លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំមួយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារផ្ទៃក្នុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញក្រៅប្រទេស ជាពិសេសក្រុមការងារនេះនឹងសម្របសម្រួលបញ្ហាកកស្ទះទំនិញនៅតាមព្រំដែន។

តាមរយៈខែ្សសំឡេងដែលសារព័ត៌មានខ្មែរណាស់ទទួលបានពីលោក ប៉ែន សុវិជាតិ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១កញ្ញា លោក បានលើកឡើងថា ក្រុមការងារនេះ បង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មចំពោះមុខ និងជួយជំរុញបន្ថែមក្នុងការលក់ផលិតផលខ្មែរ ដែលកំណត់ផលិតផលសក្តានុពលមួយចំនួនសម្រាប់លក់ទាំងក្នុង និងក្រៅប្រទេស ហើយក៏នឹងដោះស្រាយបញ្ហាមួយចំនួននៅពេលដែលការលក់ផលិតផលកសិកម្មជួបនឹងឧបសគ្គ។

លោកថ្លែងបន្តថា៖«ក្រុមការងារនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ជាពិសេសក្នុងកាលៈទេសៈនៅពេលដែលយើងកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ១៩ ដែលទីផ្សារសម្រាប់កសិផល ផលិតក្នុងស្រុកដែលមានសក្តានុពល គឺមានជួបបញ្ហាខ្លះ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីសម្រេចបង្កើតក្រុមការងារនេះឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ»។

លោកបន្ថែមថា ក្រុមការងារនេះនឹងមានតួនាទីសិក្សាថ្លៃដើម កំណត់មុខទំនិញសក្តានុពល ពិនិត្យមើលទន្និផល គុណភាព ផ្ទៃដីដាំដុះ បរិមាណផលិតបាន និងលើកទិសដៅសម្រាប់ជំរុញលើការផលិត ការលក់ផលិតផលក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកថ្លែងថា៖«ហើយទន្ទឹមនឹងនេះ ក៏ត្រៀមលក្ខណៈជំរុញផលិតផលដែលមានសក្តានុពលទាំងអស់ឱ្យមានទីផ្សារ និងជួយណែនាំដល់កសិករឬផលិតករនៅក្នុងស្រុក ដែលជួបប្រទះបញ្ហាថ្លៃដើម ដើម្បីធ្វើការណែនាំឱ្យផលិតករទាំងអស់នោះអាចនឹងកាត់បន្ថយថ្លៃដើម បង្កើនគុណភាពផលិតផល រក្សានិរន្តភាពនៃការផលិត ដើម្បីធានានូវទីផ្សារមួយដែលមាននិរន្តភាព និងទីផ្សារមួយដែលអាចទទួលយកក្នុងការស្រូបយកបាននូវទំនិញរបស់កម្ពុជា»។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ក្រុមការងារនឹងយកចិត្តដាក់លើផលិតផលអាទិភាពមួយចំនួនដែរ ដូចជាស្រូវ អង្ករ ពោត ដំឡូង មៀនប៉ៃលិន ចេក ស្វាយចន្ទី ម្រេច ក្រូច និងគ្រាប់ធុញ្ញាជាតិចំនួនទៀត ដែលអាចជាទំនិញសក្តានុពលផលិតផលកសិកម្មកម្ពុជា សម្រាប់ទីផ្សារនាំចេញទៅក្រៅប្រទេស និងផ្តោតលើបញ្ហាពាណិជ្ជកម្មតាមព្រំដែន។

លោកថា៖«យើងនឹងពិនិត្យក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មទីផ្សារតាមព្រំដែន ដែលកន្លងមកយើងតែងជួបប្រទះថា ជូនកាលព្រំដែនខាងកើតបិទដោយសារមូលហេតុផ្សេងៗរបស់ប្រទេសជាមិត្ត ជូនកាលព្រំដែនខាងលិចក៏បិទ ដូច្នេះទំនិញយើងមានការកកស្ទះ។ អ៊ឹចឹងហើយ! ក្រុមការងារនេះមានភារកិច្ចពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលើការដោះស្រាយបញ្ហាមួយចំនួន ដែលទាក់ទងបញ្ហាពាណិជ្ជកម្ម ទាក់ទងនឹងការបិទព្រំដែនជាមួយប្រទេសជិតខាង ដើម្បីសម្រួលជាពិសេសនៅពេលដែលទំនិញកកស្ទះម្តងៗយើងអាចសុំឱ្យភាគីមិត្តជួយសម្រាល»។

លោកបញ្ជាក់បន្ថែមថា ក្រុមការងារនេះទើបតែបានបង្កើតថ្មីៗក្នុងខែសីហា ឆ្នាំ២០២១នេះទេ ហើយក្រុមការងារនឹងធ្វើការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការណែនាំកសិករឱ្យជ្រើសរើសពូជជី ផ្តល់ដំណឹងជាមុនទាក់ទងនឹងទីផ្សារ និងលើកកម្ពស់ស្តង់ដាផលិតផលកម្ពុជាឱ្យស្មើនឹងផលិតផលស្តង់ដាអន្តរជាតិ៕