នៅថ្ងៃទី២៧កក្ដដានេះ ក្រសួងសុខាភិបាលបានប្រកាសអនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំង​កូវីដ១៩ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដើម្បីចែកចាយស្របច្បាប់នៅទូទាំងប្រទេសកម្ពុជា។

ក្រសួងបញ្ជាក់ថា ការអនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាំចូលវ៉ាក់សាំងកូវីដ១៩នេះ ក្នុងគោលបំណងចែកចាយតាមកន្លែងផ្ដល់សេវាសុខភាពឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ វ៉ាក់សាំងដែលទទួលសិទ្ធិនាំចូលទាំងនេះ គឺត្រូវតែទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដោយប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូដ-១៩ នៅក្នុងឃ្លាំង ដើម្បី ធានាឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

បច្ចុប្បន្ន រដ្ឋាភិបាលបានប្រើប្រាស់ថវិការបស់សប្បុរសជន និងថវិការដ្ឋសម្រាប់ទិញវ៉ាក់សាំង ដែលវ៉ាក់សាំងទាំងអស់ គឺទិញមកពីប្រទេសចិន ដើម្បីចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃ។ គិតត្រឹមថ្ងៃទី២៦កក្កដាម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងជាង​៦លាន៨​សែន​​នាក់​ ក្នុងនោះគឺចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាមរបស់ប្រទេសចិន។

ការប្រកាសរបស់ក្រសួងសុខាភិបាលឱ្យក្រុមហ៊ុនឯកជនអាចនាំចូលវ៉ាក់សាំងនេះ ស្របពេលមន្រ្តីរដ្ឋាភិបាលធ្លាប់បានប្រកាសថា កម្ពុជាកំពុងពិចារណាចាក់វ៉ាក់សាំងដូសទី៣ឱ្យពលរដ្ឋ។ ការពិចារណានេះ ស្របពេលមានការលើកឡើងថា វ៉ាក់សាំងចិនមានប្រ​សិទ្ធ​ភាពទាបក្នុងការប្រឆាំងវីរុសកូវីដ១៩ និងត្រូវចាក់លាយគ្នាជាមួយវ៉ាក់សាំងដែលផលិតឡើងពីបច្ចេកវិទ្យាផ្សេងគ្នា ដូចជាវ៉ាក់សាំងផលិតនៅអង់គ្លេសអាស្រ្ដាសេណេហ្កា និងវ៉ាក់សាំងផលិតនៅអាមេរិកហ្វាយស័រជាដើម៕