លោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិករ(រូបភាពៈARDB)

កាលពីថ្ងៃទី២៨កក្កដា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលជាធនាគារស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្ដីជូនដំណឹងមួយទៅដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកៃឆ្នៃនាំចេញអង្ករ អំពីការត្រៀមបញ្ចេញឥណទាន និងថវិកាសម្រាប់បន្តផ្តល់ឥណទានក្នុងប្រមូលទិញស្រូវពីប្រជាកសិករក្នុងរដូវប្រមូលផលស្រូវខាងមុខនេះ។ ការចេញសេចក្ដីជូនដំណឹងនេះ ស្របពេលកសិករកំពុងត្អួញត្អែរពីតម្លៃស្រូវចុះថោក ដោយសារកកស្ទះពិបាកនាំចេញទៅវៀតណាម។

នៅក្នុងសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានលើកឡើងថា ធនាគារបានត្រៀមថវិកាចំនួនធំ និងកំពុងផ្ដល់ឥណទានជាទុនបង្វិលគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខនេះ។ សេចក្ដីប្រកានេះបន្ថែមថា ធនាគារបានទទួលថវិកាពីរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៦មក រួមទាំងមូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករ សំដៅជួយធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព។

កាលពីពេលថ្មីនេះ ស្របពេលក្រុមកសិករត្អួញត្អែរអំពីតម្លៃស្រូវចុះថោកខ្លាំង និងពិបាកនាំចេញទៅកាន់ប្រទេសវៀតណាមដែលជាទីផ្សារតែមួយគត់នោះ។ ក្រសួងកសិកម្មបានស្នើទៅក្រសួងសេដ្ឋកិច្ចឱ្យជួយបង្កើនលទ្ធភាពប្រមូលទិញស្រូវពីកសិករ ដោយសារស្រូវក្នុងស្រុកកំពុងកកស្ទះច្រើននៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តព្រៃវែង។

ប៉ុន្តែលោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី៣០កក្កដានេះថា ធនាគារបានត្រៀមថវិកាចំនូន៨០លានដុល្លារសម្រាប់ឱ្យរោងម៉ាស៊ីនកិនស្រូវខ្ចីយកទៅប្រើប្រាស់ក្នុងប្រមូលទិញស្រូវពីកសិករក្នុងឆ្នាំ២០២១នេះ។

លោកថ្លែងថា៖«ឥឡូវនេះ យើងកំពុងឱ្យខ្ចីបណ្តើរៗហើយ។ នៅពេលណារោងម៉ាស៊ីនណាមួយមានតម្រូវការទិញស្រូវហ្នឹង គឺគាត់ដាក់ស្នើមកយើងបណ្តើរៗហើយតើ»។

លោកបន្តថា ធនាគារមិនកំណត់ចំនួនថវិកាក្នុងការឱ្យរោងម៉ាស៊ីនកិនស្រូវខ្ចីនោះទេ ប៉ុន្តែត្រូវមានលក្ខខណ្ឌ ដូចជាត្រូវមានឃ្លាំងស្តុកស្រូវ​​ និងមានឡសម្ងួតឱ្យបានត្រឹមត្រូវ និងចំនួនស្រូវដែលយកមកធ្វើជាការអំណះអំណាងជាមួយធនាគារ ព្រោះធនាគារមិនទទួលយកទ្រព្យសម្បត្តិមកដាក់ធានាពីស្រូវនោះទេ។

លោកថ្លែងទៀតថា៖«ជាដំបូង! គាត់ត្រូវប្រើប្រាស់លុយផ្ទាល់ខ្លួនរបស់គាត់ដើម្បីទិញស្រូវសិន។ ហើយទិញស្រូវបានប្រហែល១ពាន់តោនហើយគាត់អាចស្នើសុំដោយសារគាត់អស់លុយ។ គាត់យកស្រូវហ្នឹងមកដាក់ស្នើសុំយើងដោយយកស្រូវហ្នឹងធានា»។

លោកបានបញ្ជាក់ទៀតថា ថវិកាដែលធនាគារឱ្យខ្ចីនេះ គឺផ្តោតសំខាន់លើការប្រមូលទិញស្រូវពីកសិករ ព្រោះកន្លងមករដ្ឋាភិបាលមានគោលនយោបាយតាំងពីឆ្នាំ២០១០ ក្នុងការជំរុញនាំចេញអង្ករទៅក្រៅប្រទេស។

លោកស្រី ទេព សុផល កសិករអាយុ៥៥ឆ្នាំដែលធ្វើស្រូវចំនួន៤ហិកតា នៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជុំ ខេត្តស្វាយរៀង បានលើកឡើងថា ការបញ្ចេញថវិកាឱ្យរោងម៉ាស៊ីនកិនស្រូវខ្ចីដើម្បីទិញស្រូវពីកសិករនេះ គឺជារឿងល្អ ប៉ុន្តែលោកស្រីថា កន្លងមកលោកស្រីមិនធ្លាប់ឃើញមានរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដើរប្រមូលទិញស្រូវពីកសិករឡើយ ខណៈបច្ចុប្បន្នស្រូវនៅក្នុងភូមិរបស់លោកស្រីដែលទើបប្រមូលផលជាង៣០តោន កំពុងកកស្ទះលក់មិនទាន់ចេញដោយសារវៀតណាមបិទព្រំដែន។

លោកស្រីថ្លែងថា៖«មិនដែលមានឈ្មួញខ្មែរយើងមកទិញទេ។ ហើយបើបានឈ្មួញខ្មែរយើងមកទិញគ្នាយើង វាស្រួលបន្តិច យើងធ្វើស្រែវាកក់ក្តៅ។ ទាំងស្រូវប្រាំងស្រូវវស្សាទាំងអស់ហ្នឹង លក់ទៅតែវៀតណាមនិយាយឱ្យត្រង់តែម្តង មិនដែលឃើញរោងម៉ាស៊ីនណាមកទិញទេ ទទេតែម្តង។ បើបានរោងម៉ាស៊ីនចុះមកទិញអរងាប់ហើយ កំពុងតែពិបាកយ៉ាងនេះ»។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័នសហគមន៍កសិករកម្ពុជា(CCFC) បានលើកឡើងថា ការណ៍រដ្ឋាភិបាលបញ្ចេញថវិកាឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសផលិតអង្ករ នោះវានឹងសម្រួលការលំបាកមួយចំនួនដល់រោងម៉ាស៊ីន និងសហគ្រាសផលិតអង្ករ ក្នុងការមានទុនទិញស្រូវពីកសិករនៅតាមសហគមន៍ ប៉ុន្តែរដ្ឋាភិបាលត្រូវធានាថា រោងម៉ាស៊ីនដែលទទួលបានថវិកា ត្រូវទទួលទិញស្រូវពីកសិករកក្នុងតម្លៃមួយសមរម្យ។

លោកថ្លែងថា៖«ប្រសិនបើរោងម៉ាស៊ីនកិនស្រូវទទួលបានថវិកាហ្នឹងហើយ ទៅទិញអង្ករផ្តល់តម្លៃទាប ឬក៏មិនបានផ្តល់តម្លៃសមរម្យនោះទេ។ ខ្ញុំគិតថាវានឹងមិនអាចដោះស្រាយបញ្ហាវិបត្តិទីផ្សារចុះថោកនៃការលក់ស្រូវរបស់ប្រជាពលរដ្ឋនោះទេ»។

លោកស្នើឱ្យរដ្ឋាភិបាលត្រូវមានយន្តការក្នុងការស្រាវជ្រាវបន្ថែមទៀត ប្រសិនបើនៅពេលដែលរដ្ឋាភិបាលបានបញ្ចេញថវិកាទៅដល់រោងម៉ាស៊ីនរួចហើយ ប៉ុន្តែបញ្ហាទីផ្សារសម្រាប់កសិករនៅតែកើតមានឡើងនាពេលខាងមុខ។

រដ្ឋមន្រ្តីក្រសួងកសិកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣កក្កដានេះថា កម្ពុជាមានផ្ទៃដីធ្វើស្រូវស្រាលឬស្រូវបង្កើនរដូវដែលកសិករនាំពូជពីវៀតណាមមកដាំប្រហែល៨០០ពាន់ហិកតា។ ពួកគាត់នាំគ្នាធ្វើស្រូវបង្កើនរដូវនេះបានរាប់លានតោនសម្រាប់នាំចេញទៅប្រទេសវៀតណាម។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃ កម្ពុជាអាចនាំចេញប្រភេទស្រូវនេះចន្លោះពី១ម៉ឺនទៅ១ម៉ឺន១ពាន់តោនទៅកាន់ប្រទេសវៀតណាម ប៉ុន្តែដោយសារជំងឺកូវីដ បានធ្វើឱ្យស្រូវទាំងនេះកកស្ទះនៅកម្ពុជា៕