
រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី៣០សីហានេះ បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា លក្ខខណ្ឌបំពេញតម្រូវភូតគាមអនាម័យរយៈពេលជិត២ឆ្នាំមកនេះ ដើម្បីអាចនាំចូលផ្លែមៀនទៅទីផ្សារប្រទេសចិន គឺកម្ពុជាទើបសម្រេចបាន២ដំណាក់កាលប៉ុណ្ណោះ និងនៅសល់៥ដំណាក់កាលទៀតទើបសម្រេច។
លោក វេង សាខុន បានលើកឡើងថា ដំណាក់កាលដែលទើបសម្រេចបាននោះ មានដូចជាដំណាក់កកាលស្នើរសុំបើកទីផ្សារ និងដំណាក់កាលវាយតម្លៃហានិភ័យសមាសភាពចង្រៃ។ លោកបន្តថា ចំណែកដំណាក់កាលនៅសល់ មានដូចជាការចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្ម ការរៀបចំសេចក្តីសម្រេចពិធីសារ ការចុះហត្ថលេខា ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងពិធីសារ ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ និងដំណាក់កាលសម្រេចចិត្តបើកទីផ្សារ។
លោកសរសេរដូច្នេះថា៖«មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលចាំបាច់ត្រូវឆ្លងកាត់ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលាជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់»។
ការលើកឡើងនេះ បន្ទាប់ពីលោកបានបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃសុក្រសប្ដាហ៍មុនថា កាលពីថ្ងៃទី២៥សីហា ភាគីចិនបានផ្តល់ដំណឹងពីការវិវត្តបានមួយកម្រិតបន្ថែមទៀត ក្នុងការស្នើសុំបើកផ្លូវពីកម្ពុជាដើម្បីនាំចេញផ្លែតាង៉ែនឬផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បន្ទាប់ពីក្រសួងកសិកម្មបានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់អគ្គរដ្ឋបាលគយរបស់ចិន តាំងពីខែមិថុនាឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ។
លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិនឬតាង៉ែន បានប្រាប់ខ្មែរណាស់នៅថ្ងៃទី៣០សីហានេះដែរថា ករណីកកស្ទះមៀនប៉ៃលិនមិនអាចពឹងតែលើការជួយទិញពីនាយករដ្ឋមន្ត្រីអស់នោះទេ ព្រោះចំនួនមៀនមានច្រើនតោនណាស់។
លោកថ្លែងដូច្នេះថា៖«ផ្លែមៀននេះមានបណ្តាក់គ្នាដូចស្រូវប្រាំងដូច្នេះដែរ។ គឺនៅចន្លោះខែ៩ដល់ខែ២ជាដើមដែលមានតិចមានច្រើន។ ដូចជាអត់មាន(ទីផ្សារ)ទៅណាកើតទេ គ្រាន់តែបានលក់នៅក្នុងស្រុកបានបន្តិចបន្តួច ក្រៅពីការប្រមូលទិញរបស់រាជរដ្ឋាភិបាល»។
កន្លងមក ក្រុមអ្នកដាំមៀនបានលើកឡើងថា ផ្លែមៀនប៉ៃលិនជាង៥ម៉ឺនតោន ប្រឈមជ្រុះចោល ដោយសារគ្មានទីផ្សារនាំចេញ បន្ទាប់ពីប្រទេសថៃបិទមិនឱ្យនាំចូល ខណៈការចរចាបើកទីផ្សារទៅចិន ក៏មិនទាន់បានសម្រេច៕
- ដើម្បីកសាងសមត្ថភាព និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឯកជនឌីជីថល សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ចុះអនុស្សរណៈយោគយល់ ជាមួយកម្មវិធី ពេទ្យយើង - នៅថ្ងៃទី 20/05/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា (ប្រកាសឡើងវិញ) - នៅថ្ងៃទី 18/02/2022
- ឱកាសការងារនៅអង្គភាពសារព័ត៌មានឌីជីថល ខ្មែរណាស់ - នៅថ្ងៃទី 03/11/2021