ក្រុមអ្នកបើកបរនិងម្ចាស់រថយន្តដឹកដីរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍ថ្លឹងរថយន្តតាមបណ្ដោយផ្លូវ១១៥ ក្បែរផ្លូវ៦០ម៉ែត្រក្នុងទីក្រុងតាខ្មៅខេត្តកណ្ដាល។ រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រុមអ្នកបើកបរនិងម្ចាស់រថយន្តដឹកដីរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍ថ្លឹងរថយន្តតាមបណ្ដោយផ្លូវ១១៥ ក្បែរផ្លូវ៦០ម៉ែត្រក្នុងទីក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីតវ៉ាទៅរដ្ឋមន្រ្តីក្រសួងសាធារណការនិងទៅនាយករដ្ឋមន្រ្តី ឱ្យជួយបន្ធូរបន្ថយច្បាប់​ដឹក​លើស​ទម្ងន់ និងស្នើសុំរថយន្តដែលត្រូវអាជ្ញាធរឃាត់ទុករយៈពេល១ឆ្នាំ ដើម្បីឱ្យពួកគេយកទៅប្រើប្រាស់ប្រកបមុខរបរដូចដើមវិញ។​

តំណាងអ្នកបើកបរយន្តដឹកដី ខ្សាច់ និងថ្មទាំងនោះបានលើកឡើងថា វិធានការរឹតបន្តឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន​ កំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេមួយកម្រិតទៀត ស្របពេលកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩។ ពួកគេបានដាក់​សំ​ណមពរមួយចំនួនទៅរដ្ឋាភិបាល ដើម្បីអាចដឹកដី ខ្សាច់ និងថ្ម ក្នុងទម្ងន់មួយដែលអាចទូទាត់សល់ប្រាក់ចំណេញខ្លះ គឺរថយន្ត​កង់៦សុំផ្ទុក២៥តោន រថយន្តកង់១០សុំផ្ទុក៣៥តោន រថយន្តយីឌុបដែលមានកង់ចំនួន១២សុំដាក់៤៥តោន និងរថយន្តសណ្ដោងសុំផ្ទុក៥៥តោន។

ការស្នើសុំនេះ ដោយសារច្បាប់ស្ដីពីផ្លូវថ្នល់ដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៤បានបញ្ជាក់ថា រថយន្តដែលមានកង់ចំនួន៦ ត្រូវដឹកត្រឹម១៦តោន រយន្តដែលមានកង់១០ត្រូវដឹកត្រឹម២៥តោន រថយន្តដែលមានកង់ចំនួន១២ត្រូវដឹកត្រឹម៣០តោន និងរថយន្ត​សណ្ដោងត្រូវផ្ទុកមិនឱ្យលើសពី៤០តោន។

ក្រៅពីការស្នើសុំដឹកលើសទម្ងន់នៃច្បាប់ដែលបានកំណត់ ក្រុមអ្នកបើកបររថយន្តទាំងនោះ ក៏ទទួលស្គាល់កំហុកកន្លងមកចំពោះការដឹកលើសទម្ងន់ ប៉ុន្តែបានស្នើសុំរថយន្តដែលត្រូវចាប់និងរក្សារយៈពេល១ឆ្នាំមកវិញ ដើម្បីឱ្យពួកគេអាចយកទៅប្រើប្រាស់ប្រកប​មុខរបរដូចដើម សម្រាប់រកប្រាក់កម្រៃ ខណៈពួកភាគច្រើនបានលើកឡើងថា សុទ្ធតែជាប់បំណុលធនាគារនិងត្រូវការប្រាក់ជាប្រចាំខែដើម្បីសងត្រឡប់ទៅវិញ។

លោក ហ៊ុយ រិទ្ធី អាយុ៥៩ឆ្នាំរស់នៅក្នុងខណ្ឌដង្កោបានលើកឡើងថា រថយន្តដឹកដីប្រភេទយីឌុបរបស់លោកត្រូវបានមន្រ្តីឃាត់ទុកកាលពីជិត៧ខែមុនដោយសារដឹកលើសទម្ងន់រហូត២០% ហើយបើទោះបីលោកបានបង់ប្រាក់ផាកពិន័យអស់ចំនួន​៥​លាន​៥សែន​រៀល​ហើយ ក៏រថយន្តត្រូវបន្តរក្សាទុករហូតពេញមួយឆ្នាំទើបប្រគល់ឱ្យលោកវិញ។ លោកបន្តថា លោកបានខ្ចីលុយធនាគារដើម្បីទិញរថយន្តនោះក្នុងតម្លៃប្រហែល៤ម៉ឺនដុល្លារ ដើម្បីចេញរកស៊ីដឹកដីលក់ ហើយទើបតែរត់បានជើងដំបូង ក៏ត្រូវបានអាជ្ញាធរឃាត់ទុក ស្របពេលលោកត្រូវការលុយចំនួន៦៧៣ដុល្លារក្នុងមួយខែដើម្បីសងត្រឡប់ទៅធនាគារវិញ។

លោកបន្តថា តាមការព្រមព្រាងជាមួយអ្នកម៉ៅការទិញយកទៅចាក់ គឺក្នុងមួយជើងលោកត្រូវដឹកចំនួន២២គីបឬស្មើជាង​៣០​តោន​ ដែលអាចលក់បានប្រាក់ប្រហែល៤០ដុល្លារ និងបន្ទាប់ពីទូទាត់ថ្លៃប្រេង ថ្លៃជួលអ្នកបើក និងថ្លៃបាយទឹកប្រចាំថ្ងៃឱ្យអ្នក​បើក​ គឺសល់ប្រាក់ចំណេញតិចតូចប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើលោក ដឹកតាមច្បាប់របស់ក្រសួងសាធារណការ ដែលអនុញ្ញាតឱ្យដឹកដីត្រឹមតែ៩គីបក្នុងមួយឡាន គឺមិនអាចទូទាត់សូម្បីតែថ្លៃប្រេងរួចឡើយ។

លោកថ្លែងដូច្នេះថា៖«ករណីចាប់ឡានខ្ញុំ គឺដឹកលើសទម្ងន់ហើយបើកច្រឡំផ្លូវចូលជាតិលេខ២។ តាមពិតគេឱ្យរត់(បើក)តាមផ្លូវប្រឡាយ ហើយខ្ញុំថ្មីថ្មោងអត់ដឹងខ្យល់អី ដូចទីងមោងសុទ្ធ ហើយតៃកុងក៏ទីងមោង។ អ៊ីចឹង! វាបើកមកច្រឡំផ្លូវ ដោយសារឃើញផ្លូវហ្នឹង(ផ្លូវជាតិលេខ២)កំពុងអភិវឌ្ឍ។ ខ្លាចខូចផ្លូវអី បើផ្លូវកំពុងកាយត្រឹមចង្កេះខ្ញុំ។ ផ្លូវជាតិលេខ២ ឯកឧត្តម(រដ្ឋមន្រ្តីក្រសួងសាធារណការ)ក៏មើលឃើញខ្លួនដែរ។ ចាប់(រថយន្ត) ដូចអត់យុត្តិធម៌ ច្បាប់ចេញពីថ្ងៃទី១៦ ហើយខ្ញុំអត់ដឹងខ្យល់អីថ្ងៃទី២៦ ចាប់ខ្ញុំ។ ខ្ញុំជាអាជីវករថ្មី អត់ទាន់ស្គាល់លុយមកពីឡានហ្នឹងម៉េចទេ»។

ជុំវិញសំណមពរពីក្រុមអ្នកបើកបររថយន្តដឹកដី ខ្សាច់ និងថ្មទាំងនេះ ត្រូវបានលោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន នៃគណៈ​កម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់របស់ក្រសួងសាធារណការបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ក្រុមមន្ត្រីដែលចុះទៅជួបជាមួយក្រុមអ្នកបើករថយន្តទាំងនោះ នឹងកត់ត្រារាល់​សំ​ណម​ពរដើម្បីធ្វើរបាយការណ៍ដាក់ទៅឱ្យរដ្ឋមន្រ្តីពិនិត្យិនិងសម្រេច ហើយក្រុមមន្រ្តីជំនាញ គឺរង់ចាំអនុវត្តតាមតែថ្នាក់លើបញ្ជាប៉ុណ្ណោះ។

លោកថ្លែងដូច្នេះថា៖«ថ្នាក់នយោបាយ(ថ្នាក់លើ)គាត់សម្រេចយ៉ាងម៉េច ខ្ញុំអត់ដឹង។ ចាំមើលលិខិតដាក់ដល់ដៃគាត់ គាត់ពិចារ​ណា​។ ខ្ញុំមិនដឹងពីទឹកចិត្តគាត់ដែរទេ។ ខ្ញុំអ្នកអនុវត្តច្បាប់ ហើយក៏ក្រោមការគ្រប់គ្រងពីប្រធានស្ថាប័ន ហើយប្រធានស្ថាប័នសម្រេចម៉េច ខ្ញុំនឹងអនុវត្តតាម»។

ទោះជាយ៉ាងណា កាលពីទី១៤កក្កដា លោក ស៊ុន ចាន់ថុល បានបញ្ចាឱ្យមន្រ្តីតាមជញ្ជីងថ្លឹងរថយន្ត ជាពិសេសក្រុមការងារជញ្ជីងចល័ត ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ និងបានបញ្ជាឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្ត ត្រូវជួយថែរក្សាយានយន្តដែលត្រូវបានចាប់ឃាត់ទុករយៈពេលមួយឆ្នាំឲ្យបានត្រឹមត្រូវ និងមិនត្រូវដោះលែងទៅវិញជាដាច់ខាត។ លោកបញ្ជាក់ថា រដ្ឋា​ភិបាលនឹងអនុវត្តវិធានការនេះឲ្យដូចភ្លៀងរលឹមនិងមិនថយក្រោយឡើយ។

លោក តាំង ពៅ បានបញ្ជាក់ទៀតថា មកដល់ពេលនេះ មានរថយន្តដឹកលើសទម្ងន់ ក្នុងនោះមានទាំងរថយន្តដឹកដី ខ្សាច់ ថ្ម និងទំនិញគ្រប់ប្រភេទចំនួន១៧៣គ្រឿង ត្រូវបានឃាត់ដើម្បីផាកពិន័យនិងរក្សាទុកមួយឆ្នាំទើបប្រគល់ទៅឱ្យម្ចាស់វិញ ស្របពេលលោកបាន​ពន្យល់ថា ក្នុងរថយន្តមួយគ្រឿងដែលដឹកលើសទម្ងន់រហូត១០តោន គឺស្មើនឹងរថយន្តដឹកស្របតាមស្ដង់ដារទម្ងន់១ម៉ឺនគ្រឿងរត់លើដងផ្លូវ ដែលនឹងធ្វើឱ្យផ្លូវថ្នល់ឆាប់ចាស់និងខូចខាតមុនអាយុកាល៕​