និយតករឱសថរបស់ប្រទេសចិនបានអនុម័តជាលើកដំបូងឱ្យសាកល្បងការចាក់វ៉ាក់សាំងលាយគ្នា។ នេះបើតាមក្រុមហ៊ុនមួយដែល​​​ពាក់ព័ន្ធនឹងការសិក្សានេះបានលើកឡើងកាលពីថ្ងៃអង្គារទី១០សីហា ខណៈប្រទេសចិនកំពុងប្រឈមការកើនឡើងករណីឆ្លងនៃវីរុសដែលតា ហើយមានមន្ទិលសង្ស័យអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងផលិតក្នុងស្រុកដើម្បីប្រឆាំងនឹងវីរុសនេះ។

ការសាកល្បងនេះ នឹងសិក្សាអំពីប្រសិទ្ធភាពនៃការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលផលិតឡើងពីបច្ចេកវិទ្យាបុរាណDNA ដោយក្រុមហ៊ុនក្នុងស្រុកនៅប្រទេសចិន ជាមួយនឹងវ៉ាក់សាំងមួយប្រភេទដែលផលិតឡើងដោយក្រុមហ៊ុនឱសថអាមេរិកឈ្មោះថា Inovio។ សេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុនឱសថចិនឈ្មោះ Advaccine Biopharmaceuticals Suzhou បានបញ្ជាក់ថា ការសាកល្បងចាក់វ៉ាក់សាំងលាយគ្នាជាមួយក្រុមហ៊ុនដៃគូអាមេរិកនេះ នឹងធ្វើឡើងនៅក្នុងប្រទេសចិនតែម្ដង។

ប្រធានក្រុមហ៊ុនចិននេះបានលើកឡើង ការសាកល្បងដំបូងមួយបានរកឃើញថា ការចាក់វ៉ាក់សាំងពីរប្រភេទចូលគ្នា គឺជួយបង្កើត​អង់ទីគ័រឬកងការពារនៅក្នុងខ្លួនកាន់តែខ្លាំងជាងមុនដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩

ការសាកល្បងការចាក់វ៉ាក់សាំងបញ្ចូលគ្នានៅចិននេះ បន្ទាប់ពីវ៉ាក់សាំងផលិតឡើងរួមគ្នាដោយក្រុមហ៊ុនអាមេរិកPfizerនិងក្រុម​អាល្លឺម៉ង់BioNTech និងវ៉ាក់សាំងModerna ដែលផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ(RNA) គឺមានអត្រាជោគ​ជ័យ​ក្នុងការប្រឆាំងវីរុសបំប្លែងថ្មីដែលតារហូតលើសពី៩០%។

ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោកបានលើកឡើងថា វាមិនទាន់មានទិន្នន័យបង្ហាញថា ការចាក់វ៉ាក់សាំងពីរប្រភេទចូលគ្នា មានសុវត្ថិភាពឬជួយជំរុញប្រព័ន្ធភាពស៊ាំឡើយ។

ប៉ុន្តែការសាកល្បងអំពីការចាក់វ៉ាក់សាំងបញ្ចូលគ្នានេះ ស្របពេលប្រទេសចិនកំពុងប្រយុទ្ធនឹងការផ្ទុះឡើងការឆ្លងជំងឺកូវីដ១៩ដ៏អាក្រក់បំផុតនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលមន្រ្តីចិនបានលើកឡើងថា អ្នកឆ្លងទាំងនោះមួយចំនួន គឺបានចាក់​វ៉ាក់សាំងរួចហើយ។ ប្រឈមនឹងបញ្ហានេះ មានការអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំទាំងពីររបស់ចិន គឺក្រុមហ៊ុនស៊ី​ណូ​វ៉ាក់​និងក្រុមហ៊ុនស៊ីណូហ្វាម ត្រូវផ្ដល់ទិន្នន័យបន្ថែមអំពីប្រសិទ្ធភាពវ៉ាក់សាំងរបស់ពួកគេក្នុងការប្រឆាំងវីរុសដែលតា៕