សកម្មភាពសាសនិកឥស្លាមទូទាំងពិភពលោកទៅធ្វើបុណ្យហាជីនៅអារ៉ាប់(រូបភាព៖អ៊ឹនធើណេត)

ជា​រៀង​រាល់​ឆ្នាំ​សាស​និក​ឥស្លាម​នៅ​ទូ​ទាំង​ពិភព​លោក​តែង​តែប្រា​រព្ធពិធី​បុណ្យ​រ៉​យ៉ា​ហា​ជី ឬ​អ៊ីទិល​អាត់​ហា(Eidil Adha) នៅ​ថ្ងៃ​ទី១០ ដល់​ថ្ងៃទី១៣ ខែ​ហ្សុល​ហិច​ជះនៃ​ខែ​ទី​១២ តាម​ប្រ​តិ​ទិនឥ​ស្លាម ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើ​ម្បីរំ​លឹក​គុណដល់​ព្យា​កា​រីអ៊ី​ព្រ​ហ៊ីម។ ខណៈ​នៅ​ឆ្នាំ​នេះ សា​ស​និក​ឥស្លាម​នៅកម្ពុជា​នឹង​ប្រា​រព្ធ​ពិធី​បុណ្យ​រ៉យ៉ា​ហាជី​នេះ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា​ខាង​មុខ​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១០ នៃ​ខែ​ហ្សុល​ហិច​ជះ។

លោក អាប់ឌុលឡោះ សាហ្វាអះ អ្នក​ជំ​នាញ​ផ្នែក​សា​សនាឥស្លាម បាន​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា​ថា តាម​ប្រ​វត្តិ​សាស្រ្ត​ឥស្លាម បុណ្យ​រ៉ា​យ៉ា​ហា​ជី​មាន​ប្រ​វត្តិតាំង​ពី​ស​ម័យ​ព្យា​ការី​អ៊ី​ព្រ​ហ៊ីម​គឺ៥ពាន់​ឆ្នាំមុន​ស.គ បន្ទាប់​ពីគាត់​បាន​ក​សាង​វិហារ​សម្រាប់​ធ្វើ​បុណ្យ​ធម្ម​យា​ត្រា​នៅ​អា​រ៉ាប៉រួច ហើយ​ព្រះ​ជា​អល់​ឡោះបាន​បង្គាប់​គាត់​ឱ្យ​អំ​ពាវ​នាវ​ហៅមនុស្ស​មក​ធ្វើ​ធម្ម​យាត្រា​នៅ​វិហារ​នេះ។

លោក​បន្ត​ថា ពិធី​នេះ​ត្រូវ​បាន​ប្រា​រព្ធ​តៗគ្នា​រ​ហូត​ដល់​ស​ម័យព្យា​ការី​មូ​ហាំ​ម៉ាត់ ហើយ​ក៏​បន្ដ​មក​រ​ហូត​ដល់​សព្វ​ថ្ងៃ ហើយបុណ្យ​នេះ​ត្រូវ​បាន​គេ​ប្រា​រព្ធ​នៅ​ខែ​ទី​១២​នៃ​ប្រ​តិ​ទិន​ឥ​ស្លាម ដែល​ត្រូវ​បាន​គេ​ហៅ​ខែ​ហ្សុល​ហិច​ជះ ចាប់​ពី​ថ្ងៃ​ទី​១០ រហូតដល់​ថ្ងៃ​ទី​១៣ ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ។

លោក​ថ្លែង​ដូច្នេះ​ថា៖«សម្រាប់​ថ្ងៃ​ទី១០ ដែល​ជា​ថ្ងៃ​ទី១ នៃបុណ្យ​រ៉យ៉ា​នេះ សា​ស​និក​ឥ​ស្លាម​ទៅ​ថ្វាយ​បង្គំ​ជុំ​គ្នា​នៅ​វិហារ ឬនៅ​ទីវាល សូត្រ​ធម៌​តម្កើង​ព្រះ និង​ស្ដាប់​ធម៌​ទេស​នាបែបឥស្លាម។ បន្ទាប់​ពី​ថ្វាយ​បង្គំ​រួច នាំ​គ្នា​ត្រ​ឡប់​មក​ផ្ទះ​វិញ និង​មានការ​សួរ​សុខ​ទុក្ខ​គ្នា​តាម​ផ្ទះ ទទួល​ទាន​នំ​ចំណី​ជុំ​គ្នា ជូន​ពរ​គ្នា និងមានការសម្លេះ(សម្លាប់)គោ ដើម្បីចែកសាច់គ្នាហូបនៅថ្ងៃបុណ្យ​រ៉​យ៉ា។ រីឯ​ពួក​អ្នក​ដែល​បាន​ទៅ​ធ្វើបុណ្យ​ហ័ជ្ជ​នៅ​ទី​ក្រុងម៉ាក្កះ​នៃ​ព្រះ​រាជា​ណា​ចក្រ​អារ៉ា​ប៊ី​សា​អ៊ូ​ឌីត​វិញ កំពុង​នៅ​បន្ដ​បំពេញ​ពិធី​ធម្ម​យាត្រា​របស់​ខ្លួន»។

អ្នក​ជំនាញ​រូប​នេះ​បន្ត​ថា មូល​ហេតុ​ដែល​សាស​និក​ឥស្លាម​សម្លេះគោ ព្រោះវា​ជា​ការ​រំលឹក​ដល់​ការ​លះ​បង់​របស់​ព្យា​កា​រីអ៊ី​ព្រហ៊ីម ដែល​បាន​យក​កូន​របស់​គាត់ ឈ្មោះ​អ៊ី​ស្មា​អែល​ទៅ​សម្លេះ ដើ​ម្បី​បូជា​យញ្ញ​ឬ​ការ​សែន​ព្រេន ប៉ុន្តែ​ត្រូវ​ជំនួស​មក​វិញ ដោយសត្វ​ពពែ​មក​ពី​ឋាន​សួគ៌។ លោក​ថា​ការ​សម្លេះគោ​នេះ មិន​មែនជា​កាត​ព្វ​កិច្ច​សា​សនា​ដែល​ចាំបាច់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ស្ម័គ្រចិត្ត​ច្រើន​ជាង ព្រោះ​ដើម្បី​ចែក​សាច់​ដល់​បង​ប្អូន​សាច់​ញាតិ​ជិតឆ្ងាយ មានក្ដី ក្រក្ដី ដើ​ម្បី​ទទួល​ទាននៅ​ក្នុង​ថ្ងៃ​បុណ្យ​នេះ។

លោក​បន្ថែម​ថា៖«ការ​ដែល​ព្យា​ការី​អ៊ី​ព្រ​ហ៊ីម​យក​កូន​គាត់​ទៅបូជា​យញ្ញ ដោយ​សារ​តែ​អល់​ឡោះ​បាន​មក​ពន្យល់​សប្តិ​ឱ្យ​យកកូន​គាត់​ទៅ​សម្លេះ ដូច្នេះ​ការ​ពន្យល់​សប្តិនេះ គឺ​អល់​ឡោះគ្រាន់​តែ​ចង់​សាក​ល្បង​នូវ​ជំ​នឿ​របស់​គាត់​តែ​ប៉ុណ្តោះ ហើយដោយ​សារ​ចិត្ត​គាត់​ជឿ​ជាក់​លើ​អល់​ឡោះ​ក៏​អនុ​វត្ត​តាម ប៉ុន្តែចុង​ក្រោយ​គឺអាល់​ឡោះពុំ​បាន​ឱ្យ​គាត់​សម្លេះ​កូន​គាត់​មែន​ទែននោះ​ទេ»។

លោក​បន្ថែម​ថា គោ​ដែល​សា​សនិក​ឥ​ស្លាម​យក​មក​សម្លេះ​ក្នុងពិធី​បុណ្យ​នេះ មាន​មួយ​ចំនួន​ទ​ទួល​បាន​មក​ពី​ស​ប្បុរស​ជន​ក្នុងស្រុក ហើយ​ភាគ​ច្រើន​ទ​ទួល​បាន​ជំ​នួយ​មក​ពី​ក្រៅ​ប្រ​ទេស តាម​រយៈ​អង្គ​ការ​សមា​គម​ផ្សេងៗ ដែលធ្វើការចែកចាយទៅតាមភូមិស្រុកនានាក្នុងប្រទេស។ ជាមួយគ្នានេះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាក៏បានបែងចែកគោឱ្យទៅតាមខេត្តទាំងអស់ក្នុងប្រទេសផងដែរ ដើម្បីសម្លេះក្នុងបុណ្យរ៉យ៉ាហាជីនេះ។

ការប្រារព្ធពិធីបុណ្យរ៉យ៉ាហាជីក្នុងបរិបទការរីករាលដាលជំងឺកូវីដ១៩នេះ លោកបញ្ជាក់ថា សាសនិកឥស្លាមទាំងអស់បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រារព្ធពិធីបុណ្យនេះជាមួយគ្រួសារតាមផ្ទះរៀងៗខ្លួន និងផ្ញើសារជូនពរគ្នាពីចម្ងាយតាមប្រព័ន្ធអនឡាញ។

កញ្ញា មីន នូ អាយុ២៥ឆ្នាំ ជាគ្រូបង្រៀននៅសាលាអន្តរជាតិម្នាក់បានប្រាប់ដែរថា ការប្រារព្ធពិធីបុណ្យរ៉យ៉ាហាជីក្នុងបរិបទជំងឺកូវីដ១៩នេះ គឺនាងមិនបានដើរលែងផ្ទះសាច់ញាតិ និងជួបជុំគ្នាច្រើនបាននោះទេ ព្រោះត្រូវគោរពតាមការណែនាំរបស់ថ្នាក់ដឹងនាំក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងសហគមន៍។ ទោះជាយ៉ាងណាក៏ដោយជំងឺកូវីដ១៩ មិនអាចហាមឃាត់នាងក្នុងការប្រតិបត្តិសាសនានៅថ្ងៃរ៉យ៉ាបាននោះទេ ព្រោះនាងអាចថ្វាយបង្គំជួបជុំជាមួយសមាជិកគ្រួសារបានធម្មតា គ្រាន់តែមិនបានជួបជុំគ្នាច្រើននៅព្រះវិហារប៉ុណ្ណោះ។

កញ្ញាបានបន្តថា បុណ្យរ៉យ៉ាហាជីនេះពិតជាមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់នាង ព្រោះវាជាថ្ងៃមួយដែលមូស្លីមទូទាំងពិភពលោកមានភាពសប្បាយរីករាយ ជាមួយក្រុមគ្រួសារ ជូនពរនិងលើកលែងទោសគ្នាទៅវិញមក និងជាថ្ងៃដែលព្រះអាល់ឡោះស្រលាញ់ពេញចិត្តបំផុតផងដែរ។

កញ្ញាថ្លែងដូច្នេះថា៖«ជាថ្ងៃមួយដែលស្ថិតក្នុងចំណោមដប់ថ្ងៃដំបូងនៃខែហ្សុលហិចជះផងដែរ ហើយវាមានតម្លៃមហាសាលចំពោះទ្រង់(អល់ឡោះ) គឺទ្រង់ស្រលាញ់និងពេញចិត្តបំផុតពេលយើងខំសាងទង្វើកុសលក្នុងថ្ងៃទាំង១០នេះ»។

លើសពីនេះទៅទៀតនោះ កញ្ញាបន្ថែមថា ថ្ងៃបុណ្យរ៉យ៉ាហាជីនេះ គឺជាថ្ងៃដែលរឹតចំណងអ្នកមាន និងអ្នកក្រ ព្រោះអ្នកមានធ្វើបុណ្យសម្លេះគោ ពពែ ឬអូដ្ឋ សម្រាប់ចែកជូនអ្នកក្រីក្រ។

គួរបញ្ជាក់ថា ក្នុងសាសនាឥស្លាមមានបុណ្យចំនួន២ ដូចជាបុណ្យរ៉យ៉ាហាជី((Eidil Adha) និងបុណ្យរ៉យ៉ាអាល់ហ្វីត្រី(Eid al-Fitr) ដែលជាពិធីបុណ្យបញ្ចប់នៃការបួសខែរ៉ាម៉ាឌន៕

សឹម សល់ម៉ា