សាលារៀននៅក្នុងប្រទេសថៃរងការខូចខាតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសឡាវ។ រូបភាព៖ Bangkok Post

កាលពីសប្ដាហ៍មុន ប្រទេសឡាវបានរងការប្រហារដោយសារគ្រោះរញ្ជួយដីចំនួន៤លើកផ្ទួនៗគ្នា ដែលមានកម្លាំង​ពី២.៨​ទៅ​៤.៩​រិច​ទ័រ​នៅក្នុងខេត្តសាយ៉ាបូរី(Xayaboury) ជាខេត្តមួយស្ថិតនៅជាប់ព្រំដែនជាមួយខេត្តណានរបស់ប្រទេសថៃ។ សារព័ត៌មានឡាវបានរាយការណ៍នៅថ្ងៃទី១២កក្កដានេះថា ផ្ទះមួយខ្នងនៅក្នុងប្រទេសឡាវ និងសាលារៀនមួយកន្លែងនៅក្នុងប្រទេសថៃបានបិទទ្វារបណ្ដោះ​អាសន្ន ដោយសារមារងការខូចខាតពីគ្រោះរញ្ជួយដីទាំងនេះ។


សារព័ត៌មាន Laotiantimes បានបញ្ជាក់ថា ការរញ្ជួយដីដ៏ធំបំផុត គឺបានកើតឡើងនៅម៉ោង១និង៤៣នាទីរសៀល នៅថ្ងៃ​ទី​៧​កក្កដា​ ដែលមានកម្រិត៤.៩រិចទ័រស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីតំបន់ទីក្រុង។ នៅថ្ងៃដដែល គឺវេលាម៉ោង២និង៩នាទីរសៀល និងម៉ោង២និង២២នាទី ក៏មានគ្រោះរញ្ជួយដីបន្តបន្ទាប់គ្នាចំនួន២ទៀត ដែលមានកម្លាំង៣.២និង២.៨រិចទ័រ។


កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គ្រោះរញ្ជួយដីនៅប្រទេសឡាវបានបង្កឱ្យមានស្នាមប្រេះនៅលើធ្នឹមនៃអគារសាលានៅខេត្តណានដែលបង្កការព្រួយបារម្ភអំពីសុវត្ថិភាពដល់សិស្ស។ សាលារៀនត្រូវបានបញ្ជាឱ្យផ្អាកការប្រើប្រាស់អគារបណ្តោះអាសន្ន រហូត​ដល់ការខូចខាតអាចត្រូវបានត្រួតពិនិត្យពេញលេញ ហើយអាជ្ញាធរធានាថា វាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ឡើងវិញ៕​