ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ឲ្យកម្មករ - កម្មការនីរោងចក្រ កាលពីថ្ងៃទី៦ឧសភា(រូបភាពពីក្រសួងការងារ)

ដើម្បីបង្កើតឱ្យមានភាពស៊ាំសហគមន៍រឹងមាំពិតប្រាដកមួយ ការពារអាយុជីវិតពលរដ្ឋពីមេរោគកូវីដបំប្លែងថ្មីដែលតា និងប្រ​ភេទ​វីរុសបំប្លែងខ្លួនដទៃទៀត និងដើម្បីឈានទៅបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ រដ្ឋាភិបាលសម្រេចដាក់ចេញ​គោល​នយោបាយចាក់វ៉ាកសាំងដូសជំរុញដល់ប្រជាជនទូទៅដែលមានអាយុចាប់ពី១២ឆ្នាំឡើង។ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ​ឱ្យពលរដ្ឋនេះ ត្រូវចាប់ផ្ដើមពីខែសីហាឆ្នាំ២០២១ រហូតទៅដល់ពាក់កណ្ដាលឆ្នាំ២០២២ ប៉ុន្តែការចាក់នេះ ត្រូវឈរលើគោល​ការណ៍​ស្ម័គ្រចិត្តពីពលរដ្ឋនិងមិនគិតថ្លៃ។ នេះបើតាមសេចក្ដីសម្រេចមួយរបស់នាយករដ្ឋមន្រ្តី ចេញផ្សាយនៅថ្ងៃទី២៥សីហានេះ។

សេចក្ដីសម្រេចនេះបន្តថា ការសម្រេចចាក់វ៉ាក់សាំងដូសជំរុញ ដោយសារមានការស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្ដពីប្រទេសជាច្រើនបានបង្ហាញថា ក្រោយការចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសហើយ គឺកម្រិតភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ១៩ អាចមានត្រឹម​រយៈពេលពី៦ទៅ៨ខែ ឬអាចខ្លីជាងនេះសម្រាប់មនុស្សវ័យចាស់និងអ្នកមានប្រព័ន្ទការពាររាងកាយខ្សោយ ហើយការចាក់ដូសជំ​រុញ​ អាចបង្កើតភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនបានកាន់តែប្រសើរឡើងថែមទៀត ប្រឆាំងវីរុសដែលតានិងប្រភេទវីរុសបំប្លែងថ្មីផ្សេងទៀត។

ការប្រកាសចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញឱ្យពលរដ្ឋទូទៅនេះ គឺក្រោយពីរដ្ឋាភិបាលបានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញដោយប្រើប្រាស់វ៉ាក់សាំង អាស្រ្ដាហ្សេនីកា ចាក់ទៅឱ្យមន្រ្តីរដ្ឋាភិបាលនិងមន្រ្តីរាជការនៅថ្នាក់ជាតិ ចាប់ពីឧបនាយករដ្ឋមន្រ្តីចុះ និង​មន្រ្តី​នៅខេត្តជាប់ព្រំដែនថៃ រួមទាំងមន្ត្រីយោធា តាំងពីដើមខែសីហា និងបានសង្កេតឃើញថា ទោះមានការចាក់វ៉ាក់សាំងប្រ​ភេទ​​ដូចគ្នាឬខុសគ្នា គឺមិនបង្កឱ្យមានផលរំខានលើសពីការចាក់ដូសទី១ឬដូសទី២នោះទេ។ ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺត្រូវចាប់ពីតំបន់ដែលមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងប្រជាពលរដ្ឋដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មុខនឹងបន្តទៅចាក់ឱ្យពលរដ្ឋទូទៅតាមអភិក្រម«ផ្ការីក»។

នៅក្នុងសេចក្ដីប្រកាសដដែលបន្តថា ដើម្បីបង្កើនល្បើននៃការចាក់ដូសជំរុញនិងដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ រដ្ឋា​ភិ​បាលបានលើកទឹកចិត្តឱ្យអ្នកមានលទ្ធភាព គួរទៅទទួលវ៉ាក់សាំងដូចជំរុញតាមគ្រឹះស្ថានសុខាភិបាលឯកជនដែលមានការបង់ប្រាក់ ហើយរោងចក្រ សហគ្រាស ឬម្ចាស់អាជីវកម្ម គួរតែជួយរ៉ាប់រងការចំណាយលើការចាក់វ៉ាក់សាំងដូសជំរុញឱ្យបុគ្គលិករបស់ខ្លួន។

ការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសជំរុញលើពលរដ្ឋ គឺស្របពេលក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៥សីហានេះថា កម្ពុជាបានរកឃើញអ្នកឆ្លងរុស«ដែលតា» ចំនួន៣២៥ករណីទៀត ដែលឆ្លងក្នុងរាជធានីខេត្តចំនួន២៣ ហើយវីរុសបំប្លែងថ្មីនេះ កំពុងវាយលុកចូលក្នុងសហគមន៌ ដូចជានៅរាជធានីភ្នំពេញ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត។

ចាប់តាំង៣១មីនាមក កម្ពុជារាយការណ៌មានអ្នកឆ្លងវីរុសបំប្លែងប្រភេទ«ដែលតា»ចំនួន៣៣២៥នាក់ ក្នុងនោះស្រ្តី៦៥៤នាក់ ដែល​ភាគច្រើនកើតលើអ្នកដំណើរមកពីក្រៅប្រទេស ពលករមកពីថៃ និងវៀតណាម ហើយមួយចំនួនទៀតឆ្លងក្នុងសហគមន៌ ក្រុមហ៊ុន បុគ្គលិកសុខាភិបាល អាជីវករ មន្រ្តីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធានាគារ ដូនជីនៅវត្ត និងសិស្ស។

លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំឭកដល់ពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវភ្លេចខ្លួនឡើយ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅតាមបែបគន្លងថ្មី គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ៣ការពារនិង៣កុំ និងវិធានការថ្មីមួយទៀត គឺកុំទៅកាន់«ទីតាំង៣ជ» ដូចជាកន្លែងមានមនុស្សជួបជុំអ៊ូអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលមាន​បិទជិត។

បើតាមតួលេខពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង គឺគិតត្រឹមថ្ងៃទី២៤សីហានេះ ពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើងបានចាក់វ៉ាក់សាំង​ គឺបានកើនឡើងជាង៩លាន៩សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត១២លាននាក់៕