រូបភាព៖សម្ព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា(BWTUC)

ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសាធារណៈនិងឯកជន ព្រមទាំងសំណង់គ្រប់ប្រភេទ មានការវិវត្តជឿនលឿនគួរឲ្យកត់សម្គាល់និងគួរជាទីមោទកភាពសម្រាប់ប្រទេសកម្ពុជានោះ តម្រូវការកម្មករសំណង់ក៏មានការកើនឡើង។ ស្របពេលរដ្ឋាភិបាល បានរៀបចំគោលនយោបាយនិងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទាញទឹកចិត្ត ចំណាប់អារម្មណ៍ ដែលធ្វើឲ្យវិនិយោគិនទទួលបានផលជាទីគាប់ចិត្តនោះ ការពិចារណាទាំងនេះ ហាក់ដូចជា មិនបានគិតគូរដល់មនុស្សដែលនៅពីក្រោយឆាក ដែលគាំទ្រដល់ការអភិវឌ្ឍទាំងនោះនៅឡើយទេ។

បុគ្គលទាំងនោះ គឺកម្មករសំណង់! កម្មករសំណង់ មិនទាន់ទទួលបានការការពារឲ្យស្របទៅនឹងសន្ទុះនៃការអភិវឌ្ឍក្នុងវិស័យសំណង់នេះនៅឡើយទេ។ កម្មករសំណង់មិនទាន់ទទួលបានការការពារ ក្រោមមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់ប្រទេសកម្ពុជានៅឡើយទេ។

កម្ពុជាដែលកំពុងខិតខំកសាងប្រទេសឲ្យសម្រេចនូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០នោះ ត្រូវខិតខំធ្វើយ៉ាងណាឲ្យប្រជាជនទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យ និងធ្វើឲ្យមនុស្សគ្រប់រូបមានសុខភាពល្អ និងទទួលបានការការពារគ្រប់គ្រាន់ ដើម្បីធានាថា មនុស្សនៅកម្ពុជា អាចចូលរួមចំណែកពេញលេញក្នុងការកសាងចក្ខុវិស័យរួមគ្នារបស់ប្រទេសនេះបាន។

ខណៈ ប.ស.ស កំពុងរៀបចំផ្តល់ការការពារផ្នែកប្រាក់សោធនសម្រាប់សមាជិក ប.ស.ស នាពេលបច្ចុប្បន្ន និងមានគោលដៅសម្រាប់មនុស្សនៅក្នុងសង្គមទាំងមូលពេលវ័យជរាឈានមកដល់នោះ ការគិតគូរអំពីកម្មករសំណង់ និងកម្មករផ្សេងទៀតដែលបច្ចុប្បន្នត្រូវច្បាប់ចាត់ទុកថា កម្មករក្រៅប្រព័ន្ធ មិនទាន់ឃើញមានពន្លឺឬចេញពន្លកនៅឡើយ សូម្បីតែធានាការការពារជាមូលដ្ឋាន ដូចជា ការថែទាំសុខភាព គ្រោះថ្នាក់ការងារ ជំងឺវិជ្ជាជីវៈ ការការពារក្នុងអំឡុងពេលគ្មានការងារធ្វើនៅឡើយផង។

វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ទទួលបានផលពីការវិនិយោគវិស័យសំណង់ រដ្ឋាភិបាលទទួលបានផលផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សង្គមពីការវិនិយោគក្នុងវិស័យសំណង់។ តើកម្មករសំណង់ គួរទទួលប្រយោជន៍អ្វីខ្លះ ក្រៅតែពីប្រាក់ឈ្នួលប្រចាំថ្ងៃ ពីការងារដែលមិនមានសូម្បីតែសុវត្ថិការងារទៀងទាត់នោះ? កម្មករសំណង់ជាច្រើន កំពុងធ្វើការក្នុងលក្ខខណ្ឌការងារដែលមានហានិភ័យការងារខ្ពស់ ដូច្នេះការទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព តាមរយៈរបបសន្តិសុខសង្គម ជាការសំខាន់ចាំបាច់បំផុត។

របាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា សម្រាប់ឆ្នាំ២០២០ ស្ថិតិរបស់ក្រសួងរៀបចំដែនដីបានប៉ាន់ប្រមាណថា គ្រាន់តែទុនវិនិយោគក្នុងវិស័យសំណង់ក្នុងឆ្នាំ២០២០មានទំហំទឹកប្រាក់រហូតដល់ ៧.៧ពាន់លានដុល្លារ ទៅលើគម្រោងចំនួន៤,៨៤១គម្រោង លើផ្ទៃដីប្រមាណ ២៩.៤លានម៉ែត្រការ៉េ ខណៈដែលក្នុងឆ្នាំ២០១៩ តម្លៃប៉ាន់ប្រមាណវិនិយោគ មានទំហំទឹកប្រាក់ប្រមាណ១១.៤ ពាន់លានដុល្លារ លើផ្ទៃដីប្រមាណ២៣លានម៉ែត្រការ៉េ។

តួលេខខាងលើនិងកំណើនក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បង្ហាញអំពីសញ្ញាណនៃការកើនឡើងមិនថមថយ ក្នុងការវិនិយោគលើវិស័យសំណង់ ដែលមានន័យថា តម្រូវការកម្មករសំណង់ មានការកើនឡើងយ៉ាងខ្លាំង។ ទិន្នន័យនេះ គួរតែជាហេតុផលគ្រប់គ្រាន់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដល់ការការពារផ្នែកសន្តិសុខសង្គម ដល់កម្មករសំណង់ ដែលកំពុងតែរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការលើកមុខមាត់របស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍនេះ។

ផ្ទុយទៅវិញ កម្មករសំណង់នៅតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ ពីគោលនយោបាយដែលអាចការពារពួកគេបានគ្រប់គ្រាន់នៅឡើយទេ។

វិស័យនេះ បានស្រូបយកកម្មករស្រីជាច្រើន ជាបន្តបន្ទាប់រួចស្រេចទៅហើយ។ អង្គការឃែរប្រចាំនៅកម្ពុជា នៅក្នុងរបាយការណ៍វាយតម្លៃមួយក្នុងឆ្នាំ២០១៩ អំពីសិទ្ធិការងាររបស់កម្មករសំណង់ជាស្ត្រី បង្ហាញថា ក្នុងឆ្នាំ២០១៧ មានកម្មករប្រមាណ២៦០,០០០នាក់ធ្វើការក្នុងវិស័យសំណង់នៅកម្ពុជា ដោយក្នុងនោះ មានស្រ្តីប្រមាណពី២០ទៅ៤០% ដែលភាគច្រើនចំណាកស្រុកពីទីជនបទ មកធ្វើការនៅតំបន់ទីក្រុងនិងទីប្រជុំជននានាពាសពេញប្រទេសកម្ពុជា។

ផ្នត់គំនិតសង្គម បានដាក់ការងារសំណង់ជាការងារដែលប្រើប្រាស់កម្លាំងច្រើន និងបានចាត់ទុកជាការងាររបស់បុរស ដែលជាហេតុធ្វើឲ្យស្ត្រីដែលធ្វើការនៅក្នុងវិស័យសំណង់ ទទួលបានចំណូលតិចជាងបុរសសម្រាប់ពេលវេលា និងការងារដូចគ្នា។ កម្មករស្ត្រីក្នុងវិស័យសំណង់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដូចកម្មករនិងបុគ្គលិកស្ត្រី នៅក្នុងវិស័យរោងចក្រវាយនភណ្ឌនិងវិស័យផ្សេងៗទៀត ហើយដែលគួរតែបានទទួលផលប្រយោជន៍ពីការការពារសន្តិសុខសង្គមដោយស្មើភាពគ្នានោះ បែរជាស្ថិតក្នុងសភាពហានិភ័យ ខណៈដែលការងាររបស់ខ្លួន មានហានិភ័យខ្ពស់ស្រាប់ទៅហើយ។

ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ តម្រូវការវិស័យសុខាភិបាល មានការកើនឡើង និងមានការរើសអើងជាទូទៅ ដោយសារតែការភ័យខ្លាចនៃជំងឺកូវីដ១៩នេះ។ ក៏មានន័យថា កម្រៃសេវាថែទាំនិងព្យាបាលសុខភាព ក៏មានការកើនឡើង ដែលធ្វើឲ្យកម្មករសំណង់ដែលគ្មានការការពារពីរបបសន្តិសុខសង្គម រឹតតែគិតគូរតិចតួចដល់សុខភាពរបស់ខ្លួនថែមទាំងទៀត។ កម្មករភាគច្រើន ប្រាកដជាសុខចិត្ត ចំណាយប្រាក់កាសដ៏តិចតួចស្តួចស្តើងរបស់ខ្លួន ទៅលើអាហារប្រចាំថ្ងៃ ជាជាងការគិតគូរដល់ការចំណាយលើសុខភាព ប្រសិនបើមិនធ្ងន់ធ្ងរនិងចាំបាច់នោះ។

ដូច្នេះ! ការទទួលបានការធានារ៉ាប់រងពីរបបសន្តិសុខសង្គម ជាប្រការសំខាន់ក្នុងការដែលរដ្ឋាភិបាលធ្វើឲ្យកម្មករសំណង់ ថែទាំសុខភាពខ្លួនឯង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរយៈពេលវែង នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យឆ្នាំ២០៥០ របស់ប្រទេសនេះ។ អ្នកវិនិយោគ នឹងបន្តរីករាយក្នុងការទទួលផលចំណេញពីការអភិវឌ្ឍរបស់កម្ពុជា ប៉ុន្តែអ្នកដែលទទួលខុសត្រូវចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេលវែងនៅកម្ពុជា គឺជាបន្ទុករបស់រាជរដ្ឋាភិបាល និងរបស់ប្រជាជនកម្ពុជា។ ដូច្នេះ! ក្នុងខណៈដែលអ្នកវិនិយោគ កំពុងទទួលផលចំណេញ រដ្ឋាភិបាលត្រូវតែចាត់វិធានការដើម្បីឲ្យអ្នកវិនិយោគ រួមចំណែកក្នុងការថែទាំសុខភាពកម្មករ នៅក្នុងប្រទេសដែលពួកគេកំពុងតែទទួលផលប្រយោជន៍នេះ។

ប្រទេសកម្ពុជា មិនត្រូវគិតគូរត្រឹមតែអ្នកវិនិយោគឲ្យបានទទួលផលតែឯង ដោយទុកឲ្យតួអង្គសំខាន់ក្នុងការរួមចំណែកក្នុងវិស័យនេះ ស្ថិតនៅក្នុងលក្ខខណ្ឌការងារមិនសមរម្យ ស្ថិតក្នុងសភាពហានិភ័យ មិនមានការការពារសុខភាព មិនទទួលបានអត្ថប្រយោជន៍ ប្រឈមគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ព្រមទាំងបាត់បង់ឱកាសក្នុងការទទួលបានការធានាផ្នែកសោធននិវត្តន៍ តាមការគ្រោងទុករបស់ច្បាប់ស្តីពីរបបសន្តិសុខសង្គមដែលបានអនុម័តក្នុងឆ្នាំ២០១៩ ឡើយ។ ក្រៅពីការការពារទៅលើផ្នែកគ្រោះថា្នក់ការងារនិងថែទាំសុខភាព ច្បាប់ ប.ស.ស បានចែងអំពីការការពារសន្តិសុខសង្គមពេលគ្មានការងារធ្វើ (និកម្មភាពការងារ) និងនៅពេលចាស់ជរាចូលនិវត្តន៍ (ប្រាក់សោធន) ឬបាត់បង់សមត្ថភាពការងារ ជាដើម។

ស្ថានភាពជំងឺកូវីដ១៩ គួរជាមេរៀនដ៏សំខាន់ ក្នុងការដែលអាជ្ញាធររដ្ឋ ទទួលស្គាល់ថា ការការពារសន្តិសុខសង្គម សម្រាប់កម្មករដែលងាយរងគ្រោះពីការបាត់បង់ការងារ និងកម្មករក្នុងផ្នែកផ្សេងៗទៀត មានសារៈសំខាន់ណាស់ ក្នុងការអាចរស់នៅបានដោយថ្លៃថ្នូរជាមនុស្ស ជាបុគ្គលនិងជាក្រុមគ្រួសារ។

កម្មករសំណង់ អាចទទួលបានការការពារតាមរយៈការទទួលបានរបបសន្តិសុខសង្គម ប.ស.ស។ សំខាន់នៅត្រង់ថា តើរដ្ឋាភិបាលត្រូវការពេលប៉ុន្មានឆ្នាំទៀត ទើបអាចធ្វើឲ្យរឿងនេះកើតឡើងបាន? តើចាំដល់ពេលដែលអ្នកវិនិយោគទទួលបានផលអស់ រួចផុតពីការរួមចំណែកទទួលខុសត្រូវ ទើបរដ្ឋាភិបាលចាប់យកបន្ទុកនេះមកទទួលខុសត្រូវតែឯង? បើយើងអាចធានាថា សំណង់ទាំងឡាយត្រូវតែមានគុណភាពល្អនិងសុខភាពល្អ មនុស្សដែលធ្វើការងារសំណង់ទាំងនេះ ក៏ត្រូវតែមានសុខភាពល្អដែរ។

ដើម្បីទទួលបាន ប.ស.ស, ក្រុមហ៊ុនដែលចុះបញ្ជីការ ត្រូវចុះបញ្ជីនៅ ប.ស.ស ដើម្បីឲ្យបុគ្គលិករបស់ខ្លួន ទទួលបានការការពារ។ នេះមានន័យថា បុគ្គលិកទាំងអស់នៃក្រុមហ៊ុនកំពុងសាងសង់សំណង់នានា មានសិទ្ធិទទួលបានការការពារសន្តិសុខសង្គម ខណៈដែលកម្មករសំណង់របស់ក្រុមហ៊ុន បែរជានៅតែត្រូវតែចាត់ទុកជាកម្មករក្រៅផ្លូវការ ដែលមិនទទួលបានការធានារ៉ាប់រងសន្តិសុខសង្គម ដែលគ្របដណ្តប់ទៅលើការធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព ដែលកម្មករនិងបុគ្គលិកគ្រប់រូប តែងតែត្រូវការដើម្បីការពារនិរន្តរភាពជីវភាពរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួនទៅវិញ។ ការមិនទទួលបានការរ៉ាប់រងការពារសន្តិសុខសង្គមនេះ ក៏រួមចំណែកធ្វើឲ្យកម្មករសំណង់ទាំងបុរសនិងស្ត្រី បាត់បង់ការទទួលបានការធានារ៉ាប់រងគ្រោះថ្នាក់នៃជំងឺវិជ្ជាជីវៈ ដែលអាចនឹងមានផលប៉ះពាល់រយៈពេលវែងដល់កម្មករទាំងឡាយ។

និយាយឲ្យខ្លី គឺថាពេលកំពុងសាងសង់ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន អាចទទួលបានការធានារ៉ាប់រងពី ប.ស.ស, ក្រោយសាងសង់រួច បុគ្គលិកដែលធ្វើការឲ្យអាជីវកម្មនៅលើសំណង់ដែលសង់រួច បានទទួលការធានារ៉ាប់រងពី ប.ស.ស។ រដ្ឋាភិបាលអាចទទួលផលពីការប្រមូលពន្ធក្នុងរយៈពេលវែងទៅមុខ មានតែមនុស្សមួយក្រុមគត់ ដែលធ្វើឲ្យសំណង់បានសម្រេចចេញជារូបរាងឡើង ដើម្បីអ្នកផ្សេងទៀតបានទទួលផល ហើយមិនបានទទួលការការពារពី ប.ស.ស នោះ គឺកម្មករសំណង់។

មាត្រា១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម មានគោលបំណង បង្កើតឲ្យមានរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឲ្យមានសមធម៌និងសាមគ្គីធម៌ និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ។

បណ្ណ ប.ស.ស អាចប្រើប្រាស់បាននៅមន្ទីរពេទ្យនិងគ្លីនិកជាង១៤០០កន្លែង ទូទាំងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ បណ្ណ ប.ស.ស សម្គាល់សមាជិកភាពបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)៕

អំពីអ្នកនិពន្ធ៖ លោក សុខ លាំង ជាការីនិពន្ធអត្ថបទវិភាគសង្គមរបស់សារព័ត៌មានឌីជីថល ខ្មែរណាស់ និងជាអ្នក​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ផ្នែកសមភាពយេនឌ័រនិងសង្គម​វិទ្យា។ លោក សុខ លាំង ក៏ជាគ្រូបង្រៀន​មុខ​វិជ្ជាការគិតបែបត្រិះរិះពិចារណា (Critical Thinking) នៅតាមសាកលវិទ្យាល័យ​នានានៅកម្ពុជាផងដែរ។