រូបភាពពី បណ្ដាញសង្កម

យ៉ាងហោចណាស់មានមនុស្សប្រមាណ៧០០នាក់បានស្លាប់បាត់បង់ជីវីត និងជាង១ពាន់នាក់បានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៌ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ។

នៅថ្ងៃទី៩កក្កដានេះ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា ៦ខែក្នុងឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៦១លើក ក្នុងនោះជាង៥០ភាគរយកើតឡើងពេលយប់ និងបានបណ្ដាលឱ្យស្លាប់មនុស្ស៧០៩នាក់ និងរបួសសរុបចំនួន១៧៩២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០៤៦នាក់។
តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះអ្នកស្លាប់បានថយចុះ១៥២នាក់ស្មើនឹង១៨ភាគរយ និងរបួសបានថយចុះចំនួន៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ ហេតុការណ៌គ្រោះថ្នាក់ទាំងនេះ គឺពាក់ព័ន្ធនឹងល្បឿន៣៤ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ បត់៩ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ ស្រវឹង៣ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។

ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ច្រើនជាងគេ គឺរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់៣៤០លើក ខេត្តកណ្តាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ ចំណែកគ្រោះថ្នាក់រថយន្តដឹកកម្មករវិញ បានកើតមានឡើងនៅខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ ដែលបណ្ដាលឱ្យកម្មកររបួសសរុបចំនួន២៧៦នាក់។ បញ្ហាប្រឈម គឺបទល្មើសមិនពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ និងល្មើសល្បឿននៅតែមានអត្រាខ្ពស់ ខណៈក្នុងចំណោមជនរងគ្រោះដែលស្លាប់មាន៧៨ភាគរយជាអ្នកជិះម៉ូតូ និង៦៩ភាគរយមិនពាក់មួកសុវត្ថិភាព។

មិនតែប៉ុណ្ណោះ រយៈពេល៦ខែនេះ សមត្ថកិច្ចក៏បានត្រួតពិនិត្យយានយន្តសរុបចំនួន១០២៩៩៥គ្រឿង ក្នុងនោះមានម៉ូតូល្មើសចំនួន៧៧៧៩៤គ្រឿង ដោយសារការល្មើសមិនពាក់មួកសុវត្ថិភាពមាន៩០ភាគរយ សញ្ញាចរាចរណ៍៦ភាគរយ ផ្លាកលេខ២ភាគរយ ទូរស័ព្ទ២ភាគ និងបើកបរទាំងស្រវឹង១ភាគរយ។ ជាងនេះទៀត រកឃើញរថយន្តល្មើសចំនួន២៨ ២០១គ្រឿង ក្នុងនោះរថយន្តធំជាង៦០០គ្រឿងហើយក្នុងចំណោមនោះរថយន្តល្មើសខ្សែក្រវ៉ាត៥២ភាគរយ ល្បឿន១៦ភាគរយ ទូរសព្ទ១០ភាគរយ សញ្ញាចរាចរណ៍៧ភាគរយ ផ្លាកលេខ៥ភាគរយ ល្មើសចំណុះ ៤ភាគរយ បណ្ណបើកបរ៤ភាគរយ ស្រវឹង១ភាគរយ ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។

សម្ដេច ស ខេង បានអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។ សម្ដេចលើកឡើងថា នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ៕