រូបភាពពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

នៅថ្ងៃទី១០សីហានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៩៩នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន១២៥នាក់ ស្លាប់១៧នាក់ និងជាសះស្បើយ៨៨២នាក់។ នេះគឺជាលើកដំបូងដែលករណីឆ្លងប្រចាំថ្ងៃបានធ្លាក់មកត្រឹមជាង៤០០នាក់ នៅក្នុងរយៈពេលជាង១ខែចុងក្រោយនេះ។

គិតមកដល់ពេលនេះ កម្ពុជាបានរាយការណ៍មានអ្នកឆ្លងជំងឺកូវីដ១៩សរុប៨ ២,៨៩៨នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសសរុប១២,២៣៥នាក់ ស្លាប់កើនដល់១,៦០២នាក់ និងជាសះស្បើយវិញកើនដល់៧៧,០៣៧នាក់។ កម្ពុជាបានរាយការណ៍មានករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះត្រឹម៤៧១នាក់កាលពីថ្ងៃទី២០ខែមិថុនាកន្លងទៅ ប៉ុន្តែក្រោយមក ករណីឆ្លងបានកើនឡើងជាបន្តបន្ទាប់ រហូត​ធ្លាប់មានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចំនួន១១៣០នាក់ ដែលក្រសួងបានរាយការណ៍នៅថ្ងៃទី៣០ខែមិថុនាកន្លងទៅ។

ទោះជាយ៉ាងណា បើគិតចាប់តាំងពីថ្ងៃទី២ខែសីហានេះ ចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃបានថយចុះមកក្នុងរង្វង់ជាងជាង៥០០​ករណីប៉ុណ្ណោះ។ ការណីឆ្លងបន្តថយនេះ ស្របពេលចំនួនអ្នកបានចាក់វ៉ាក់សាំងបានកើនឡើងប្រមាណ៨លាននាក់ដែលក្នុងនោះកុមារជាង៣ម៉ឺននាក់ នេះបើតាមតួរលេខចុងក្រោយរបស់ក្រសួងសុខាភិបាល។ ក្រសួងរដ្ឋាភិបាលជឿជាក់ថា កម្ពុជានឹងអាចមានភាពស៊ាំគ្រប់គ្រងទៅនឹងវីរុសកូវីដ១៩ ប្រសិនបើចាក់វ៉ាក់ឱ្យពលរដ្ឋបានចំនួន១០លាននាក់។

រដ្ឋាភិបាលទើបបានចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀត បន្ទាប់ពីរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីដែលតាជាង​៣៨០​ករណីចាប់ពីថ្ងៃទី៣១មីនាមកដល់ថ្ងៃទី៨សីហា ដោយក្នុងនោះគឺបានរាលដាលដល់រាជធានីខេត្តជិត២០ ហើយខេត្តខ្លះជាករណីឆ្លងនៅក្នុងសហគមន៍។ រដ្ឋាភិបាលព្រួយបារម្ភថា ការចាប់ផ្ដើមឆ្លងរាលដាលនៃវីរុសដែលតានេះ អាចនាំឱ្យកម្ពុជាឆ្លងក្នុងសហគមន៍ទ្រុងទ្រាយធំនិងនាំឱ្យមានគ្រោះមហន្តរាយ ប្រសិនបើពលរដ្ឋបន្ធូរបន្ធយវិធានការការពារខ្លួន។

វីរុសបំប្លែងថ្មី«ដែលតា»ដែលគេរកឃើញដំបូងនៅខែធ្នូ២០២០ក្នុងប្រទេសឥណ្ឌា ត្រូវបានពិភពលោកចាត់ទុកថា ជាវីរុសព្រួយបារម្ភ​​បំផុតនាពេលនេះ។ វាអាចវាយប្រហារលើមនុស្សដែលបានចាក់វ៉ាក់សាំងហើយនៅក្នុងប្រទេសជាច្រើន ហើយវាក៏បានបង្ហាញសមត្ថភាពអាចចម្លងលើមនុស្សមិនទាន់ចាក់វ៉ាក់សាំងបានច្រើនជាងវីរុសកូវីដប្រភេទដើមដែលមិនទាន់បំប្លែង។

អង្គការសុខភាពពិភពលោក(WHO)ចាត់ថ្នាក់វីរុស«ដែលតា» ជាវីរុសបំប្លែងគួរឲ្យព្រួយបារម្ភ ព្រោះមានន័យថា វាបង្ហាញពីសមត្ថភាព បង្កើនការចម្លងកាន់តែខ្ពស់ ធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ឬកាត់បន្ថយប្រសិទ្ធភាពវ៉ាក់សាំងនិងការព្យាបាល។ ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញថា មនុស្សដែលឆ្លងវីរុស«ដែលតា» គឺបានផ្ទុកវីរុសនៅក្នុងច្រមុះច្រើនជាងអ្នកឆ្លងកូវីដប្រ​ភេទ​​ដើមរហូត១,២៦០ដង។ កូវីដប្រភេទដើម ចំណាយពេលរហូត៧ថ្ងៃទើបចេញរោគសញ្ញា ប៉ុន្តែកូវីដ«ដែលតា» គឺចេញរោគសញ្ញា​ពី​២ទៅ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីឆ្លង ដែលវាធ្វើឲ្យប្រព័ន្ធការពាររាងកាយ មានពេលតិចជាងមុនក្នុងការឆ្លងតបនិងប្រឆាំងទៅនឹងវីរុស។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានReuters កាលពីពេលថ្មីៗនេះ៕