លោក ងៀប តៃសុង ប្រមូលផលខ្ទឹមប្រេស៊ីល(រូបភាពពីលោក ងៀប តៃសុង កាលពីថ្ងៃទី២៧សីហា)

លោក ងៀប តៃសុង ដែលរងការព្រមានពីមន្រ្តីបន្ទាប់ពីលោកឈូសសាលាដចោលហើយបង្ហោះហ្វេសប៊ុក បានលើកឡើងថា បានសម្រេចចិត្តឈប់ដាំសាលាដ ក្រោយពីឈូសចោលអស់ប្រហែល១២០តោន ដោយសារគ្មានទីផ្សារ ហើយបច្ចុប្បន្ន លោកផ្ដោតការដាំខ្ទឹមភាគច្រើនវិញ ដែលជាប្រភេទពូជខ្ទឹមពីប្រេស៊ីល។ ក្រៅពីនេះលោកក៏ប្រកាសលក់ពូជខ្ទឹមនេះតាមហ្វេសប៊ុកទៅដល់កសិករដទៃទៀត។

លោក ងៀប តៃសុង កសិករនៅស្រុកស្អាងខេត្តកណ្ដាល បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១កញ្ញានេះថា លោកបានដាំខ្ទឹមប្រេស៊ីលនេះរយៈជាង១០ឆ្នាំហើយ ដោយយកពូជពីប្រទេសថៃ ប៉ុន្តែដោយសារការយកពូជពីថៃមានតម្លៃថ្លៃជិត២ម៉ឺនរៀលក្នុងមួយគីឡូ​ លោកក៏សម្រចបង្កាត់ពូជដោយខ្លួនឯង និងទទួលបានជោគជ័យជាបន្តបន្ទាប់។ ស្របពេលសាសាដគ្មានទីផ្សារ លោកក៏​បាន​​ឈូសសាលាដចោល ដើម្បីពង្រីកដីដាំពូជខ្ទឹមប្រេស៊ីលនេះវិញម្ដង។

លោកថ្លែងថា៖«ការនាំចូលពីថៃត្រូវចំណាយលុយច្រើន ហើយខ្លះយកមកអត់ល្អទេ ដល់អ៊ីចឹងទើបខ្ញុំបែកគំនិតថាយកមើមណាល្អមកបង្កាត់ពូជដោយខ្លួនឯង។ តាំងពីសាលាដថោកហ្នឹងមក ខ្ញុំអត់ដាំរហូត សូម្បីមកដល់ឥឡូវ ក៏នៅតែថោក ហើយឥឡូវខ្ញុំប្ដូរមកដាំខ្ទឹមច្រើនវិញ ព្រោះវាបានផលជាង ទោះបីជាយ៉ាងណាក៏វាមិនខាតចុងខាតដើមដែរ»។

លោកបន្តថា ការដាំខ្ទឹមប្រេស៊ីលនេះ អាចប្រមូលផលក្នុងរយៈពេលខ្លី គឺការដាំយកស្លឹកចំណាយពេលត្រឹមមួយខែកន្លះ និងការដាំ​យកមើមត្រូវចំណាយពេលត្រឹម៣ខែ។ កសិកររូបនេះឲ្យដឹងទៀតថា មើមខ្ទឹមមានតម្លៃពី៧ពាន់ទៅជាង១ម៉ឺនរៀលក្នុងមួយគីឡូ រីឯ​ស្លឹកមានតម្លៃ២ពាន់រៀនក្នុងមួយគីឡូ ដែលភាគច្រើននៃមើមខ្ទឹមលោកលក់ទៅឲ្យកសិករក្នុងស្រុកស្អាង និងបាត់ដំបង។

លោកថ្លែងទៀតថា៖«នៅលើទីផ្សារ ស្លឹកថោកលក់បានតែមួយគឺឡូ២ពាន់រៀល ហើយមើមយើងលក់មួយគីឡូ៧ពាន់ ឬជាង១ម៉ឺន។ ការដាំខ្ទឹមនេះ ទោះថោក ឬថ្លៃអីក៏នៅតែមានឈ្មួញមកទិញរហូត អត់ដែលឈូសចោលទេ»។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់ពីលោក ប៊ុន ទួនស៊ីមុំណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល​បាននោះទេ ដោយសារលោកថារវល់រួចក៏ចុចបិទទូរសព្ទ។

កាលពីខែឧសភាកន្លងទៅ លោក ងៀប តៃសុង ដែលបានដាំសាលាដ ខ្ទឹម និងអំពៅលើផ្ទៃដី៦ហិកតា គឺបានសម្រេចចិត្តឈូសសាលាដចោលប្រមាណ១២០តោន ដែលធ្វើឱ្យលោកត្រូវខាតបង់ទឹកប្រាក់ជិត៣ម៉ឺនដុល្លារ ដោយសារគ្មានទីផ្សារ។ លោកបានបង្ហោះ​តាមបណ្ដាញសង្គមហ្វេសបុកនូវរូបភាពឈូសសាលាដចោលនោះ ដើម្បីឱ្យរដ្ឋាភិបាលជួយរកទីផ្សារឱ្យ ប៉ុន្តែផ្ទុយទៅវិញ មន្រ្តីកសិកម្មបានចុះទៅណែនិងឱ្យលោកធ្វើកិច្ចសន្យាបញ្ឈប់ ការថតបង្ហោះរូបភាពនៃការឈូសបន្លែសាលាដចោលនោះ៕