រូបភាពពីហ្វេសប៊ុក លោក ហ៊ាន វណ្ណហន និងអ៊ីនធើណិត

ស្របពេលនៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះលក់កូនដើមឈើរី(Cherry) ដែលមានពូជមកពីសហរដ្ឋអាមេរិក និងអះអាងថាជាប្រភេទឈើហូបផ្លែមិនរើសប្រភេទដី និងងាយស្រួលដាំ ហើយអាចដាំដុះចេញផ្លែនៅកម្ពុជាបាននោះ។ ប៉ុន្តែមន្រ្តីជំនាញខាងកសិកម្មបានលើកឡើងថា ដើមឈើរីមិនអាចដាំបានផ្លែនៅកម្ពុជាទេ ហើយការផ្សព្វផ្សាយលក់នោះ គឺរឿងបោកប្រាក់។ 

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មបានសរសេរបង្ហោះតាមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២៦កក្កដាថា ប្រភេទដំណាំឈើរី មិនអាចដាំដុះនៅកម្ពុជាទេ ហើយបើដាំដុះមែនក៏វាមិនចេញផ្កានិងផ្លែនោះដែរ ពីព្រោះប្រភេទដំណាំនេះ ត្រូវការដាំដុះនៅលើទឹកដីមានអាកាសធាតុត្រជាក់ត្រឹម៤អង្សាសេរ។ លោកសរសេរបន្តថា ដើមឈើរីផ្អែមត្រូវការពេលវេលាត្រជាក់ពី៧០០ម៉ោង និងឈើរីជូរត្រូវការពេលវេលា៥០០ម៉ោង។ លោកបានអំពាវនាវទៅដល់ពលរដ្ឋមិនគួរចំណាយថវិកាទិញកូនឈើប្រភេទនេះ តាមការផ្សព្វផ្សាយដែលគ្មានជំនាញនិងគ្មានសីលធម៌ធុរកិច្ច យកទៅដាំនោះទេ។

លោក ហ៊ាន វណ្ណហន ដែលធ្លាប់ជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃពុធនេះថា ការទិញលក់កូនឈើនៅស្រុកខ្មែរ គឺកសិករឬប្រជាពលរដ្ឋងាយនឹងចាញ់បោកប្រាក់ ដោយសារពូជឈើហូបផ្លែនីមួយៗ មិនមែនមានតែមួយពូជនោះទេ។

លោកថ្លែងថា៖«ខ្ញុំលើកបញ្ហាមួយទៀតដែលគួរឱ្យបារម្ភនោះ គឺរឿងកូនលម៉ើ។ លម៉ើមានរាប់សិបពូជហើយមានតែបីបួនពូជទេ ដែលដាំនៅស្រុកខ្មែរនិងថៃបាន។ ក៏ប៉ុន្តែអាចមានអ្នកយកគ្រាប់លម៉ើកៀមយកទៅបណ្តុះ ព្រោះធម្មតាស្រុកគេ លម៉ើគេដាំលម្អតាមវីឡា តាមផ្ទះ»។

លោកបន្តថា មុននឹងយកមកលក់ឱ្យកសិករ អាជីវករគួរតែមានការសិក្សា និងដកពិសោធន៍ពីដំណាំប្រភេទនោះឱ្យបានច្បាស់លាស់សិន។

លោកថ្លែងទៀតថា៖«ទីមួយ គឺយើងត្រូវដាំសាកមួយដើម ឬពីរដើម មិនមែនយកមកសាកជាលក្ខណៈពាណិជ្ជកម្មនោះទេ។ ហើយទីពីរ គឺ ការសាកល្បងនេះ អាចសាកបានលុះត្រាតែមានលក្ខណៈប្រហាក់ប្រហែល។ ឧទាហរណ៍៖ ដំណាំនេះ(ឈើរី) វារស់នៅតំបន់ត្រជាក់ក្បែរសូន្យ យើងមិនអាចយកវាមកសាកបានទេ»។

ទោះជាយ៉ាងណា អ្នកលក់ដើមឈើរីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនៅខេត្តបាត់ដំបងបានអះអាងថា ដើមឈើរីពូជមកពីអាមេរិកនេះគឺអាចដាំដុះនៅកម្ពុជានិងអាចទទួលផលបានក្នុងរយៈពេលត្រឹមតែ១៨ខែប៉ុណ្ណោះ ហើយអ្នកជិតខាងរបស់អ្នកស្រី គឺបានដាំមានផ្លែហូបរួចទៅហើយ។ ស្រ្ដីរូបនេះបន្តថា ដើមឈើរីទាំងនេះគឺយកចូលពីប្រទេសថៃ តែជាប្រភេទពូជមកពីអាមេរិក។

អ្នកស្រីបន្តថា៖«នៅប៉ៃលិនគេដាំជាចម្ការ គេលក់បានក្នុងមួយគីឡូ ២៥ដុល្លារ។ ខ្ញុំខឹងណាស់ពេលឃើញគេប្រតិកម្មថាដាំនៅខ្មែរអត់មានផ្លែ តែអ្នកទិញពីខ្ញុំទៅគេដាំឡើងមានផ្លែលក់ផ្អើលពេញម៉ាតអស់ហើយ»។

អ្នកស្រីបន្ថែមថា ឈើរីក៏មានពូជនៅក្នុងប្រទេសថៃដែរ ប៉ុន្តែប្រភេទពូជថៃនោះ មិនមានរសជាតិឆ្ងាញ់ដូចពូជឈើរីមកពីអាមេរិកនោះទេ។ អាជីវកររូបនេះបញ្ជាក់ថា ឈើរីពូជមកពីអាមេរិកលក់ក្នុងមួយដើមមានតម្លៃ៤៥០០០រៀល ខណៈពូជឈើរីមកពីប្រទេសថៃវិញ មានតម្លៃត្រឹម៣៥០០០រៀលប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានលើកឡើងដែរថា នៅក្នុងខេត្តប៉ៃលិន ពិតជាមានចម្ការដាំឈើរីមែន ប៉ុន្តែក្នុងចំនួនតិចតួចប៉ុណ្ណោះគឺមានត្រឹមប្រហែល១០០០ដើម។

លោកថ្លែងថា៖«កន្លែងខ្លះគេបានទទួលផលហើយ ហើយគេបង្កាត់កូនលក់បន្តៗ។ ពូជ(ឈើរី)គាត់យកមកពីថៃ ហើយគាត់ផ្សាំបន្តដើម្បីចែកគ្នាដាំដែរ។ ឈើរីនេះដូចឈើរីដែលគេមានលក់នៅតាមទីផ្សារ»។

មន្រ្តីកសិកម្មខេត្តប៉ៃលិនរូបនេះបញ្ជាក់ថា តម្លៃផ្លែឈើរីដែលពលរដ្ឋដាំក្នុងស្រុកនោះ គឺអាចលក់បានក្នុងតម្លៃជាង៣ម៉ឺនរៀលក្នុងមួយគីឡូប៉ុណ្ណោះ៕