ថ្មនិងដីដែលត្រូវបានគេចាក់ចូលទន្លេនៅតំបន់អរិយក្សត្រ។ រូបភាព៖ ហ្វេសប៊ុក

ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​មួយ​ចំនួន​បាន​បង្ហោះ​រូប​ភាព​ចាក់​ដី​និង​ថ្មចូល​ទន្លេ​ដើម្បី​វាទ​ទី​ចេញ​ពីច្រាំងទន្លេជាច្រើនម៉ែត្រ​ ស្ថិត​នៅ​ក្បែរកំពង់​ចម្លង​អរិយក្សត្រ ​ក្នុងស្រុកល្វាឯម​ ខេត្តកណ្ដាល​។ ​តំបន់​ចាក់ដី​និង​ថ្មនេះ​គឺស្ថិត​នៅទល់មុខគ្នាជាមួយត្រើយខាងទី​ក្រុងកោះពេជ្រ។ ​ប៉ុន្តែអភិបាលខេត្តកណ្ដាលថា ​មិនទាន់ដឹងរឿងនេះទេ។

លោក ឌុច ច័ន្ទ​ មេឃុំអរិយក្សត្រ​បានប្រាប់សារព័ត៌មានខ្មែរណាស់កាលនៅថ្ងៃទី១កក្កដាថា លោកគ្មានសិទ្ធិហាមឃាត់​ ឬ​អនុញ្ញាតឲ្យ​មានការចាក់ដីលុបទន្លេនោះទេ។ ប៉ុន្តែលោកបន្តថា ការចាក់ដីលុបទន្លេមេគង្គនេះ ទំនងមានការអភិវឌ្ឍដូចគ្នានឹងមជ្ឈមណ្ឌលកោះពេជ្យ។

លោកថ្លែងដូច្នេះថា៖«ខ្ញុំមានសមត្ថកិច្ចអីណាទៅឲ្យគេធ្វើឬឃាត់នោះ ​បើថ្នាក់ខេត្តគេអត់ទាំងដឹងឮ ​ឬថាយ៉ាងម៉េចផង។ គេចាក់អភិវឌ្ឍធ្វើដូចកោះពេជ្យ​ ដែលមាន​ ស.ជ.ណ ​​អ៊ីចឹងទៅបើតាមដឹង»។
លោក គង់ សោភ័ណ្ឌ ​អភិបាលខេត្តកណ្ដាល​បានប្រាប់ថាសារព័ត៌មានខ្មែរណាស់ថា​ លោកនៅមិនទាន់ដឹង​ថាមានអ្នកចាក់ដីលុបទន្លេនេះនៅឡើយទេ​ ​ប៉ុន្តែលោកថា​ នឹងចុះពិនិត្យមើល។

លោកថ្លែងថា៖«​នៅអរិយក្សត្រ? ​ខ្ញុំអត់ទាន់បានដឹងទេ…។​ ចាំមើលខ្ញុំពិនិត្​យមើលសិន»។

សារព័ត៌មានខ្មែរណាស់បានព្យាយាមទាក់ទងទៅលោក កន សុខកាយ អភិបាលស្រុកល្វាឯមជាច្រើនដងនៅថ្ងៃទី១និងនៅថ្ងៃទី២កក្កដានេះ ប៉ុន្តែលោកមិនបានលើកទូរសព្ទ។

លោក ពេជ្យ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានបង្ហោះរូបភាពចាក់ថ្មនិងដីលុបទន្លេនៅអរិយក្សត្រនេះនៅលើហ្វេសប៊ុក បានប្រាប់សារព័ត៌មានខ្មែរណាស់ថា នេះជាសកម្មភាពចាក់ដីវាទទីយកទន្លេមេគង្គ ហើយទោះបីមានច្បាប់ក៏ពុំត្រូវអភិវឌ្ឍក្នុងតំបន់ធម្មជាតិដែលជាទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋនោះដែរ។

លោកថ្លែងថា៖«តាមខ្ញុំឃើញគឺចាក់វាទទីយកទន្លេមេគង្គតែម្ដង។ អ៊ីចឹងវាខុសច្បាប់ តែបើគេមាន ស.ជ.ណ អីផ្សេងទៀតខ្ញុំអត់ដឹងទេ។ ប៉ុន្តែទោះបីយ៉ាងណា ក៏ពុំគួរអភិវឌ្ឍក្នុងតំបន់ធម្មជាតិក៏ដូចជាទ្រព្យសម្បត្តិរដ្ឋឡើយ»។

ចំណែកលោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា(CYN)បានលើកឡើងថា ការចាក់លុបទន្លេមេគង្គនេះ ពុំបានជូនដំណឹងដល់សារធារណជននៅឡើយ ដែលធ្វើឱ្យពលរដ្ឋមានការភ្ញាក់ផ្អើល។ លោកសង្ស័យថា នេះគឺជាសកម្មភាពអភិវឌ្ឍន៌ ដែលធ្វើឱ្យមានការព្រួយបារម្មណ៌ក្នុងចំណោមពលរដ្ឋ និងអ្នកអាស្រ័យផលតាមដងទន្លេមេគង្គ។

លោកថ្លែងថា៖«ការអភិវឌ្ឍគឺជារឿងធម្មតាទេ ប៉ុន្តែពុំមានការជូនដំណឹងជាមុនដល់អ្នកពាក់ព័ន្ធ ពលរដ្ឋដែលជាម្ចាស់ប្រទេស ព្រមទាំងពុំមានការសិក្សា និងការអញ្ជើញអ្នកពាក់ព័ន្ធណាមួយចូលរួម។ ដូច្នេះហើយទើបមានការសង្ស័យថា អាចជាការអភិវឌ្ឍណាមួយមិនប្រក្រតីក្នុងការលុបទន្លេធម្មជាតិ ដែលធ្វើឲ្យមានភាពស្រពិចស្រពិល»។

ជុំវិញបញ្ហានេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន សុំមិនធ្វើការអធិប្បាយនោះទេ។ លោក ផៃ ស៊ីផាន លើកឡើងថា លោកកំពុងជាប់រវល់នឹងបញ្ហាកូវីដ មិនបានដឹងរឿងនេះឡើយ ខណៈលោក នេត្រ ភក្រ្តា បានឱ្យទាក់ទងទៅមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមវិញ។

សារព័ត៌មានខ្មែរណាស់បានព្យាយាមទាក់ទងសុំការបញ្ជាក់បន្ថែមពី លោក ចាន់ យុត្ថា មន្រ្តីនាំក្រសួងធនធានទឹក និងឧតុនិយម រួមទាំងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្រ្តនិងការងារទន្លេ លោក សេង ឡូត មន្រ្តីនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋាន សុរិយោដី និងភូមិសាស្រ្ត របស់ក្រសួងដែនដី ប៉ុន្តែទូរសព្ទហៅចូល ពួកលោកមិនទទួល៕