អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO)សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានប្រកាសដាក់ឱ្យដំណើរការគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម(vcis) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុបចំនួនជាង៥លានដុល្លារ។ នេះ​បើតាមការសេចក្ដីប្រកាសរបស់UNIDOនៅថ្ងៃទី៤កក្កដានេះ។

បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧបករណ៌ដល់សហគ្រិនកម្ពុជាក្នុងវិស័យជលផល ក្រោយ​​ប្រមូលផលរួច ដោយមានការគាំទ្រថវិការពីសហគមន៌អឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការ សហប្រជាជាតិ(UNIDO)។

កម្មវិធី VCIS គឺជាគម្រោងវិនិយោគរួមគ្នា ដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កែលម្អលក្ខខណ្ឌផលិត និងបន្ថែមតម្លៃលើផលិតផលរបស់ខ្លួនតាមរយៈទទួលបានវិញ្ញាបនប័ត្រចំណីអាហារ ដើម្បីរួមចំណែក​បង្កើនការប្រកួតប្រជែងរបស់ផលិតផលទាំងនោះនៅលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។

សេចក្ដីប្រកាសបន្តថា VCIS បានផ្ដល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងឧបករណ៌ ដល់សហគ្រិន ពិសេសម្ចាស់អាជីវកម្មជាស្រ្តី និងយុវជន ក្នុងវិស័យជលផល ក្រោយប្រមូលផល។ VCIS មានគម្រោងដាក់ទុនវិនិយោគជាង៥លានដុល្លារ ដើម្បីគាំទ្រសហគ្រាកែច្នៃផលិតផលជលផលប្រមាណ១០០កន្លែង និងផ្នែកទាក់ទងផ្សេងៗទៀតក្នុងខ្សែច្រវាក់តម្លៃផ្នែកជលផលក្រោយប្រមូលផល។ VCIS អាចផ្ដល់ការគាំទ្រចាប់ពី២៥០០0ដុល្លារ ដល់១០ម៉ឺនដុល្លារ សម្រាប់សហគ្រាសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កែលម្អប្រតិបត្តិការអាជីវកម្មឲ្យស្របតាមស្ដងដារសុវត្ថិភាពចំណីអាហារ និងតម្រូវការទីផ្សារ។

លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផល បានលើកឡើងថា VCIS នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង និងពង្រីកទីផ្សាររបស់ប្រតិបត្តិការអាជីវកម្មជលផល ក្រោយប្រមូលផលទាំងខ្នាតតូច និងមធ្យម តាមរយៈការរៀបចំឲ្យមានការអនុវត្តល្អប្រសើរ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងវិញ្ញាបនប័ត្រ បញ្ជាក់ពីសុវត្ថិភាពចំណីអាហារដែលមិនគ្រាន់តែឆ្លើយតបនឹងទីផ្សារក្នុងស្រុកប៉ុណ្ណោះនោះទេ តែរួមទាំងទីផ្សារក្នុងតំបន់ និងពិភពលោកផងដែរ។

ចំណែកលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការរបស់ប្រតិភូសហគមន៌អឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងដែរថា កម្ម​វិធី VCIS របស់គម្រោង CAPFISH បានដាក់ចេញវិធានការ យុទ្ធសាស្រ្តរយៈពេលវែង និងច្បាស់លាស់ សំដៅដល់ការគាំទ្រវិស័យជល​ផល និងប្រតិបត្តិការក្នុងវិស័យឯកជន។ ការគាំទ្រនេះនឹងផ្ដល់ជាប្រយោជន៌ដល់អាជីវកម្ម ផលិតផលជលផល តាមរយៈការបង្កើត​ការងារ ផ្ដល់ការគាំទ្រាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ពលរដ្ឋ៕