ក្រុមគ្រូពេទ្យចុះយកសំណាកនៅតាមផ្ទះ កាលពីថ្ងៃទី១៦ ឧសភា (រូបពី គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ)

សាលារាជធានីភ្នំពេញបានលើកឡើងថា ​មានពលរដ្ឋមួយចំនួនបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯងហើយវិជ្ជ​មាន ប៉ុន្តែ បានព្យាយាមលាក់បាំងអាជ្ញាធរ និងលួចប្រើប្រាស់ថ្នាំពេទ្យនិងព្យាបាលបែបបុរាណដោយខ្លួនឯង ដែលអាចធ្វើឲ្យស្ថាន​ភាពជំងឺកូវីដ១៩វិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី១២សីហាម្សិលមិញនេះ។
សេចក្ដីជូនដំណឹងបន្តថា អាជ្ញាធរបានដាក់ឲ្យដំណើរការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញានៅតាម​ផ្ទះចាប់តាំងពីថ្ងៃទី១២កក្ដដាមក ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ឲ្យបានទាន់ពេលវេលា ប៉ុន្តែក្នុងរយៈពេលអនុវត្តកន្លង​មក គឺមានពលរដ្ឋមួយចំនួនបានប្រើប្រាស់តេស្តរកអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯងហើយវិជ្ជមាន និងបានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬការព្យាបាលបែបបុរាណ្យដោយខ្លួនឯង ដែលធ្វើឲ្យអ្នកជំងឺមួយចំនួនវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ ទើបរាយការណ៍​មក​មន្រ្តី​សុខាភិបាលឬអាជ្ញាធរ។

សាលាក្រុងលើកឡើងថា ការប្រើប្រាស់ថ្នាំពេទ្យឬការព្យាបាលបែបបុរាណដោយខ្លួនឯងនេះ គឺមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលអាចឲ្យបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ និងបង្កហានិភ័យចម្លងជំងឺកូវីដ១៩ដល់គ្រួសារ និងសហគមន៌។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់ពីលោក ម៉េត មាសភក្ដី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញដើម្បីបញ្ជាក់អំពីចំនួនពលរដ្ឋដែលបាក់បាំងព័ត៌មានខ្លួនឆ្លងកូវីដទៅអាជ្ញាធរនេះបានទេ ដោយសារលោកមិនលើកទូរសព្ទ។

ទោះជាយ៉ាងណា សាលាក្រុងបានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃ១២កក្ដដា មកដល់ពេលនេះ ភ្នំពេញមានអ្នកជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យព្យាបាលតាមផ្ទះសរុបចំនួន៤២៤១នាក់ ក្នុងនោះជាសះស្បើយ១២៥៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន​២៩​៨៤​នាក់។
សាលាក្រុងព្រមានថា ក្នុងករណីអាជ្ញាធររកឃើញថា មានបុគ្គលណាមួយបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ទទួលបាន​លទ្ធផលវិជ្ជមាន ហើយមិនព្រមរាយការណ៌ដល់អាជ្ញាធរ ឬមន្រ្តីសុខាភិបាល បុគ្គលនោះនឹងត្រូវប្រឈមពិន័យជាទឹកប្រាក់ ក៏ដូច​ជាការប្រឈមនឹងទោសដាក់ពន្ធនាគារ។ សាលាក្រុង ក៏បានស្នើឲ្យពលរដ្ឋដែលរស់នៅក្បែផ្ទះរបស់បុគ្គលសង្ស័យថាមានជំងឺ​កូវីដ​១៩ កំពុងលួចលាក់សម្រាក់ព្យាបាលដោយខ្លួនឯងដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៌បន្ទាន់មកកាន់រដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋាន៕