ឡានស្រូវកកស្ទះនៅតាមព្រំដែនកម្ពុជា វៀតណាម និងលោក ឡោ ប៊ុណ្ណា ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិឌ្ឍន៍កសិកម្មកម្ពុជា។ រូបភាព៖ បណ្តាញសង្គមហ្វេសប៊ុក និងCARDI

នាយកវិទ្យាដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ជំរុញឱ្យកសិករគួរនាំគ្នាដាំពូជស្រូវប្រភេទសែនក្រអូបមិនប្រកាន់រដូវឱ្យបានច្រើន ព្រោះវាមានតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ។ ការលើកឡើងនេះ ស្របពេលក្រុមកសិករមួយចំនួនកំពុងជួបប្រទះបញ្ហាកកស្ទះស្រូវពិបាកនាំចេញនិងធ្លាក់ថ្លៃខ្លាំង ដោយសារពួកគាត់ជ្រើសរើសដាំពូជស្រូវដែលនាំចូលពីវៀតណាម។

លោក លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួងកសិកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៩សីហានេះថា កសិករគួរងាកមកដាំពូជស្រូវសែនក្រអូបមិនប្រកាន់រដូវវិញម្ដង ព្រោះប្រភេទពូជស្រូវនេះ មានភាពសមស្របខ្ពស់សម្រាប់ការនាំចេញទៅក្រៅប្រទេស និងមិនងាយប្រឈមបញ្ហាធ្លាក់ថ្លៃឡើយ។

លោកថ្លែងថា៖«ពូជស្រូវមួយចំនួនដែលយើងឃើញថាធ្លាក់ថ្លៃ ដោយសារគាត់ដាំតាមឈ្មួញ ដែលគេកុម្ម៉ង់ ដូចជាគេយកពូជពីវៀតណាមមកដាំ។ ឈ្មួញគេផ្អាកទិញពូជស្រូវហ្នឹងអត់ដឹងទៅណាទេ។ ចំណុចហ្នឹងហើយដែលជាបញ្ហា។ ដូច្នេះ! កសិករមួយចំនួនគួរតែងាកមកខាងរោងម៉ាស៊ីន ឬមករកខាងសហព័ន្ធស្រូវអង្ករក្នុងស្រុកវិញទៅ ក្នុងករណីគេត្រូវការពូជ ឬស្រូវប្រភេទណា ផលិតតាមស្តង់ដាគេទៅ គឺមានទីផ្សារ»។

លោកបន្តថា ពូជស្រូវសែនក្រអូបនេះ គឺជាពូជមិនប្រកាន់រដូវឡើយ គឺអាចដាំបានទាំងរដូវវស្សានិងរដូវប្រាំង ហើយមានអាយុកាលជាង៤ខែនឹងអាចប្រមូលផលបាន។ ពូជស្រូវប្រភេទនេះ គឺសមស្របក្នុងការដាំដាំក្នុងតំបន់ទំនាបកណ្តាល ហើយស្រូវដែលប្រមូលផលបានភាគច្រើន គឺត្រូវបានខាងរោងម៉ាស៊ីនជាអ្នកទិញនិងកិន ដើម្បីនាំចេញទៅក្រៅប្រទេស។ លោកបន្ថែមថា នៅតាមតំបន់មួយចំនួន ខាងវិទ្យាស្ថានបានចុះទៅបង្រៀនដល់សហគមន៍ផ្ទាល់ក្នុងការផលិតពូជស្រូវសែនក្រអូបនេះ និងមានរោងម៉ាស៊ីនមួយចំនួនក៏បានទាក់ទងមកវិទ្យាស្ថានឱ្យផលិត និងយកទៅលក់បន្តដែរ។

លោកថ្លែងទៀតថា៖«ពូជបើសិនជាគាត់ទិញពូជបន្សុទ្ធគ្រឹះពីខាងវិទ្យាស្ថានរៀងថ្លៃបន្តិច(៣ដុល្លារកន្លះក្នុងមួយកន្លះ)។ ប៉ុន្តែនៅពេលដែលគាត់យកទៅផលិត ហើយគាត់យកធ្វើតមិនថ្លៃទេ ១គីឡូប្រហែលជា៦កាក់ឬស្មើ២៦០០រៀល ដែលគាត់(កសិករ)ទិញយកទៅដាំ»។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកររុក្ខាប្រមាញ់បានប្រាប់សារព័ត៌ខ្មែរណាស់តាមតេឡេក្រាមដែរថា ក្រសួងបានព្យាយាមជំរុញនិងលើកទឹកចិត្តកសិករឱ្យដាំដុះស្រូវក្រអូបនេះ ដោយសារវាជាប្រភេទពូជស្រូវទទួលបានទិន្នផលខ្ពស់ ហើយក្រសួងកំពុងខិតខំពង្រីកទីផ្សារតាមរយៈវិស័យឯកជន ដែលកន្លងមក ស្រូវសែនក្រអូបទទួលបានការគាំទ្រ។ លោកបន្តថា ក្រសួងក៏បានធ្វើកិច្ចសន្យាផលិតស្រូវក្រអូបសរីរាង្គសម្រាប់បម្រើការនាំចេញ និងជួយគាំទ្រជំនួយបច្ចេកទេសនិងថវិកាដល់សកម្មភាពផលិតស្រូវក្រអូប និងពូជ តាមរយៈគម្រោងនានា។

ចំណែកលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងដែរថា ស្រូវសែនក្រអូបនេះទើបតែទទួលបានការរៀបចំបង្កាត់ជាពូជគ្រឹះចេញជាផ្លូវការនៅឆ្នាំ២០១៩ ដូច្នេះ!ជារឿងល្អមួយសម្រាប់កម្ពុជាដែលមានពូជសម្រាប់តំណាងប្រទេសច្បាស់លាស់។ លោកបន្តថា ស្រូវសែនក្រអូបត្រូវបាននាំចេញទៅក្រៅប្រទេសហើយ ប៉ុន្តែមិនមែនពូជគ្រឹះ។

លោកថ្លែងដូច្នេះថា៖«អ្វីដែលយើងកំពុងធ្វើនេះ គឺយើងកំពុងរៀបចំចុះបញ្ជីពូជនេះដើម្បីការពារ ហើយធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយជាងមុន។ ទាក់ទងនឹងតម្លៃគឺប្រសិនជាអង្ករហ្នឹងល្អ ពូជសុទ្ធត្រឹមត្រូវ និងមានគុណភាព គឺខាងរោងម៉ាស៊ីន និងអ្នកនាំចេញ នឹងទិញក្នុងតម្លៃមួយល្អសមស្របក្នុងការនាំចេញ»។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មធ្លាប់លើកឡើងកន្លងមក គឺកម្ពុជាមានផ្ទៃដីដាំស្រូវប្រភេទបង្កើនរដូវក្នុងរដូវប្រាំងប្រហែល៨០០ពាន់ហិកតា ដែលជាប្រភេទស្រូកសិករបានទិញពូជពីប្រទេសវៀតណាមមកដាំដុះហើយសម្រាប់តែនាំចេញទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះ ហើយស្រូវប្រភេទនេះមិនមែនជាតម្រូវការរបស់រោងម៉ាស៊ីនកិនស្រូវនិងសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ទិញដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិឡើយ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាCCFC បានលើកឡើងថា ទាក់ទងនឹងប្រភេទពូជស្រូវសែនក្រអូបនេះ កសិករមិនទាន់មានលទ្ធភាពទិញពូជនេះទៅដាំដុះឡើយ ព្រោះវាមានតម្លៃថ្លៃ ហើយកសិករទទួលព័ត៌មានអំពីទីផ្សារជាតិ និងអន្តរជាតិនៅមានកម្រិត។

លោកថ្លែងថា«ដូច្នេះ! ទាមទារឱ្យមានការសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ហើយត្រូវពិនិត្យពីតម្លៃ ឬសម្រួលតម្លៃណាមួយដែលអាចធ្វើឱ្យកសិករទិញបាន ហើយចែកចាយពូជក្រអូបនេះបានទៅដល់កម្រិតមូលដ្ឋានរបស់ពួកគាត់។ បើតម្លៃវាថ្លៃ ហើយពិបាកក្នុងការរកទិញ ខ្ញុំគិតថាការជំរុញនេះមិនទទួលបានផលប្រសើរនោះទេ»។

លោកបន្តទៀតថា ការផ្លាស់ប្តូរទម្លាប់កសិករឱ្យមកដាំពូជថ្មី វាត្រូវការទាមទារពេលវេលា ធនធាន និងមធ្យោបាយផ្សេងៗទៀតសម្រាប់ផ្សព្វផ្សាយ។ ដូច្នេះ! វិធីសាស្ត្រល្អត្រូវសិក្សាពីលទ្ធភាព និងសមត្ថភាពរបស់កសិករជាមុនសិន ទើបអាចផ្តល់អនុសាស្រ្ត និងជំរុញឱ្យប្រើប្រាស់ពូជសែនក្រអូបនេះបាន។

យោងតាមហ្វេសប៊ុកលោក វេង សាខុន ដែលបង្ហោះនៅថ្ងៃទី៩សីហាបានឱ្យដឹងថា នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រណិតប្រពៃណីស្ទើរទាំងអស់ គឺអាចឱ្យកសិករដាំបានតែម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ គឺនៅរដូវវស្សា ហើយក្រសួងកសិកម្ម បានណែនាំឱ្យស្រាវជ្រាវរកពូជស្រូវក្រអូបប្រណិត ក្នុងការបង្កើនការដាំដុះនៅក្នុងប្រទេសកម្ពុជាឱ្យបានគ្រប់រដូវ។ ទំព័រហ្វេសប៊ុកដដែលបន្តថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូបដែលមិនប្រកាន់រដូវ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលធ្វើជាមេ ជាមួយស្រឡាយបា(CNi9024)ដែលមានប្រភពមកពីប្រទេសចិននិងមិនប្រកាន់រដូវនៅឆ្នាំ២០១៣៕