រូបភាព៖ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា British Embassy in Cambodia

ចក្រភពអង់គ្លេសនឹងធ្វើការបញ្ជូនវ៉ាក់សាំងចំនួន ៩លានដូសនៅសប្តាហ៍នេះ ដែលបរិច្ចាកទៅកាន់ប្រទេសជាច្រើនតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ Covax ដើម្បីជួយសម្រួលដល់ការដោះស្រាយបញ្ហាកូវីដ១៩។ ក្នុងចំណោមវ៉ាក់សាំងចំនួន ៩លានដូស វ៉ាក់សាំង ៥លានដូសត្រូវបានផ្តល់ឱ្យយន្តការ Covax ដែលយន្តការនេះ នឹងធ្វើការចែកចាយជាបន្ទាន់ដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប។ ចំណែកវ៉ាក់សាំងចំនួន ៤លានដូសទៀត នឹងត្រូវបានចែកចាយដោយផ្ទាល់ ហើយក្នុងនោះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងចំនួន ៤១៥០០០ដូសផងដែរ។​

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក Dominic Raab បានប្រកាសនៅថ្ងៃទី ២៨កក្កដា​ថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមបញ្ជូនវ៉ាក់សាំងចំនួន ៩លានដូសក្នុងសប្តាហ៍នេះ ទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាកូវីដ១៩ ដែលក្នុងនោះក៏មានកម្ពុជាដែរ។

លោក Dominic Raab មានប្រសាសន៍ថា៖« ចក្រភពអង់គ្លេសនឹងបញ្ចូនវ៉ាក់សាំង AstraZenaca ចំនួន ៤១៥០០០ដូសទៅកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការផ្តល់វ៉ាក់សាំងចំនួន ១០០លានដូសដំបូងដែលយើងបានប្តេជ្ញា ដើម្បីជួយឱ្យតំបន់ដែលក្រីក្របំផុតនៃពិភពលោក បានទទួលវ៉ាក់សាំងក្នុងករណីបន្ទាន់។ យើងកំពុងធ្វើការដើម្បីជួយអ្នកដែលងាយរងគ្រោះបំផុត ហើយក៏ព្រោះតែយើងដឹងថា យើងនឹងមិនមានសុវត្ថិភាពទេ រហូតទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព»។

វ៉ាក់សាំងដែលកម្ពុជានឹងទទួលបាននេះ គឺជាវ៉ាក់សាំងរបស់សកលវិទ្យាល័យ Oxford-AstraZeneca ដែលផលិតដោយ Oxford Biomedica នៅOxford និងវេចខ្ចប់នៅ Wrexham, North Wales។ វ៉ាក់សាំងចំនួន ៩លានដូសនេះ ជាជំហានដំបូងក្នុងចំណោមវ៉ាក់សាំង ១០០លានដូស ដែលអង់គ្លេសប្តេជ្ញាដើម្បីជួយតំបន់ក្រីក្របំផុតលើពិភពលោក។

ជាមួយគ្នានេះ លោកស្រី Tina Redshaw ថ្លែងដែរថា៖« វ៉ាក់សាំង AstraZeneca ចំនួន ៤១៥០០០ដូសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋានដើម្បីចាប់ផ្តើមអាជីវម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។ ខ្ញុំពិតជារីករាយដែលចក្រភពអង់គ្លេសប្តេជ្ញាចិត្តក្នុងការបរិច្ចាកវ៉ាក់សាំងនៅទូទាំងពិភពលោក ទាំងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ Covax ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ»។

សូមបញ្ជាក់ថា ការបរិច្ចាកវ៉ាក់សាំងចំនួន ១០០លានដូសរបស់អង់គ្លេសនេះ គឺជាការប្តេជ្ញារបស់នាយករដ្ឋមន្រ្តីអង់គ្លេស ថានឹងចែកចាយក្នុងរយៈពេលមួយឆ្នាំទៀតនៅក្នុងកិច្ចប្រជុំ G7​ កាលពីខែមុន​នៅ Cornwall ដោយ ៣០លានដូសនឹងត្រូវបញ្ជូននៅបំណាច់ឆ្នាំនេះ។ ក្នុងចំណោម វ៉ាក់សាំង ១០០លានដូស មាន៨០លានដូសត្រូវបានបរិច្ចាកតាមយន្តការកូវ៉ាក់៕