រូបឯកសារ៖ អ្នកធ្វើការ​នៅក្នុង​ឈុត​ការពារ​ដើរកាត់​ស្ថានីយ​រថភ្លើង Hankou នៅមុន​ថ្ងៃ​នៃ​ការចាប់ផ្តើម​ធ្វើចរាចរណ៍​ឡើងវិញ​​​នៅ​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei ភាគកណ្តាល ប្រទេស​ចិន កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

រដ្ឋធានីវ៉ាស៊ីនតោន — ស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ប្រាប់លោក​ប្រធានាធិបតី Joe Biden ​ថា​ ខ្លួននៅ​មិនទាន់​សន្និដ្ឋាន​បាន​ទាំង​ស្រុងនៅ​ឡើយ​ទេអំពីប្រភពនៃ​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​បានពិនិត្យ​មើលព័ត៌មាន​នានា។​ ជំងឺរាតត្បាត​កូវីដ​១៩ ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ២១៣លាន ​២សែន​នាក់ និង​បាន​សម្លាប់​មនុស្ស​ជាង ​៤លាន ​៤សែន​នាក់ នៅ​ជុំវិញ​ពិភព​លោក​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៩​មក។​ នេះ​បើតាមទិន្នន័យ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ បាន​បញ្ជា​ឲ្យទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក ​ធ្វើ​របាយ​កាណ៍​ក្នុង​រយៈពេល​៩០​ថ្ងៃ​ ដើម្បីកំណត់​ថា​ តើ​វីរុស​កូរូណា​ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ទី​ក្រុង ​Wuhan ​ប្រទេស​ចិន​នោះ ​គឺ​ជា​លទ្ធផល​នៃ​ការ​ឆ្លង​ពី​សត្វ​ទៅ​លើ​មនុស្ស ឬជា​ការ​បែក​ធ្លាយ​ចេញ​ដោយ​ចៃដន្យ​ពី​មន្ទីរ​ពិសោធន៍​នៅ​ក្នុងទីក្រុង ​Wuhan។

លោក​ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ពិនិត្យប្រភពនៃ​ការឆ្លង​រាតត្បាត​ បន្ទាប់ពី​អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ ចេញ​របាយ​ការណ៍​ដោយ​ផ្អែក​តាម​ការស៊ើប​អង្កេត​របស់​ខ្លួន។ ​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បង្ហាញ​ថា​ ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង​នេះ​ ទំនង​ជាបណ្តាល​មក​ពីការ​ឆ្លង​ពី​សត្វ​ទៅ​លើ​មនុស្ស។ ​របាយ​ការណ៍​នេះបាន​ទទួល​រង​នូវ​ការ​រិះគន់​ថា​ ​មិនមាន​លក្ខណៈ​ពេញ​លេញ​ ដោយ​សារ​តែ​រដ្ឋាភិបាល​ចិន​ មិន​បាន​សហការក្នុង​ការ​ស៊ើប​អង្កេត​របស់​អង្គការ​នេះ។

នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក ​បានផ្តល់របាយ​ការណ៍សម្ងាត់​ទៅឲ្យ​លោក ​Biden ​កាល​ពី​ថ្ងៃ​អង្គារ។​ នេះ​បើតាម​ការ​ផ្សព្វ​ផ្សាយ​របស់បណ្តាញ​ព័ត៌មាន​អាមេរិក។​ មន្ត្រី​មួយ​ចំនួន​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ ផ្នែក​ខ្លះ​នៃ​របាយ​ការណ៍​នេះ ​នឹង​ត្រូវចាត់​ថា ​មិន​សម្ងាត់ ​ហើយ​នឹង​បញ្ចេញ​ជូន​សាធារណជន​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​The Associated Press, Reuters​ និង​ Agence France-Presse