ទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុនៅថ្ងៃទី២៤សីហាឆ្នាំ២០២១។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

គិតត្រឹមម៉ោង៧យប់ថ្ងៃអង្គារនេះ កម្រិតទឹកភ្លៀងនៅខេត្តព្រះសីហនុ បានកើនឡើងដល់កម្ពស់១៨៨មីលីម៉ែត្រហើយ។ រដ្ឋបាលខេត្តបានអំពាវនាវតាមទំព័រហ្វេសប៊ុក ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងមិនត្រូវធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនមានភាពចាំបាច់។

ជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ លោក ឃាង ភារម្យ មន្រ្តីនាំពាក្យខេត្តព្រះសីហនុបាន​ប្រាប់សារព័ត៌មានខ្មែរខ្លីតាមតេឡេក្រាមថា ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងធ្វើផ្នែកខ្លះនៃត្រូវជន់លិច។ លោកបន្តថា អាជ្ញា ធរកំពុងតាមដានអំពីស្ថានភាពទឹកជំនន់នេះ។

មន្រ្តីនាំពាក្យខេត្តរូបនេះបន្តថា ទឹកជំនន់នេះ ដោយសារក្រសួងធនធានទឹកប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង រន្ទះ និង​ខ្យល់កន្រ្តាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ដល់៣១សីហា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ដែល​​អាចបណ្ដាលឲ្យកើតមានជ្រលងសម្ពាធទាប ITCZ ជាថ្មីផងដែរ។

រូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញ ឡាននិងម៉ូតូបានអណ្ដែតតាមទឹកហូតស្ថិតនៅតាមដងផ្លូវស្ថិតនៅភូមិ​៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ។

គ្រោះទឹកជំនន់នេះបានកើតឡើង ប៉ុន្មានម៉ោងក្រោយពីក្រសួងធនធានទឹកប្រកាសថា បណ្តាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅខ្លាំង និងលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ហើយនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រ។

ក្រសួង​បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ទាក់ និងរលកសមុទ្រនេះ៕