កញ្ញា អ៊ឹម ស្រីនិ អាយុ២៨ឆ្នាំ ជាមន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងជាគ្រូពេទ្យជួរមុនព្យាបាលអ្នកជំងឺ​កូវីដ​១៩​ បានស្លាប់កាលពីយប់ថ្ងៃទី២៩សីហានេះដោយសារឆ្លងជំងឺកូវីដ១៩ និងបើទោះបីជានាងបានចាក់វ៉ាក់សាំងការពារបានចំនួន​២​ដូសរួចរាល់ហើយក្ដី។

យោងតាមលិខិតចូលរួមរំលែកទុក្ខរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃចន្ទទី៣០សីហានេះបានលើកឡើង​ថា ការបាត់បង់កញ្ញា អ៊ឹម ស្រីនិ គឺជាការបាត់បង់បុគ្គលិកសុខាភិបាលមួយរូបដែលបានលះបង់កម្លាំងកាយចិត្តដើម្បីរួមចំណែកថែរក្សាអ្នកជំងឺកូវីដ១៩។ សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញការស្លាប់របស់គ្រូពេទ្យរូបនេះពី លោក ម៉ម ប៊ុន​ហេង និងលោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានទេដោយទូរសព្ទមិនអាចទាក់ទងបាន។ ចំណែកលោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាល ក៏មិនទាន់បានឆ្លើយតប បន្ទាប់ពីសារព័ត៌មានខ្មែរបានដាក់សំនួរតាម​ប្រព័ន្ធតេឡេក្រាម។

ប៉ុន្តែបើតាមការលើកឡើងពីលោកស្រី យក់ សម្បត្តិ មន្រ្តីនាំពាក្យក្រសួងសុខាភិបាលដែរនោះ បានប្រាប់សារព័ត៌មានហ្វ្រេសញូវថា កញ្ញា អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩និងព្យាបាលនៅខេត្តព្រះសីហនុ ប៉ុន្តែដោយសារជំងឺធ្វើទុកខ្លាំង នាងក៏ត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ព្រីមៀម សែនសុខ និងបានតែរយៈពេល២ថ្ងៃ នាងក៏ទទួលមរណភាព។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក កញ្ញា ស្រីនិ បានបង្ហោះកាលពីខែមេសាឆ្នាំ២០២១នេះថា ឆ្នាំថ្មីចូលមកដល់ ប៉ុន្តែនាងនៅតែបន្តបំពេញបេសកកម្ម ខណៈនាងក៏ចង់ជួបជុំគ្រួសារដូចពលរដ្ឋទូទៅដែរ។ ចំណែនៅក្នុងថ្ងៃទី២៣កុម្ភៈ នាងក៏បានបង្ហោះរូបភាពរបស់ខ្លួនជាមួយកាតសម្គាល់ដែលបានចាកវ៉ាក់សាំងទាំងពីរដូររួច និងបានសរសេរថា នាងបានចាកវ៉ាក់សាំងការពារជំងឺកូវីដរួចហើយ។ នៅថ្ងៃទី២៧កុម្ភៈ នាងក៏បានបង្ហោះតាមហ្វេសប៊ុកម្ដងទៀតដោយរូបភាពរបស់ខ្លួនដែលទើបដោះសំលៀកបំពាក់ពេទ្យការពារជំងឺកូវីដចេញ និងបានសរសេរសារថា នាងបានយកបេះដូងមកមើលថែអ្នកជំងឺ ហើយបានស្នើឱ្យមិត្តភក្ដិនៅក្នុងហ្វេស​ប៊ុករបស់នាង ចូលរួមអនុវត្តតាមក្រសួងសុខាភិបាល ដូចជាលាងដៃ ពាក់ម៉ាស់និងរក្សាគន្លាតដើម្បីគេចផុតពីការឆ្លងជំងឺកូវីដ។

លោក ហែម សម្បត្តិ ដែលអះអាងថាជាបងប្អូនជីដូនមួយរបស់កញ្ញា អ៊ឹម ស្រីនិ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃចន្ទនេះថា កញ្ញាគឺជាកូនពៅនិងជាកូនស្រីតែម្នាក់គត់នៅក្នុងគ្រួសារដែលមានបងប្អូនបង្កើតចំនួន៣នាក់ ខណៈបងប្រុសទាំងពីរនាក់របស់​កញ្ញា បានរៀបការមានប្រពន្ធទៅរស់នៅផ្សេង និងនៅសល់តែកញ្ញាដែលរស់នៅជាមួយឪពុកម្ដាយ។ លោកបន្តថា កញ្ញា អ៊ឹម ស្រីនិ គឺជាមនុស្សឧស្សាហ៍ក្នុងការងារនិងតែងទទួលបានការកោតសរសេរពីមិត្តភក្ដិពេទ្យបម្រើការងារជាមួយគ្នានិងពីមន្រ្តីពេទ្យថ្នាក់លើ។

សាច់ញាតិដដែលនេះបន្តថា កញ្ញា ស្រីនិ បានក្លាយជាគ្រូពេទ្យជួរមុខឬទ័ពអាវសប្រឆាំងកូវីដ ចាប់តាំងពីកម្ពុជាចាប់ផ្ដើមការផ្ទុះឡើងក្នុងរលកទី១ ហើយពុំសូវមានពេលមកលេងឪពុកម្ដាយនៅផ្ទះឡើយ ដោយសារកញ្ញាព្រួយបារម្ភពីហានិភ័យអាចចម្លងជំងឺទៅក្រុមគ្រួសារ។ លោកបញ្ជាក់ថា កន្លងមក កញ្ញាពុំដែលប្រាប់បងប្អូនថាខ្លួនមានជំងឺប្រចាំកាយឡើយ ប៉ុន្តែក្រោយពីនាងបានឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ គឺត្រូវបានគេបញ្ជាក់ថានាងមានជាតិពុលក្នុងថ្លើមខ្ពស់ពេក ទើបមិនអាចជួយសង្គ្រោះបាន។
លោកថ្លែងដូច្នេះថា៖«គាត់ជាពេទ្យជួរមុនព្យាបាលអ្នកជំងឺកូវីដ។ ប៉ុន្តែឮថា គាត់មានជាតិពុលក្នុងថ្លើមកម្រិតខ្ពស់ពេក ដល់ពេលអ៊ីចឹង! គេថាមិនអាចជួយគាត់បាន»។

កន្លងមកមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវជាច្រើនដងថា អ្នកដែលបានចាកវ៉ាក់សាំងហើយនៅតែប្រឈមឆ្លងជំងឺ​កូវីដ​១៩​ដដែល ប៉ុន្តែការចាក់វ៉ាក់សាំងគឺជួយការពារកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កាត់បន្ថយការប្រឈមចូលទៅសម្រាកនៅមន្ទីរពេទ្យ ឬកាត់បន្ថយការស្លាប់ដោយសារជំងឺកូវីដជាដើម។ ចាប់តាំងពីកម្ពុជាបានរកឃើញវីរុសបំប្លែងថ្មីដែលតា ជាប្រភេទវីរុសឆ្លងលឿននិង​កាច​​សាហាវឆ្លងចូលកម្ពុជាតាមរយៈពលករមកពីប្រទេសថៃមក គឺមានបុគ្គលិកសុខាភិបាលរាប់សិបនាក់ ត្រូវបានក្រសួងសុខា​ភិ​បាលប្រកាសថា បានឆ្លងជំងឺកូវីដ១៩។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានបើយុទ្ធនាការចាក់វ៉ាក់សាំងឱ្យមន្រ្តីជួរមុននៅតាមព្រំ​ដែនទាំងអស់ គឺចាកវ៉ាក់សាំងអាស្រ្ដាហ្សណេហ្កាជាដូសទី៣សម្រាប់អ្នកដែលចាក់វ៉ាក់សាំងចិនទាំងពីរដូសរួច ដូចជាស៊ីណូវ៉ាក់និងស៊ីណូហ្វាម៕