៅអធិការរូបនោះ ត្រូវបានគេបញ្ជូនទៅកន្លែងណាឡើយ។

លោកថ្លែងថា៖«រហូតមកដល់ពេលនេះ យើងមិនទាន់បានទទួលព័ត៌មានជាផ្លូវការថា គេចាប់ផ្សឹកដោយសាររឿងអី ហើយយកទៅទុកនៅឯណា ឬចោទប្រកាន់ពីបទអី ក៏យើងមិនទាន់ដឹង»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមខ្មែរកម្ពុជាក្រោមនៅថ្ងៃទី៣កញ្ញានេះឲ្យដឹងថា កាលពីថ្ងៃទី២កញ្ញា នគរបាលស្រុក​ ខេត្ត និងព្រះអនុមេគណស្រុក និងព្រះមេគណខេត្តកំពង់ចាម បានមកចុះនាំខ្លួន ព្រះតេជព្រះគុណ ប៉ោង សុដា ដោយគ្មានមូលហេតុច្បាស់លាស់។

សេចក្ដីប្រកាសបន្តថា ការចាប់ខ្លួននេះធ្វើឡើងក្នុងស្ថានភាពតក់ក្រហល់ និងមិនបង្ហាញដីការតាមនីតិវិធីច្បាប់ឡើយ។ ចំណែកព្រះសង្ឃក្នុងវត្ត និងគណៈកម្មការវត្តក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទទាំងអស់ដើម្បីលុបរូបថត ឬវីដេអូ ដែលបានថតអំពីទិដ្ឋភាពនៃការចាប់ខ្លួននេះ។ បន្ទាប់ពីការនាំខ្លួននេះ កុដិរបស់ព្រះអង្គ ប៉ោង សុដា ត្រូវបានសមត្ថកិច្ចចូលរុះរើ ឆែកឆេរ និងពង្រាយកម្លាំងយាមការជុំវិញវត្តយ៉ាងតឹងរឹង៕