ពលរដ្ឋតវ៉ានៅខាងមុខសាខាក្រុមហ៊ុនGFX នៅថ្ងៃទី៣១ឧសភាឆ្នាំ២០២១។ រូបភាព៖ រាជ វិញ្ញូ

ក្រុមអតិថិជនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) បានព្រមានលើកគ្នាតវ៉ានៅខាងមុខផ្ទះរបស់នាយករដ្ឋមន្រ្តីនៅពេលខាងមុខ ប្រសិនបើក្រុមហ៊ុននៅតែអូសបន្លាយពេលវេលាមិនព្រមចេញមុខដោះស្រាយជុំវិញការបាត់បង់លុយវិនិយោគអស់រាប់លានដុល្លារនៅត្រឹមសប្ដាហ៍នេះ។ ការព្រមាននេះ ស្របពេលគណៈកម្មកាមូលបត្រកម្ពុជា បានសេចក្ដីប្រកាសមិនឱ្យក្រុមហ៊ុនបិទទ្វារក្រុមហ៊ុនឡើយ និងត្រូវទូទាត់ប្រាក់វិនិយោគឱ្យអតិថិជនទាំងអស់វិញជាបន្ទាន់។


តំណាងអតិថិជនក្រុមប៊ុន ហ្គោលអេហ្វអិកស៍ បានលើកឡើងថា ពួកគាត់មិនអាចរង់ចាំយូរទៀតទេ ប្រសិនបើភាគីក្រុមហ៊ុននៅ​តែបន្តមិនព្រមចេញមុខដោះស្រាយជាមួយអតិថិជនត្រឹមក្នុងសប្ដាហ៍នេះ។ កញ្ញា ម៉ាឡា តំណាងម្នាក់របស់អតិថជនក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃចន្ទនេះថា ក្រុមអតិថិជននៅបន្តរង់ចាំការដោះស្រាយក្រៅប្រពន្ធតុលាការសិន គឺតាមរយៈការដោះស្រាយដែលពួកគាត់បានដាក់ដាក់បណ្ដឹងសុំកិច្ចអន្តរាគមន៍ទៅគណៈកម្មការមូលបត្រកម្ពុជា និងតាម​រយៈលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តីនិងជាជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តី។


កញ្ញាថ្លែងដូច្នេះថា៖«គោលការណ៍របស់យើងនៅដដែល គឺសុំតែប្រាក់ដើម១០០ភាគមកវិញ។ ហើយយើងអត់អាចចាំទៀតទេ ព្រោះរយៈពេលដែលយើងចាំហ្នឹងគឺ៤ខែមកហើយ តែក្រុមហ៊ុនអត់មាននិន្នាការថាសងកម្រិតណាឲ្យពួកយើងអាចទទួលយកបានទេ គឺគាត់សង់តែ៣០ភាគរយ។ អ្នកណាទទួលយកបាន»។


ការលើកឡើងរបស់តំណាងរូបនេះ ក្រោយពីគណៈកម្មការមូលបត្រកម្ពុជាបានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃទី១៦កក្កដាថា ក្រុមហ៊ុនគឺមិនត្រូវបិទទ្វារឡើយ ហើយត្រូវដោះស្រាយទូទាត់ប្រាក់វិនិយោគឱ្យអតិថិជនទាំងនោះវិញជាបន្ទាន់។ ការប្រកាសនេះ ស្របពេលគណៈកម្មការមូលបត្របានលើកឡើងថា ខ្លួនបានអញ្ជើញតំណាងក្រុមហ៊ុនឱ្យចូលខ្លួនមកដោះស្រាយ ក្រោយពីទទួលបានពាក្យបណ្ដឹងជិត៨០០ពីអតិថិជន។ ទោះជាយ៉ាងណា ក្រុមអតិថិជនធ្លាប់បានលើកឡើងថា អតិថិជនដែលបាត់លុយនៅក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ គឺមានគ្នាជាង៦០០០នាក់ និងមានទឹកប្រាក់ប្រមាណ២៧លានដុល្លារសហរដ្ឋអាមេរិក។


សារព័ត៌មានខ្មែរណាស់ បានបន្តព្យាយាមសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ លោក ឈាង គ្រីស្តុហ្វ ម្ដងទៀត ប៉ុន្តែត្រូវបានលោកបដិសេធមិនធ្វើអត្ថាធិប្បាយដដែល។


លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា ការប្រកាសរបស់គណៈកម្មការមូលបត្រ​កម្ពុជា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយលោកចង់ឱ្យមានការជជែករកដំណោះស្រាយគ្នារវាងក្រុមហ៊ុននិងជនរងគ្រោះ ហើយត្រូវរិះរកដំណោះស្រាយសមស្របណាមួយដែលអតិថិជនអាចទទួលយកបាន។


លោកថា៖«ខ្ញុំយល់ថា ជម្រើសកណ្ដាលមួយដែលអាចទៅរួច គឺលុយ១០០ភាគរយហ្នឹង ក្រុមហ៊ុនត្រូវឲ្យពលរដ្ឋ៥០ភាគរយមុនអ៊ីចឹងទៅ ហើយជំហ៊ានបន្ទាប់អាចថាឲ្យ៥០ភាគរយបន្ថែមទៀត ធ្វើម៉េចឲ្យភាគគីទាំងសង់ខាងមានលទ្ធភាពរួម»។


នៅក្នុងលិខិតមួយរបស់ក្រុមអតិថិជន ដែលបានដាក់ទៅលោក ដួង តារា ដើម្បីការពន្លឿនដំណោះស្រាយនៅថ្ងៃទី១៦កក្កដាបានលើកឡើងថា ពួកគាត់បានរង់ចាំដំណោះស្រាយយ៉ាងអន្ទះសារ និងមិនអាចអត់ធ្មត់បានទៀតទេ ដោយសារអ្នកខ្លះកំពុង​រង​សម្ពាធ​​ពីបំណុលធនាគារ អ្នកខ្លះត្រូវការលុយសម្រាប់ព្យាបាលជំងឺ ហើយអ្នកខ្លះទៀតគឺជាជនចាស់ជរាដែលបានយកប្រាក់ចូលនិវត្តន៍មកវិនិយោគនៅក្រុមហ៊ុន។ អតិថិជនទាំងនោះព្រមានថា ប្រសិនបើក្រុមហ៊ុននៅតែមិនដោះស្រាយត្រឹមថ្ងៃចន្ទសប្ដាហ៍នេះទេ​ នោះពួកគាត់នឹងធ្វើចលនាមហាជន ដូចរៀបចំសន្និសីទកាសែត ការលើកផ្ទាំងតវ៉ានៅខាងមុខក្រុមហ៊ុន និងការជួបជុំគ្នានៅមុខផ្ទះសម្ដេចនាយករដ្ឋមន្រ្តីជាដើម៕