លោក Jordan Pisey Windle អាយុ​ ២២​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ​តំណាង​ឲ្យ​សហរដ្ឋ​ក្រុម​កីឡាករ​អាមេរិក​ដើម្បី​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​ កម្ពស់​ ១០ម៉ែត្រ ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១។ (រូបថត៖ Jordan Pisey Windle)

នៅ​ពេល​លើក​ដៃ​ឡើង​លើ​ពត់​ខ្លួន​ឲ្យ​ត្រង់​ដើម្បី​ត្រៀម​លោត​ទឹក​ពី​វេទិកា​ប្រកួត​ក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ នា​ថ្ងៃ​សុក្រ​នេះ លោក Jordan Pisey Windle នឹង​បង្ហាញ​ទង់ជាតិ​ពណ៌​ខៀវ​ក្រហម ​ស ​របស់​ប្រទេស​កំណើត​លោក គឺ​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​សុក្រ ទី ៦ ខែ​សីហា​នេះ លោក Jordan Pisey Windle អាយុ​២២​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ដែល​នឹង​តំណាង​ឲ្យក្រុម​កីឡាករ​អាមេរិក​ដើម្បី​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​កម្ពស់​ ១០ម៉ែត្រ​វគ្គដំបូង នា​ម៉ោង ១​រសៀល​ ម៉ោង​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវនឹង​ម៉ោង​ ២​ទាបភ្លឺ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្នុង​វគ្គ​ដំបូង​នេះ លោក​ Jordan Windle ត្រូវ​ប្រកួត​ជាមួយ​នឹង​កីឡាករ​២៨​នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស ១៧ ក្នុង​នោះ​រួមមាន​ដៃគូ​របស់​លោក​ម្នាក់​ដែល​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​ផងដែរ។ បើ​លោក​ទទួល​បាន​ពិន្ទុ​ខ្ពស់​មួយ លោក​នឹង​អាច​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់​នៅ​ថ្ងៃ​សៅរ៍ ទី ៧ ម៉ោង​៨​ព្រឹក​ ម៉ោង​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​ម៉ោង ៩​យប់ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ដូចគ្នា​ដែរ បើ​លោក​ទទួល​បាន​ពិន្ទុខ្ពស់​កាន់តែល្អ​លោក​នឹង​អាច​ប្រកួត​ក្នុង​វគ្គផ្តាច់​ព្រាត់ ដើម្បី​យក​មេដាយ​មាស ប្រាក់ ឬ​សំរិទ្ធ នៅ​ថ្ងៃ​សៅរ៍​ដដែល​តែ​នៅ​ម៉ោង ១១​រសៀល​ម៉ោង​នៅកម្ពុជា។ ​

នៅ​លើ​វេទិកា​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​ប្រវត្តិសាស្ត្រ​នេះ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​ដោយសារ​ជំងឺ​កូវីដ១៩ លោក Jordan Windle សង្ឃឹម​ថា​វត្តមានរបស់​លោក​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ទោះ​ឈ្នះ​មេដាយ ឬ​មិន​ឈ្នះ​នឹង​លើក​ទឹកចិត្ត​ដល់​យុវជន​និង​កុមារ​ដែល​មាន​ប្រវត្តិ​កំណើត​ស្រដៀង​នឹង​រូប​លោក​ឲ្យ​មាន​ក្តី​ស្រមៃ​ធំ​ក្នុង​ជីវិត ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំណើត​របស់​លោក​និង​នៅ​ជុំ​វិញ​ពិភពលោក។​

«[ខ្ញុំ]​សង្ឃឹម​ថា ការ​សម្រេច​បាន​គោលដៅរបស់​ខ្ញុំ ទៅ​ចូលរួម​ការ​ប្រកួតកីឡា​អូឡាំពិក​អាច​ធ្វើ​ឲ្យ​ឈ្មោះ​របស់​ខ្ញុំ​មាន​ន័យ ហើយ​អាច​ជួយ​ [ផ្តល់​កម្លាំង​ចិត្ត] ដល់​អ្នក​ដទៃ​នា​ពេល​អនាគត»។ លោក Jordan បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​Today កាលពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា​កន្លង​ទៅ។

អត្តពលិក​អូឡាំពិក​សម្បុរ​ខ្មៅ​ស្រអែម កម្ពស់​ ១ម៉ែត្រ​ ៦៥​សង់ទីម៉ែត្រ មាឌ​មាំ​និងញញឹម​ស្រស់​រូប​នេះ​ក៏​សង្ឃឹម​ថា ការ​ប្រកួត​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​លោត​ទឹក​ដ៏​ប្រសព្វ​របស់​លោក នឹង​ធ្វើ​ឲ្យ​បុគ្គល​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​លោក មាន​មោទនភាព។ បុគ្គល​ម្នាក់​នោះ គឺ​ជា​ឪពុក​ចិញ្ចឹម​របស់​លោក​ឈ្មោះ Jerry Windle។

លោក Jerry Windle បុរស​ជនជាតិ​អាមេរិកាំង​ស្រឡាញ់​ភេទ​ដូចគ្នា មាន​ក្តី​ស្រមៃ​ចង់​បាន​កូន​ចិញ្ចឹម​ម្នាក់។ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ដាក់​ពាក្យ​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​មក​ចិញ្ចឹម តាមរយៈ​ទស្សនាវដ្តី​មួយ​នៅ​ការិយាល័យ​របស់​លោក នៅ​ខែ​មិថុនា ឆ្នាំ២០០០ លោក Jerry Windle បាន​សម្រេច​ចិត្ត​ទទួល​យក Jordan Pisey Windle មក​ចិញ្ចឹម​នៅ​ទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋ​អាមេរិក។ នៅ​ពេល​នោះ លោក Jordan គឺជា​កុមារ​កំព្រា​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​លោក​មាន​អាយុ​ត្រឹម​តែ​ជិត ២ ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​VOA កាលពី​ឆ្នាំ ២០១៦ លោក Jerry Windle បាន​ឲ្យ​ដឹង​ថា លោក Jordan មាន​ទេពកោសល្យ​លោត​ទឹក​តាំង​ពី​នៅ​តូច។ ក្រោយ​ពី​បាន​រកឃើញ​ទេពកោសល្យ​របស់​ខ្លួន​មក លោក Jordan បាន​ទទួល​ការ​បង្ហាត់បង្រៀន​ជា​បន្តបន្ទាប់​ពី​គ្រូបង្វឹក​លំដាប់​ថ្នាក់​ជាតិ និង​ដ៏​មាន​ជំនាញ​ជា​ច្រើន​នាក់​របស់​សហរដ្ឋ​អាមេរិក ដូចជា​គ្រូបង្វឹក Tim O’Brien, Evan Linette, Sean McCarthy និង Greg Louganis។ បច្ចុប្បន្ន​នេះ លោក Jordan Windle ជា​កីឡាករ​ម្នាក់​ក្នុង​ក្រុម​កីឡាករ​លោតទឹក Texas Longhorns ប្រចាំ​សាកលវិទ្យាល័យ​Texas ក្នុង​ក្រុង Austin ជា​វិទ្យាស្ថាន​អប់រំ​ដែល​លោក​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។

នៅ​ពេល​មាន​អាយុ ១២ឆ្នាំ លោក Jordan Windle បាន​ក្លាយ​ជា​កីឡាករលោត​ទឹក​ដ៏​វ័យ​ក្មេង​ជាង​គេ​បង្អស់​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជម្រើស​ជាតិ​ដើម្បី​ទៅ​ប្រកួត​ក្នុង​កម្មវិធី​កីឡា​អូឡាំពិក បើ​ទោះ​បី​ជា​គេ​មិន​បាន​ឈ្នះ​ការ​ប្រកួត​នោះ​ក៏​ដោយ។

ចាប់​តាំង​ពី​បាន​ចូលរួម​ប្រកួត​កីឡា​លោតទឹក​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​មក​នេះ លោក Jordan Pisey Windle បាន​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​៧​លើក សម្រាប់​វិញ្ញាសា​កីឡា​លោត​ទឹក​វ័យ​ជំទង់​និង​ ៦លើក​សម្រាប់​វិញ្ញាសា​កីឡា​លោត​ទឹក​វ័យ​ក្មេង​នៅ​សហរដ្ឋ​អាមេរិក។

តែ​តាំង​ពី​ចាប់​យក​អាជីព​ជា​កីឡាករ​លោតទឹក​មក​ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​របស់​លោក Jordan គឺ​ក្លាយ​ជា​អត្តពលិក​អូឡាំពិក ប្រកួត​លោត​ពី​វេទិកា​ប្រកួត​ចូល​ក្នុង​អាង​ទឹក​ក្នុង​ពហុកីឡដ្ឋាន​អូឡាំពិក។

ហើយ​នៅថ្ងៃ​សុក្រ​នេះ​ក្តី​ស្រមៃ​មួយ​នេះ​នឹង​ក្លាយ​ជា​ការពិត។

​មនុស្ស​ម្នា​ទាំង​នៅ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​ដឹង​រឿងរ៉ាវ​តស៊ូ​និង​ជីវិត​គ្រួសារ​ដ៏​ស្និទ្ធស្នាល​រវាង​លោក Jordan Pisey Windle និង​ឪពុក​របស់​លោក គឺ​លោក Jerry Windle នឹង​ទន្ទឹង​រង់ចាំ​មើល​ទេពកោសល្យ​លោត​ទឹក​ដ៏​ឆ្នើម​របស់​លោក Jordan ហើយ​នឹង​អបអរ​សាទរ​អត្តពលិក​អូឡាំពិក​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ ទោះ​បើ​លោក​ឈ្នះ ឬ​មិន​ឈ្នះ​បាន​មេដាយ​អូឡាំពិក​ក៏​ដោយ៕