រូបឯកសារ៖ បុគ្គលិក​ពេទ្យ​រៀបចំ​សឺរ៉ាំង​ដើម្បី​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិន​នៅ​មជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

វ៉ាស៊ីនតោន — ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​បរទេស​ដើម្បី​បង្កើន​អង្គ​បដិប្រាណ​សម្រាប់​អ្នក​ដែល​បានចាក់​វ៉ាក់សាំង​របស់ចិន​គ្រប់ដូស​ ដូចជា​វ៉ាក់សាំង​ Sinovac ​និង​ Sinopharm។​

Caixin​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញ​វត្ថុ​ចិន​គួរឲ្យ​ទុកចិត្ត​ និយាយថា​ អ្នក​ត្រួត​ពិនិត្យ​ឱសថ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បញ្ចប់​ការ​ពិនិត្យ​ឡើងវិញ​របស់​ក្រុម​អ្នក​ជំនាញ​អំពី​វ៉ាក់សាំង​បន្ថែម​អង្គ​បដិប្រាណ​ ដែល​ផលិត​រួមគ្នា​ដោយ​ក្រុមហ៊ុន​ឱសថ ​Shanghai Fosun Pharmaceutical (Fosun Pharma)​ របស់​ប្រទេស​ចិន​ និង​ក្រុមហ៊ុន​ BioNTech របស់​អាល្លឺម៉ង់។​ វ៉ាក់សាំង​បន្ថែម​អង្គ​បដិប្រាណឈ្មោះ ​Fosun-BioNTech COVID-19 ​នេះ​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ត្រួត​ពិនិត្យ​ខាង​រដ្ឋបាល។​

សេចក្តីរាយ​ការណ៍នេះ​បាន​លេច​ឡើង​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​ប្រទេស​ថៃ​ និង​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា​ ពួកគេ​នឹង​ប្តូរ​ពី​វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ទៅ​ប្រើ​វ៉ាក់សាំង​របស់​ប្រទេស​លោក​ខាង​លិច​វិញ៕

ម៉្យាង​ទៀត​ ប្រទេស​ចិន​ថា​ ខ្លួន​ភ្ញាក់ផ្អើល​នឹង​ផែនការមួយ​ទៀត​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​សិក្សា​អំពី​ប្រភព​ជំងឺកូវីដ១៩។​

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោកភ្ញាក់ផ្អើល​ចំពោះ​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោកសិក្សា​ដំណាក់​កាល​ទី​២​ អំពី​ប្រភព​ជំងឺកូវីដ១៩។ ​នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP។​

លោក​ Zeng Yixin ​ អនុរដ្ឋ​មន្រ្តី​គណៈ​កម្មការ​សុខាភិបាល​ជាតិ​ចិន​ បាន​បដិសេធ​ថា ទ្រឹស្តី​អំពី​ការ​លេច​ធ្លាយ​វីរុស​ពី​មន្ទីរ​ពិសោធន៍​ចិន​ ជា​ពាក្យ​ចចាម​អារាម​ប្រឆាំង​សុភវិនិច្ឆ័យ។​

ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​បាន​ទទួល​ស្គាល់កា​លពី​សប្តាហ៍​មុន​ថា​ មិន​ទាន់​អាចបដិសេធ​ទំនាក់​ទំនង​អាច​មាន​រវាង​វីរុស​កូរ៉ូណា​ និង​មន្ទីរ​ពិសោធន៍​ចិន​ទេ។​

លោក Zeng ​បាន​និយាយ​ថា មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ​មិនមាន​វីរុស​ដែល​អាច​ចម្លង​ទៅ​មនុស្ស​ដោយ​ផ្ទាល់​ទេ។ លោកថា​ ប្រទេស​ចិន ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ និង​មិន​ទទួល​យក​ផែនការ​របស់​អង្គការ​សុខភាព​ពិភពលោក​នេះទេ៕