រូបភាពពី លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

សុនខចំនួន៣ក្បាល បានហិតរកឃើញក្លិនសំណាកអ្នកជំងឺកូវីដ១៩ដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។

លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានលើកឡើងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី២សីហានេះថា សុនខក្រុមទី១ចំនួន៣ក្បាល បានហិតរកឃើញក្លិនសំណាកអ្នកជំងឺកូវីដ១៩ជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវ​បឋម។ ជាលក្ខណ:បច្ចេកទេសសុនខទាំងនោះ អាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០ទៅ១៥វិនាទី។ ដោយឡែក សុន​ខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

លោកបន្តថា សំណាកអ្នកជំងឺកូវីដចំនួន៤៨ត្រូវបានយកមកហ្វឹកហ្វឺនលើសុនខចំនួន១០ក្បាល ដើម្បីបង្រៀនឲ្យចេះហិតរកក្លិនអ្នក​ផ្ទុកជំងឺកូវីដ១៩ តាមព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ គ្រប់សំណាក់ដែលយកមកធ្វើតេស្តទាំងនេះ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យPCRនិងការបណ្ដុះបណ្ដាលមេរោគ (cell culture)ពីក្រុមការងារបច្ចេកទេសសាកលវិទ្យាល័យ​វិទ្យា​សាស្ត្រសុខាភិបាលជាមុនសិន ដើម្បីធានាសុវត្ថិភាពក្នុងការហ្វឹកហ្វឺនពីក្រុមជំនាញសុនខស៊ីម៉ាក់។ លោក បន្តថា មកទល់ពេលនេះនៅពុំទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា កូវីដ១៩អាចឆ្លងមនុស្សទៅសុនខនៅឡើយទេ៕