ការចាក់ដីលុប បឹងតាមោក (រូបភាពពី សមាគមធាងត្នោត )

ផ្ទៃបឹងតាមោកចំនួន២០ហិកតាទៀតត្រូវបានរដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជនធ្វើជាកម្មសិទ្ធិ គឺបន្មានខែក្រោយពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ថ្វីត្បិតមានការរិះគន់ពីពលរដ្ឋនិងសង្គមស៊ីវិល គឺលោកនឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែម​ទៅឱ្យឯកជនដើម្បីអភិវឌ្ឍ ឬសម្រាប់សាងសង់អាគារថ្មីធ្វើការរបស់មន្រ្តីរាជការ និងមន្ទីរពេទ្យជាដើម។

បើតាមអនុក្រឹតមួយដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៧មេសាឆ្នាំ២០២១បានបញ្ជាក់ថា ផ្ទៃបឹងតាមោក​២០​ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានប្រគល់ទៅលោកស្រី សាម ចេង ធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន វីអូឌីនៅថ្ងៃទី២១សីហានេះ។

បឹងតាមោកដែលមានផ្ទៃជាង៣,២៣៩ ដែលត្រូវរដ្ឋាភិបាលចេញអនុក្រឹត្យសម្រាប់អភិរក្សតាំងពីឆ្នាំ២០១៦ គឺជាបឹងធំជាងគេក្នុងរាជធានីភ្នំពេញ និងមានសារៈសំខាន់ផ្នែកបរិស្ថាន ដូចជាជួយការពារទឹកជំនន់ ជាអាស្ដុកទឹកស្អាតលក្ខណៈធម្មជាតិ និងជា​បឹង​សម្បូរ​ធនធានត្រីនិងបក្សី។ ប៉ុន្តែមកដល់ពេលនេះ ផ្ទៃបឹងប្រហែល១០០០ហិកតាត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ទៅឱ្យឯកជននិងស្ថាបនរដ្ឋ ដើម្បីពង្រីកក្រុងបន្ថែមទៀត។

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករការ ប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកមិនទាន់​ដឹងថាការកាត់ផ្ទៃបឹងតាមោក២០ហិកតាឱ្យលោកស្រី សាម ចេង ដើម្បីយកទៅធ្វើអ្វីនោះទេ។

កាលពីថ្ងៃទី២២មករា សម្ដេច ហ៊ុនសែន នាយករដ្ឋមន្រ្តីលើកឡើងថា លោកនឹងបន្តកាត់ផ្ទៃបឹងតាមោក ជាបន្តបន្ទាប់ទៅឲ្យពល​រដ្ឋថែមទៀត ព្រោះការកំណត់អនុក្រឹតតំបន់ការពារបឹងតាមោកនេះ គឺប៉ះពាល់ដល់ស្រែប្រាំងរបស់រដ្ឋពល។ លោកបន្ត​ថា កន្លងកន្លង​ការលុបផ្នែកខ្លះនៃបឹងតាមោកនិងបឹងជាច្រើនទៀតនៅរាជធានីភ្នំពេញ គឺដើម្បីអភិវឌ្ឍពង្រីកទីក្រុង។ លោកបន្ថែម​​ទៀត​ថា ការលុបបឹង មិនមែនទើបតែកើតមានក្នុងជំនន់ដែលលោកដឹកនោះទេ សូម្បីតែវិមានឯករាជ្យក៏ត្រូវលុបព្រែកដើម្បី​សាង​សង់ដែរ​។

លោកថ្លែងដូច្នេះថា៖«ទីក្រុងភ្នំពេញបានពង្រឹកពីជាង៣០០ទៅជាង៧០០គីឡូម៉ែត្រការ៉េហើយ។ អ៊ីចឹង បានជាខ្ញុំមានការធុញទ្រាន់ជាមួយនឹងការលើកឡើងច្រំដែលៗនៃមនុស្សមួយចំនួនដែលថាយើងលុបបឹងនេះ ឬបឹងនោះ។ នៅទីក្រុងភ្នំពេញសុទ្ធតែបឹងទាំងអស់ ផ្ទះរបស់ខ្ញុំនៅគឺនៅលើព្រែក វិមានឯករាជ្យកសាងនៅកន្លែងព្រែក។ អ៊ីចឹង!យើងមានបឹងរាំង បឹងព្រលិត បឹងកេងកង គឺសុទ្ធតែបឹងទាំងអស់នៅភ្នំពេញ ចុះហេតុអ្វីក៏គេអាចលុបបាន? ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន? ក្រែងយើងត្រូវការអភិវឌ្ឍ បើត្រូវការអភិវឌ្ឍគឺត្រូវការលុប។ គេលុបបឹងធ្វើទីក្រុងអស់ហើយ ចំណែកឯងមកជេរ ដូច្នេះអារឿងអ្នកជេរៗទៅ យើងធ្វើនៅតែធ្វើ»។

ចំណែកលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានស្នើឲ្យស្ថាប័នពាក់ព័ន្ធពិចារណាឡើងវិញចំពោះសេចក្តីសម្រេចរបស់ខ្លួន និងគួររក្សាបឹងធម្មជាតិដែលជាធនធានកម្រ ស្របតាមរដ្ឋធម្មនុញ្ញមាត្រា៥៨និង៥៩ចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋមានដូចជា ភ្នំ សមុទ្រ ទន្លេ បឹង ព្រៃឈើ គឺជាតួនាទីរដ្ឋក្នុងការរក្សាការពារបរិស្ថាន និងតុល្យភាពនៃភោគទ្រព្យធម្មជាតិ។ ដូចនេះ រដ្ឋមានកាតព្វកិច្ចទាំងផ្នែកច្បាប់និងគុណធម៌ចំពោះកិច្ចការពារធនធានធម្មជាតិ។

លោកស្រីបានសរសេរបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃនេះថា៖«ការអភិវឌ្ឍមួយត្រូវតែជាការអភិវឌ្ឍប្រកបដោយចីរភាព ដែលត្រូវផ្សារភ្ជាប់នឹងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ បើគ្រាន់តែបំពេញតែមុំណាមួយនោះ នោះមិនអាចធានានូវចីរភាពបានឡើយ»។

បើតាមសមាគមធាងត្នោត ចាប់តាំងពីឆ្នាំ១៩៩៩ មានបឹងចំនួន១៦ក្នុងចំណោម២៦នៅភ្នំពេញ ត្រូវបានចាក់ដីលុបបំពេញ និង​បឹងចំនួន១០ទៀតត្រូវបានលុបផ្នែកខ្លះ ដើម្បីសាងសង់បុរី តំបន់លំនៅឋាន និងទីក្រុងរណប។ សមាគមនេះឲ្យដឹងទៀតថា ការចាក់លុបបឹងអាចធ្វើទីក្រុងភ្នំពេញប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ការបាត់បងពូជត្រី និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋមូលដ្ឋាន៕