អ្នកជំងីកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័នកាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ រូបភាព៖ហ្វេសប៊ុក

ភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី៣១សីហាម្សិលមិញ បានធ្វើឱ្យមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ រងការជន់លិចយ៉ាងខ្លាំង ប៉ុន្តែទឹកជំនន់បានលិចត្រឹមរយៈពេលកន្លះម៉ោងក៏បានស្រកទៅវិញអស់ ហើយអ្នកជំងឺក៏មិនបានជម្លៀសទៅកន្លែងផ្សេងដែរ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកនេះថា កាលពីយប់មិញមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ និងកន្លែងមួយចំនួនទៀតនៅក្នុងក្រុងនេះ។

លោកថ្លែងដូច្នេះថា៖«វាលិចគ្រប់តែកន្លែងក្នុងរយៈកន្លះម៉ោងវាស្រកអស់ហើយ វាអត់មានអីធំដុំទេ យើងកាត់បន្ថយបានច្រើនហើយ មុនលិចមួយថ្ងៃអីនោះ ឥឡូវតែ២០នាទីអីអស់ហើយ»។

លោកបន្ថែមថា មូលហេតុដែលធ្វើឱ្យលិច ដោយសារតែភ្លៀងខ្លាំង ហើយធ្លាក់ក្នុងរយៈពេលជិត៣ ម៉ោង ដែលធ្វើឱ្យទឹកហូរចូលប្រព័ន្ធលូមិនទាន់។

ចំណែកលោក ស៊ី ឌី អធិការក្រុងសិរីសោភ័ណបានលើកឡើងថា ភ្លៀងមួយមេធំពីចន្លោះម៉ោង៩ទៅម៉ោង១០កាលពីយប់មិញ មិនបានធ្វើឱ្យលិចជ្រៅខ្លាំងនោះទេ កន្លែងដែលលិចខ្លាំងជាងគេ គឺត្រឹមជង្គង់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរបង្អែកក្រុងសិរីសោភ័ណ គឺសុទ្ធសឹងតែអ្នកមានជំងឺទូទៅ ហើយពួកគេក៏មិនត្រូវបានជម្លៀសនោះដែរ។

លោកថ្លែងថា៖«វាអត់លិចខ្លាំងទេ កន្លែងជ្រៅបំផុតត្រឹមជង្គង់។ កន្លងមកវាធ្លាប់មានដែរ ប៉ុន្តែគ្រាន់តែវាភ្លៀងមិនសូវខ្លាំង វាលិចម៉ាភ្លែតវាបាត់វិញទៅ។ ប៉ុន្តែយប់មិញភ្លៀងយូរ ចូលជិត២ម៉ោងកន្លះ ដូច្នេះប្រព័ន្ធទឹកយើងហូរវាអត់ទាន់»។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧កញ្ញា ដែលកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយប្រព័ន្ធសម្ពាធទាប ហើយចាប់ពីថ្ងៃទី២ដល់ទី៤កញ្ញា កម្ពុជាក៏មានឥទ្ធិពលបន្ថែមពីខ្យល់សមុទ្រ Breeze។ ការទទួលរងឥទ្ធិពលបែបនេះ នឹងធ្វើឱ្យតំបន់នីមួយៗនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតមធ្យមទៅខ្លាំង ជាពិសេសតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង៕

សឹម សល់ម៉ា