រូបភាព៖ រដ្ឋបាលខេត្តសៀមរាប

នៅថ្ងៃទី២៧កក្ដដានេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៣៩ករណីទៀត ក្នុងនោះគឺមានពលករមកពីប្រទេសថៃចំនួន២១នាក់ និងអ្នកឆ្លងក្នុងសហគមន៍១៨នាក់។ ក្នុងចំណោមអ្នកឆ្លងក្នុង​សហ​គមន៍ទាំងនោះ គឺមានបុគ្គលិកសុខាភិបាលចំនួន៤នាក់ ពលរដ្ឋបានប៉ះពាល់ផ្ទាល់ជាមួយពលករមកពីថៃចំនួន៦នាក់ និងពល​រដ្ឋ​ក្នុង​សហ​គមន៌ដែលមិនបានប៉ះពាល់ផ្ទាល់ជាមួយពលករមកពីថៃចំនួន៨នាក់។

ក្រសួងសុខាភិបាលប្រកាសថា ពលករចំនួន២១នាក់ដែលបានចូលមកកម្ពុជាតាមច្រកព្រំដែនអូរបីជាន់ ម៉ាឡៃ អូស្មាច់ និងច្រកព្រំ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩បំប្លែងថ្មី«ដែលតា»នេះកាលពីថ្ងៃទី២២កក្កដាមានចំនួន១៤នាក់ និងនៅថ្ងៃ​ទី​២៥​កក្ដដាមានចំនួន៧នាក់។ រីឯពលរដ្ឋ៦នាក់ទៀតដែលបានឆ្លងវីរុសបំប្លែងថ្មីនេះ ដោយសារប៉ះពាល់ផ្ទាល់ជាមួយពលករមកពីប្រទេសថៃ គឺមានទីលំនៅនៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាបចំនួន៤នាក់ និងពីរនាក់ទៀតមានទីលំនៅនៅខេត្តកំពង់ធំដែល​ទៅធ្វើជាកម្មករលើកជ័រនៅក្នុងឧត្តរមានជ័យ។

ចំណែកការចូលសហគមន៍ដែលមិនប៉ះពាល់ជាមួយអ្នកពលករមកពីថៃ គឺបានធ្វើតេស្ដរកឃើញនៅថ្ងៃទី២៥កក្កដាចំនួន៨នាក់។ ក្នុងនោះមាន២នាក់នៅក្នុងខេត្តសៀមរាប ម្នាក់ជាជាងជួសជុលរថយន្តនៅខេត្តកំពង់ធំ និង៥នាក់ទៀតស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ក្នុងនោះមានម្នាក់ជាអាជីវករនៅផ្សារត្រពាំងប្រាសាទស្រុកអន្លង់វែង។ ចំណែកបុគ្គលិកសុខាភិបាល៤នាក់ គឺស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដែលម្នាក់ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាននៅថ្ងៃទី២២កក្កដា និង៣នាក់ទៀតបានធ្វើតេស្ដរកឃើញនៅថ្ងៃទី២៥កក្កដា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានក្រើនរំឭកដល់ពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវភ្លេចខ្លួនឡើយ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនតាមពាក្យស្លោកថា«រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ​៣ការពារនិង៣កុំ និងវិធានការថ្មីមួយទៀត គឺកុំទៅកាន់«ទីតាំង៣ជ» ដូចជាកន្លែងមានមនុស្ស​ជួប​ជុំ​អ៊ូអរច្រើន​ កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលមានបិទជិត ។ ទីតាំងដែលមានហានិភ័យឆ្លងខ្ពស់ទាំងនោះ ដូចជាទីតាំងទទួលទានអាហារជួបជុំគ្នា ការជួបជុំតាមពិធីភ្ជាប់ពាក្យ និងបុណ្យទានជាដើម ជាពិសេសត្រូវកាត់បន្ថយការចេញក្រៅផ្ទះឬបើមិនចាំបាច់កុំធ្វើដំណើរចេញក្រៅផ្ទះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការអំពាវនាវនេះ ដោយសារបច្ចុប្បន្ន ក្រសួសង្កេតឃើញមានសន្ទុះកើនឡើងនៃក្រុមយុវវ័យ ដែលបានដើរចេញក្រៅផ្ទះច្រើន និងមានការជួបជុំមិត្តភក្ដិជាច្រើន ដើម្បីរំលឹកឱ្យពួកគេការពារខ្លួន កុំឱ្យនាំមេរោគកូវីដចូលក្នុងផ្ទះ ចម្លងទៅកាន់សមាជិកគ្រួសារ ជាពិសេសឪពុកម្ដាយនិងយាយតាឬអ្នកមានជំងឺប្រចាំកាយ ដែលជាក្រុមមនុស្សងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺឬអាចឈានទៅដល់ការស្លាប់។

ចាប់តាំងពីថ្ងៃ៣១មិថុនាដល់ថ្ងៃទី២៥កក្ដដា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ ដែលតា សរុបចំនួន​១១៤​នាក់ ក្នុងនោះមានស្រ្តី៥៩នាក់ ហើយភាគច្រើនបំផុតគឺពលករមកពីប្រទេសថៃ។ វីរុសដែលតានេះ ត្រូវបានគេដឹងថា កំពុងឆ្លង​រាល​ដាលក្នុងសហគមន៍យ៉ាងសកម្មបំផុតនៅក្នុងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ថៃមានអ្នកឆ្លងប្រចាំថ្ងៃពីរង្វង់១ម៉ឺន៤ពាន់នាក់ទៅ​១​ម៉ឺន​៥ពាន់នាក់ និងស្លាប់ពីជាង៨០នាក់ទៅជាង១០០នាក់។ រីឯប្រទេសវៀតណាមគឺក្នុងមួយថ្ងៃមានអ្នកឆ្លងថ្មីពីជាង៧ពាន់ទៅ​៥​ពាន់​នាក់។

នៅក្នុងចំណោមប្រទេសអាស៊ានទាំងនេះ ប្រទេសឥណ្ឌូនេសកំពុងរងការវាយប្រហារពីកូវីដខ្លាំងជាង។ តាមមន្ទីរពេទ្យនៅឥណ្ឌូ​នេស៊ី កំពុងទទួលបន្ទុកលើសពីសមត្ថភាពក្នុងការទទួលព្យាបាលជំងឺ ដោយធ្វើឱ្យជំងឺឆ្លងថ្មី ត្រូវបញ្ជូនទៅសាលធំដើម្បីរង់ចាំការ​ជួយ​សង្គ្រោះ ហើយអ្នកជំងឺខ្លះទៀតបានបោះតង់សម្រាប់ដេកសម្រាកនៅខាងក្រៅអាគាររបស់មន្ទីរពេទ្យ។ នៅក្នុងប្រទេសថៃវិញ ពល​រដ្ឋ​បានផ្ទុះការខឹងសម្បារលើរដ្ឋាភិបាល បន្ទាប់ពីមានអ្នកជំងឺកូវីដដេកស្លាប់នៅលើផ្លូវ ក្រោយរង់ចាំរថយន្តពេទ្យមកដឹកទៅសង្គ្រោះ​។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា សារព័ត៌មានប្រទេសនេះបានរាយការណ៍នៅថ្ងៃទី២៦កក្កដាថា ក្នុងរយៈពេលមិនដល់ជាង២ខែ មី​យ៉ាន់ម៉ាមានអ្នកស្លាប់ដោយកូវីដជិត៤ពាន់នាក់ ស្របពេលមានការផ្ទុះការឆ្លងក្នុងរលកទី៣ ហើយវិស័យសុខាភិបាលស្ថិតក្រោមរបបយោធាបានដួលរលំ។

សារព័ត៌មាន The Irrawaddy របស់មីយ៉ាន់ម៉ា បានអះអាងថា ចំនួនប្រជាជនស្លាប់និងនិងឆ្លងកាន់តែច្រើននេះ បានកើតឡើងស្របពេលតាមមន្ទីរពេទ្យនិងមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺ លែងអាចទទួលអ្នកជំងឺថ្មីហើយបង្ខំឱ្យពួកគេដេកព្យាបាលដោយខ្លួន​ឯង​នៅតាមផ្ទះ ខណៈក្រុមសប្បុរសធម៌ត្រូវបង្កើនឡើងនៅក្នុងទីយ៉ាំងហ្គោន ដើម្បីជួយដឹកសាកសពពីគ្រួសារយកទៅបញ្ចុះ។

លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៧កក្ដដាថា ការឆ្លងវីរុសដែលតាចូលក្នុងសហគមន៌នៅពេលនេះ គឺអាជ្ញាធរមិនដឹងថាកើតចេញពីប្រភពណាឡើយ។ លោកបន្តថា ពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអាជ្ញាធរ និងមន្រ្តីសុខាភិបាល កំពុងយកចិត្តទុកដាក់ពង្រឹងវិធានការដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយក្នុងនោះខេត្តកំពុងអនុវត្តការធ្វើចត្តាឡីស័ករហូត២១ថ្ងៃលើពលករដែលមកពីថៃ។

លោកថ្លែងថា៖«បច្ចុប្បន្ន ដែលមានវិជ្ជាមានកូវីដ១៩លើបងប្អូនប្រជាពលករយើង គឺភាគច្រើនជាប្រភេទ«ដែលតា»។ អ៊ីចឹង! យើង​ក៏មិនដឹងថាចេញពីកន្លែងណាទេ ប៉ុន្តែយើងបានយកចិត្តទុកដាក់ និងពង្រឹងវិធានការគឺអនុវត្តតៅតាមអ្វីដែលក្រសួងសុខាភិបាលបានណែនាំ»។

ប៉ុន្តែលោក ស្រី ណារ៉េន មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា ការរកឃើញកូវីដ​១៩​បំប្លែងថ្មី«ដែលតា»ឆ្លងដល់សហគមន៌នេះ គឺអាចជាការធ្វេសប្រហែសរបស់អាជ្ញាធរ និងមន្រ្តីសុខាភិបាល។ លោក ចង់ឲ្យក្រសួង​ឬ​មន្រ្តីជំនាញបង្កើនការយកចិត្តទុកដាក់ ជាពិសេសពិនិត្យមើលលើការព្យាបាល និងចត្តាឡីស័កឲ្យបានច្បាស់លាស់ មុនបញ្ជូនពល​ករ​ទាំងនោះទៅលំនៅឋានពួកគេវិញ។ 

លោកថ្លែងថា៖«អ្នកដែលទទួលខុសត្រូវ គឺក្រសួងសុខាភិបាលហ្នឹងហើយ កឺត្រូវត្រួតពិនិត្យ និងព្យាបាលឲ្យបានល្អកុំឲ្យមានការធ្វេស​ប្រហែសបន្តទៀត ព្រោះបើយើងមានការធ្វេសប្រហែសទៅ នឹងធ្វើឲ្យមានការរីករាលដាលនៅក្នុងប្រទេសកម្ពុជាបន្តទៀត»។

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី២៧កក្ដដានេះថា ចំនួនអ្នកឆ្លងកូវីដថ្មីចំនួន៦៨៥នាក់ ស្លាប់ថ្មី១៩នាក់ និងជាសះស្បើយ​៧៧៥​នាក់ ក្នុងនោះករណីនាំចូលមានចំនួន២៦២នាក់ ករណីឆ្លងថ្មីនេះ គឺបន្តថយចុះទៀតបើប្រៀបធៀបទៅថ្ងៃម្សិលមិញ។ គិតមកដល់ពេលនេះកម្ពជាមានចំនួនអ្នកឆ្លងកូវីដ១៩សរុបកើនដល់៧៤,៣៨៦នាក់ ក្នុងនោះស្លាប់សរុប១,៣២៤នាក់ ជាសះស្បើយសរុប៦៦,៧២៥នាក់ និងករណីនាំចូល៩,៤១៤នាក់៕