សារព័ត៌មានវៀតណាមVNAបានរាយការណ៍នៅថ្ងៃទី២៨កក្កដានេះថា ក្នុងរយៈពេលកន្លះឆ្នាំកាលពីឆ្នាំ២០២០ វៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារអឺរ៉ុបឈានដល់ទឹកប្រាក់៧៨៨លានដុល្លារ ហើយទំហំនៃការនាំចេញបានកើនឡើង១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។


ប៉ុន្តែសារព័ត៌មាននេះបន្តថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ការនាំចេញត្រីប្រាទៅអឺរ៉ុបបានធ្លាក់ចុះ ដោយសារការនាំចូលប្រឈមនឹងការត្រួតពិនិត្យកាន់តែតឹងរឹង និងធ្វើឱ្យក្រុមហ៊ុននាំចេញមួយចំនួនបានងាកទៅរកទីផ្សារផ្សេង។ ស្របពេលការនាំចេញទៅអឺរ៉ុបធ្លាក់ ប៉ុន្តែវៀតណាមអះអាងថា ការនាំចេញត្រីប្រាទៅទីផ្សារនៅសហរដ្ឋអាមេរិកនិងទីផ្សារដទៃ កំពុងកើនឡើងយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់។


វៀតណាមបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក ក្រុមហ៊ុននាំចេញត្រីប្រាជិត២៥បានដកខ្លួនចេញពីទីផ្សារនៅអឺរ៉ុប ដោយងាកទៅរកទីផ្សារផ្សេង។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះអះអាងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមបានចូលជាធរមាន ដែលធ្វើឱ្យការនាំចេញត្រីប្រារបស់វៀតណាមមកទៅកាន់ទីផ្សារអឺរ៉ុបទទួលបានការអនុគ្រោះពន្ធធ្លាក់ចុះមកត្រឹម​០​ភាគរយ គឺបានបើកឱកាសដ៏ល្អសម្រាប់ឧស្សាហកម្មត្រីប្រារបស់វៀតណាម។ នៅអឺរ៉ុប វៀតណាមបានគ្រប់ទីផ្សារត្រីប្រា ដោយគ្មានដៃគូប្រកួតប្រជែងឡើយ សូម្បីប្រទេសចិននិងប្រទេសបង់ក្លាដែស ជាប្រទេសដែលបាននាំចេញត្រីប្រាទៅអឺរ៉ុបដែរនោះ។


លោក ទ្រឿង ឌិញហូ អគ្គលេខាធិការសមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាមបានលើកឡើងថា ចូលមកដល់ឆ្នាំនេះទីផ្សារលក់រាយនៅសហភាពអឺរ៉ុបបានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងដោយសារផលប៉ះពាល់នៃមេរោគកូវីដ១៩ ប៉ុន្តែឧស្សាហកម្មសេវាកម្មម្ហូបអាហារ រួមទាំងភោជនីយដ្ឋាននិងសណ្ឋាគារនៅអឺរ៉ុប កំពុងងើបឡើងវិញយឺតបំផុត។

លោកបន្តថា ដោយសារការរាតត្បាតជំងឺកូវីដ១៩ អ្នកនាំចូលនៅអឺរ៉ុបកាន់តែមានការប្រុងប្រយ័ត្នចំពោះការបញ្ជាទិញរបស់ពួក​គេ ហើយអ្នកបរិភោគត្រីនៅអ៊ឺរ៉ុប ក៏ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់នៃការបរិភោគ ដោយផ្ដោតតែលើសុវត្ថិភាពចំណីាអាហារ។
លោក​បន្តថា ពលរដ្ឋនៅអឺរ៉ុបទាមទារផលិតផលដែលមានគុណភាពខ្ពស់ ប៉ុន្តែពួកគេឱ្យក្នុងតម្លៃទាប ហើយតម្រូវការសម្រាប់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ គឺមានភាពតឹងរ៉ឹងបំផុត។

លោកបន្ថែមថា ប្រសិនបើផលិតផលត្រូវបានរកឃើញថាមិនមានការអនុលោមតាមស្ដង់ដារនោះ វានឹងត្រូវរាយការណ៍និងត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅច្រកចូល។ អ្នកបរិភោគនៅអឺរ៉ុបកាន់តែច្រើនឡើង បានទាមទារត្រីប្រាដែលបាននាំចូលត្រូវបានវិញ្ញា​បត្រ​បញ្ជាក់ផងដែរ។

ចំណែកមន្រ្តីខាងក្រសួងអភិវឌ្ឍន៍ជនបទនិងកសិកម្មវៀតណាមបានលើកឡើងថា ដើម្បីកែលម្អតម្លៃនាំចេញត្រីប្រាទៅអឺរ៉ុប គឺអ្នករកស៊ីនៅវៀតនាមចាំបាច់ត្រូវវិនិយោគនិងកែលម្អសមត្ថភាពកែច្នៃ ដើម្បីបំពេញតាមស្តង់ដារសុវត្ថិភាពនិងលក្ខខណ្ឌដ៏តឹងរឹងពីសហភាពអឺរ៉ុប៕