លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។រូបភាព៖WhO

អង្គការសុខភាពពិភពលោកបានលើកឡើងថា ការមានសុទិដ្ឋិនិយមចំពោះវ៉ាក់សាំង អាចបង្កគ្រោះថ្នាក់ ព្រោះការចាក់វ៉ាក់សាំងរួចហើយ មិនមែនមានន័យថាគួរតែឈប់អនុវត្តវិធានការបង្ការផ្សេងៗនោះទេ ដូចការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងការចៀសវាងជួបជុំគ្នាផ្សេងៗ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩នោះទេ។ 

ការចេញផ្សាយព័ត៌មានរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាកាលពីថ្ងៃទី១២សីហាម្សិលមិញបានលើកឡើងថា ការចាក់វ៉ាក់សាំងតែមួយមុខមិនមែនជាដំណោះស្រាយនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ជាច្រើននៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលវាអាចជួយកាត់បន្ថយមិនឱ្យឈឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។

អង្គការនេះបន្ត៖«យើងអាចទប់ស្កាត់ការចម្លងនេះបាន លុះត្រាតែយើងបន្តអនុវត្តអន្តរាគមន៍សុខភាពសាធារណៈ និងប្រកបដោយប្រសិទ្ធភាព គួបផ្សំនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ការដែលអនុវត្តបែបនេះ វានឹងអនុញ្ញាតឱ្យបណ្តាអាជីវកម្ម និងវិស័យផ្សេងៗទៀតអាចបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋអាចប្រកបមុខរបបចិញ្ចឹមជីវិតរបស់ពួកគេប្រកបដោយសុវត្ថិភាព»។

អង្គការសុខភាពពិភពលោកបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលសម្រេចជោគជ័យដ៏ធំមួយដោយបានចាក់វ៉ាក់សាំងដល់ពលរដ្ឋពលរដ្ឋចំនួន៨លាននាក់ ឬស្មើនឹង៨០ភាគរយនៃគោលដៅ១០លាននាក់ ហើយក្នុងនោះមានបុគ្គលិកសុខាភិបាលប្រមាណជា៩៧ភាគរយបានចាក់វ៉ាក់សាំងរួច រួមទាំងប្រជាជនវ័យចំណាស់ជាច្រើនរួមទាំងអ្នកដែលរស់នៅតាមជនបទក៏បានចាក់ដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍ថា៖«ភាពក្លាហាន ការយល់ចិត្ត និងសេចក្តីស្រលាញ់ដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះប្រទេសជាតិ និងមនុស្សជាទីស្រលាញ់របស់ខ្លួន តែងតែជម្រុញចិត្តខ្ញុំ។ ជាមួយនឹងសកម្មភាពបុគ្គល និងសមូហភាព យើងនឹងយកឈ្នះនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩បាន»។

ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោកបញ្ជាក់ថា ជំងឺរាតត្បាតនេះនៅទីឆ្ងាញពីទីបញ្ចប់ ខណៈដែលមានសញ្ញាថយចុះនូវការចម្លង និងការស្លាប់នៅតាមខេត្តមួយចំនួន ប៉ុន្តែមានហានិភ័យនៃការកើនឡើងនៃករណីកូវីដ១៩ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី ដែលគេស្គាល់ថាងាយឆ្លងបំផុតនាពេលបច្ចុប្បន្ននេះ។ គ្មានវិធានការណាមួយ អាចទប់ស្កាត់ចម្លងបាននោះទេ គឺទាមទារឱ្យមានការរួមបញ្ជូលគ្នាប្រកបដោយប្រសិទ្ធភាពនៃវិធានការសុខភាពសាធារណៈ ព្រមទាំងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង៕