បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤សីហានេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង រន្ទះ និង​ខ្យល់កន្រ្តាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ដល់៣១សីហា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ដែល​អាចបណ្ដាលឲ្យកើតមានជ្រលងសម្ពាធទាប ITCZ ជាថ្មីផងដែរ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា បណ្តាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពី មធ្យមទៅខ្លាំង និងលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើនជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ដោយឡែក តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ហើយនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រ។

ក្រសួង​បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ទាក់ និងរលកសមុទ្រ៕