លោក ដួង តារា ជួបជាមួយ ក្រុមតំណាងអតិថិជន GFX។ រូបភាព៖ លោក ដួង តារា

តំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) បានលើកឡើងថា ក្រុមហ៊ុននឹងដោះស្រាយលុយបាត់បង់ឱ្យអតិថិជនវិញត្រឹម៣០%ប៉ុណ្ណោះ ហើយ៧០%ទៀត គឺតម្រូវឲ្យក្រុមអតិថិជនចូលរួមប្ដឹងទៅបុគ្គលិកក្រុមហ៊ុនស្ថិតនៅក្រៅប្រទេសដែលបាន​កិប​កេង​លុយពីក្រុមហ៊ុនទៅ។ ប៉ុន្តែក្រុមអតិថិនជនខ្លះនៅតែប្រកាន់ជំហរទាមទារសំណង១០០%វិញដដែល។

លោកស្រី ទី គឹមស្រេង តំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣កក្ដដានេះថា អតិថិជនមួយចំនួនធំបានយល់ព្រមទទួលយកសំណង៣០%ពីក្រុមហ៊ុន។

លោកស្រីថ្លែងថា៖«ខ្ញុំដឹងថា៣០%យើងនឹងផ្ដល់ឲ្យភ្លាមៗ។ ហើយ១០០%ហ្នឹងសំខាន់អតិថិជនគាត់ចូលរួមប្ដឹងជាមួយក្រុមហ៊ុន ប្ដឹងទៅតុលាការហ្នឹងទៅ។ ប្ដឹងជនខិលខូចដែលបោកប្រាស់យកលុយពីក្រុមហ៊ុន អ៊ីចឹងក្រុមហ៊ុនក៏ប្ដឹង ហើយអតិថិជនក៏ចូលរួមប្ដឹងជាមួយដែរទៅ»។
ភាគីក្រុមហ៊ុនតែងអះអាងថា លុយវិនិយោគរបស់ក្រុមអតិថិជនដែលបាត់បង់ទៅ គឺត្រូវបានកិបកេងដោយបុគ្គលិកជាជនបរទេស​របស់ក្រុមហ៊ុនចំនួនបីនាក់ស្ថិតនៅក្រៅប្រទេស និងបានប្រកាសឱ្យក្រុមអតិថិជនចូលរួមប្ដឹងទាមទារលុយនោះពីជនបរទេសទាំងនោះមកវិញ ខណៈក្រុមហ៊ុនក៏ជាជនរងគ្រោះដែរ។ ប៉ុន្តែអតិថិជនមួយចំនួនបានបដិសេធការចូលរួមប្ដឹងនេះ ដោយចាត់ទុកថា វាជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយពួកគេទាមទារសុំលុយដើម១០០%មកវិញ។​


ជុំវិញការលើកឡើងពីតំណាងក្រុមហ៊ុននេះ កញ្ញា ម៉ាឡា តំណាងម្នាក់របស់អតិថជន ហ្គោលអេហ្វអិកស៍ បានបញ្ជាក់ប្រាប់សារព័ត៌​មានខ្មែរណាស់តាមតេឡេក្រាមយ៉ាងខ្លីថា ក្រុមអតិថិជនគ្មានអ្វីឆ្លើយតបនោះទេ ប៉ុន្តនឹងរក្សារភាពស្ងៀមស្ងាត់សិនដើម្បីរង់ចាំការជួយរកដំណោះស្រាយពីលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីនិងជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តី។ ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីក្រុមអតិថិជន បានដាក់លិខិតស្នើសុំពន្លឿនដំណោះស្រាយទៅលោក ដួង តារា ជាថ្មីម្ដងទៀតកាលពីថ្ងៃទី១៦កក្កដាសប្ដាហ៌មុននេះ។

កញ្ញាថ្លែងថា៖«ខ្ញុំមិនមានអ្វីបំភ្លឺទេ លុះត្រាបានចម្លើយពីឯកឧត្តម ដួង តារា សិនទើបឆ្លើយបាន។ យើងសុំស្ងប់ស្ងាត់ចាំមើលឆន្ទៈក្រុមហ៊ុនសិន ប៉ុន្តែពួកយើងនៅចង់ទាមទារសំណង១០០%មកវិញ»។

អស់រយៈពេល៤ខែហើយដែលក្រុមអថិជន ហ្គោលអេហ្វអិកស៍ បានផ្ទុះការតវ៉ា នឹងដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៅកាន់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីសុំលុយ១០០មកវិញ ខណៈពួកគាត់ចោទក្រុមហ៊ុនថាបានបោកប្រាក់អស់ចំនួន​២៧លានដុល្លារ និងកំពុងព្យាយាមរកលេសបិទក្រុមហ៊ុនដើម្បីយករួចខ្លួន។
ប៉ុន្តែបើតាមទំព័រហ្វេសបុករបស់ លោក ដួង តារា នៅព្រឹកថ្ងៃទី២៣កក្ដដា លោកបានសរសេរបញ្ជាក់ថា លោកបានជួបប្រជុំជាមួយលោក ប៊ុន គិរីរិទ្ឋ តំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ ទាំងតាមរយៈការប្រជុំអនឡាញនិងប្រជុំផ្ទាល់។ លោក ដួង តារា បញ្ជាក់ថា ក្រុមហ៊ុនមានឆន្ទៈដោះស្រាយជូនអតិថិជនដោយគ្នានការគេចវេះ និងមិនមានបំណងបិទក្រុមហ៊ុនឡើយ ហើយបច្ចុប្បន្ន ក្រុមហ៊ុននឹងផ្ដល់ជូនអតិថិជន៣០%ជាមុនសិន ហើយនឹងនៅតែដោះស្រាយបន្តបន្ទាប់ទៀត៕