
នៅព្រឹកថ្ងៃទី១៨សីហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់លោកដោយបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលបានឯកភាពនឹងការស្នើសុំរបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីកុំអនុញ្ញាតដល់ក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាយដ៍ គ្រុប ដែលស្នើសុំអនុញ្ញាតនាំជ្រូករស់១លានក្បាលក្នុងមួយឆ្នាំពីប្រទេសថៃចូលកម្ពុជា ដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងដើម្បីនាំចេញបន្តទៅប្រទេសវៀតណាម។
លោក វេង សាខុន ក៏បានបង្ហោះសេចក្តីប្រកាសរបស់ក្រសូងកសិកម្មកាលពីថ្ងៃទី១៦កក្កដាឆ្នាំ២០២០ថា រដ្ឋាភិបាលគួរលើកទឹកចិត្តក្រុមហ៊ុននេះ បង្វែរទុនមកវិនិយោគលើកសិដ្ឋានចិញ្ចឹមជ្រូក និងបង្កើនផលិតកម្មផលិតចំណីសត្វ ដែលអាចជួយជំរុញដល់ការដាំពោត ដំឡូង កន្ទក់សល់ពីផលិតកម្មអង្ករ និងបង្កើតការងារក្នុងស្រុកជាច្រើនផ្សេងទៀត និងអាចបង្កើនតម្លៃផលិតផលក្នុងស្រុកក៏ដូចជាបង្កើនការងារដល់កសិករនៅតាមជនបទផង។
សេចក្ដីប្រកាសបន្តថា កាលពីខែមករាឆ្នាំ២០២០ ក្រសួងកសិកម្មបានធ្វើការកាត់បន្ថយចំនួននាំចូលជ្រូករស់ពីបរទេសពី២០,៤០០ក្បាលក្នុងមួយថ្ងៃ មកត្រឹម៦,៣០០ក្បាលក្នុងមួយថ្ងៃ ក្នុងគោលបំណងបង្កើនផលិតកម្មសត្វជ្រូកក្នុងស្រុក និងរកទីផ្សារជូនកសិករ ក្រុមហ៊ុនចិញ្ចឹមជ្រូក សមាគមអ្នកចិញ្ចឹមសត្វ និងដើម្បីបំពេញនូវតម្រូវការចាំបាច់តែ១៨%ប៉ុណ្ណោះ។ ការកាត់បន្ថយនាំជ្រូកចូលពីបរទេសនេះ បានធ្វើឱ្យតម្លៃនៃជ្រូករស់មានការកើនឡើង ការផ្គត់ផ្គង់មានស្ថេរភាព ក្នុងរង្វង់តម្លៃចន្លោះពី ១១០០០រៀល ដល់១២៨០០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃនេះប្រជាកសិករ អ្នកចិញ្ចឹមសត្វ អ្នកបរិភោគសាច់ជ្រូកអាចទទួលយកបាន នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទាំងពីរកន្លងមក៕
- ក្រុមការងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េ ចុះពិនិត្យមើលទីតាំងគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ - នៅថ្ងៃទី 13/07/2022
- សន្និសីទថ្នាក់ខេត្តរវាងអាជ្ញាធរតំណាងរដ្ឋាភិបាល យុវជន និងសហគ្រិនស្ត្រីមកពីខេត្តចំនួន៦នៅខេត្តសៀមរាប - នៅថ្ងៃទី 09/07/2022
- ឱកាសការងារនៅក្រុមហ៊ុនខ្មែរណាស់ ឌីជីថល មេឌា - នៅថ្ងៃទី 30/05/2022