មុខស្ថានទូតកម្ពុជាប្រចាំអូស្រ្តាលី

រដ្ឋាភិបាលអូស្រ្ដាលីកំពុងពិភាក្សាលើការរៀបចំគម្រោងទិដ្ឋាការ«កសិកម្មថ្មី» ដែលមានភ្ជាប់លក្ខខណ្ឌមួយចំនួន ដើម្បីផ្ដល់ឱកាសដល់​ពលរដ្ឋនៅប្រទេសផ្សេងៗក្នុងតំបន់អាស៊ី អាចមកធ្វើការងារលើផ្នែកកសិកម្មនិងឧហ្សាកម្មកែច្នៃសាច់ និងអាចផ្ដល់ឱកាស​ឱ្យ​រស់នៅអចិន្ត្រៃយ៍ ក្នុងករណីពលករនោះបំពេញបានតាមលក្ខខណ្ឌនិងតម្រូវការរបស់រដ្ឋាភិបាលអូស្រ្ដាលី។ នេះបើតាមលិខិតស្ថាន​ទូតខ្មែរប្រចាំអូស្រ្ដាលីចេញផ្សាយនៅថ្ងៃទី១កញ្ញា។

ស្ថានទូតបន្តថា រដ្ឋាភិបាលអូស្រ្ដាលីនឹងបញ្ចប់ការពិភាក្សាលើគម្រោងទិដ្ឋាការកសិកម្មថ្មីនេះនៅចុងខែកញ្ញា ហើយអូស្រ្ដាលីនឹងចាប់ផ្ដើមចរចាទ្វេភាគីជាមួយប្រទេសដៃគូលើគម្រោងនេះ ហើយមកដល់ពេលនេះ រដ្ឋាភិបាលអូស្រ្ដាលីនៅមិនទាន់សម្រេចថា នឹង​ផ្ដល់ទិដ្ឋាការប្រភេទនេះដល់កម្ពុជានៅឡើយទេ ប៉ុន្តែស្ថានទូតបានត្រៀមខ្លួនជួយចរចាជាមួយភាគីអូស្រ្ដាលីដើម្បីសុំបញ្ជូនពលករ​ពីខ្មែរ។

ស្ថានទូតបានបញ្ជាក់ថា ការចេញលិខិតជូនដំណឹងនេះ ដើម្បីអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយសារស្ថានទូតបានសង្កេតឃើញមានការផ្សព្វផ្សាយព័ត៌មានពីក្រុមហ៊ុនឯកជននិងបុគ្គលមួយចំនួនដែលបានបំផុលព័ត៌មានពុំច្បាសលាស់ ឬបំភ្លៃការពិតក្នុងចេត​នាបោកប្រាក់ជ្រើសរើសពលករខ្មែរមកធ្វើការនៅអូស្រ្ដាលី ក្រោមគម្រោងទិដ្ឋាការកសិកម្មថ្មីនេះ។

ការចេញសេចក្ដីជូនដំណឹងពីស្ថានទូតខ្មែរនៅអូស្រ្ដាលីនេះ បន្ទាប់ពីក្រសួងការងារបានចេញសេចក្ដីជូនព័ត៌មានមួយកាលពីថ្ងៃ​ទី​៣០​សីហាដែរថា ក្រសួងការងារបានទំនាក់ទំនងជាមួយរដ្ឋាភិបាលអូស្រ្ដាលី ទាំងកម្រិតរដ្ឋនិងរដ្ឋាភិបាលសហព័ន្ធ ដូចជាការផ្ញើលិខិតទៅកាន់ក្រសួងមុខរបរ ក្រសួងកិច្ចការនារី និងរដ្ឋមន្រ្តីទទួលបន្ទុកជួយនាយករដ្ឋមន្រ្តីលើវិស័យសាធារណៈអូស្រ្ដាលីកាល​ពី​ខែ​មករាឆ្នាំ២០១៧ និងការជួបពិភាក្សាជាមួយស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជាជាដើម ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលអូស្រ្ដាលីនៅ​មិន​ទាន់សម្រេចផ្ដល់ទិដ្ឋាការនេះមកឱ្យកម្ពុជានៅឡើយទេ។ ក្រសួងការងារក៏បានស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នអំពីការផ្សព្វផ្សាយដើម្បី​ជ្រើសរើសពលករទៅធ្វើការនៅអូស្រ្ដាលីនេះ ដែលមិនមានការទទួលស្គាល់ពីក្រសួង។

ក្រសួងការងារបន្តថា នឹងបន្តសហការជាមួយក្រសួងការបរទេស ដើម្បីចរចាជាមួយរដ្ឋាភិបាលអូស្រ្ដាលីឱ្យទទួលយកពលករខ្មែរទៅធ្វើការងារលើកសិកម្មក្នុងប្រទេសអូស្រ្ដាលី។

លោក មឿន តុលា នាយកប្រត្តិបត្តិសម្ព័ន្ធភាពការងារនិងសិទ្ធមនុស្ស(សង់ត្រាល់) បានលើកឡើងថា លោកគាំទ្រ គោលនយោ​បាយរកការងារឲ្យពលរដ្ឋធ្វើ ប៉ុន្តែលោកថាប្រសិនបើគ្មានការគ្រប់គ្រងច្បាស់លាស់ នឹងធ្វើឲ្យមានការកេងប្រវ័ញ្ចលើកម្លាំងពលកម្មពី​ក្រុមហ៊ុនឯកជន ដែលនាំពលកចេញធ្វើការក្រៅស្រុក ដូចជាការកាត់ប្រាក់ឈ្នួល ឬថ្លៃសេវារកការងារធ្វើជាដើម។

លោកថ្លែងថា៖«យើងបារម្មណ៌ពីការអនុវត្តគោលនយោបាយមួយចំនួន តើរដ្ឋាភិបាលគ្រប់គ្រងចាត់ចែងបែបម៉េចលើក្រុមហ៊ុនជ្រើសរើសពលករ។ ព្រោះខ្ញុំខ្លាចយើងដើរលើគន្លងចាស់ក្នុងការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនខ្លាំងពេក និងគ្មានការគ្រប់គ្រងឌិតដល់ដែលធ្វើក្រុមហ៊ុនទាំងនោះ យកឱកាសក្នុងការកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់ពលរដ្ឋយើងហ្នឹង ដូចជាសេវារកការងារធ្វើ ការបន្លំឯកសារ ការដកលិខិតឆ្លងដែន ឬប្រាក់ឈ្នួលគ្នាជាដើម»។

ចំណែកលោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា លក្ខខណ្ឌក្នុងជ្រើសរើសពលករទៅធ្វើការនៅអាស្រ្តាលី គឺមិនទាមទារកម្រិតវប្បធម៌នោះទេ។ លោកបន្តថា ក្រសួងកឺមិនទាន់ដឹងថា តើអូស្រ្ដាលីនឹងអាចទទួលយកពលករ​ពីខ្មែរប៉ុន្មាននាក់នោះដែរ៕