រូបភាពពី TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

គិតត្រឹមថ្ងៃទី២២កក្កដាដល់ថ្ងៃទី៥សីហាម្សិលមិញ កម្ពុជាបានតេស្ដរកឃើញវីរុសបំប្លែងថ្មី ដែលតា(Delta) ដែលជាប្រភេទជំងឺឆ្លងលឿននិងកាចសាហាវ សរុបចំនួន២៥១ករណី និងបានឆ្លងរាលដាលដល់១៣ខេត្តក្រុងហើយរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល។

ចំនួនឆ្លងវីរស«ដែលតា»សរុបនេះ បន្ទាប់ពីនៅថ្ងៃទី៦សីហានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសដែលតាថ្មីចំនួន៦៧ករណីទៀត ក្នុងនោះខេត្តដែលទើបរកឃើញឆ្លងថ្មីនេះ គឺខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តស្វាយរៀង។

ខេត្តក្រុងចំនួន១៣ដែលរកឃើញករណីឆ្លងវីរុសដែលតា រួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀម​រាប ​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ភ្នំពេញ ព្រៃវែង ព្រះវិហារ ស្ទឹងត្រែង និងខេត្តស្វាយរៀង។ សម្រាប់រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខា​ភិបាលប្រកាសរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី ដែលតា លើកដំបូងចំនួន៥ករណី កាលពីថ្ងៃទី១សីហា និងគិតមកដល់ថ្ងៃទី៦​សី​ហា​នេះ ចំនួនអ្នកឆ្លងវីរុសដែលតានៅរាជធានីបានកើន៣៥នាក់ ក្នុងនោះករណីនាំចូលពីប្រទេសម៉ាឡេស៊ីប្រហែល២០ករណី មកពីប្រទេសចិន៣ករណី មកពីសហព័ន្ទអារ៉ាប់រួមមួយករណី សល់ពីនោះជាពលករមកពីប្រទេសថៃ បុគ្គលិកសុខាភិបាលចំនួន៥នាក់ អ្នក​ជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតម្នាក់ អ្នកជំងឺនិងបុគ្គលិកអនាម័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតចំនួន២នាក់ និងអាជីវករលក់​នំបញ្ចុកស្រុះនៅផ្សារតូចនៅទួលគោកម្នាក់។

ចំពោះខេត្តទាំង៣ដែលទើបរកឃើញអ្នកវីរុសដែលតា គឺស្វាយរៀងមានចំនួន២នាក់ដែលជាពលករមកពីប្រទេសថៃ ហើយបានចម្លងទៅដល់ម្ដាយ។ នៅខេត្តស្ទឹងត្រែងបានរកឃើញ២នាក់ ជាពលរដ្ឋមកពីខេត្តឧត្តមានជ័យ និងមិនមែនជាអ្នកប៉ះពាល់ព​ល​ករ​មកពីថៃ និងខេត្តព្រះវិហារបានរកឃើញ៧នាក់ ជាប្រជាកសិករនៅឃុំវាលធំ ស្រុកជាំក្សាន្ត។

គិតចាប់តាំងពីថ្ងៃទី៣១មីនាមក កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី«ដែលតា» លើពលករមកពីថៃ អ្នកដំ​ណើរ​មកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិឆ្លងក្នុងសហគមន៌ចំនួន៣២៧នាក់ ក្នុងនោះស្រី១៥៧នាក់។

បើយោងតាមសេចក្ដីប្រកាសនៅថ្ងៃទី៦សីហាដដែលនេះ ក្រសួងសុខាភិបាលព្រមានថា វីរុសបំប្លែងថ្មីដែលតា កំពុងវាយលុយចូលក្នុងសហគមន៌ហើយ ជាពិសេសនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តឧត្តមានជ័យ ភ្នំពេញ សៀមរាម ព្រះវិហារ កំពង់ចាម និងកំពង់ធំ។ ក្រសួងបានក្រើនរំឭកដល់ពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវភ្លេចខ្លួនឡើយ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅតាមបែបគន្លងថ្មី គឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ៣ការពារនិង៣កុំ និងវិធានការថ្មីមួយទៀត គឺកុំទៅកាន់«ទីតាំង៣ជ» ដូចជាកន្លែងមានមនុស្សជួបជុំអ៊ូអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលមានបិទជិត៕