កម្មាការិនីរោចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញកំពុងបំពេញការងាររបស់ខ្លួន។ រូបភាព៖ Betterwork.org

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ចា​ជីវៈ​នៅ​ថ្ងៃ​ទី​២៣​មិថុនា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​បញ្ចេញ​សាច់​ប្រាក់​ឧបត្ថម្ភ​លើក​ទី​៦២ ទៅ​ដល់​កម្មករ​និង​បុគ្គលិក​ជាង​១១​ពាន់​នាក់​ក្នុង​វិស័យ​កាត់​ដេរ​និង​វិស័យ​ទេស​ចរណ៍ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នៅ​តាម​រោង​ចក្រ​និង​សហ​គ្រាស​ចំនួន​៩១​កន្លែង។

ក្នុង​ចំណោម​រោង​ចក្រ និង​សហ​គ្រាស​ទាំង​៩១​នោះ មាន​១១​កន្លែង​ស្ថិត​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ និង​៨០​កន្លែង​ទៀត​ជា​វិស័យ​ទេស​ចរណ៍ ក្នុង​នោះ​មាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​១៥​កន្លែង ព្រះសីហនុ​៤​កន្លែង សៀមរាប​៦៦​កន្លែង កណ្តាល​២​កន្លែង កែប​១​កន្លែង តាកែវ​១​កន្លែង កំពង់ឆ្នាំង​១​មួយ​កន្លែង និង​ស្វាយ​រៀង១​កន្លែង។

ក្នុង​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​រោងចក្រ ឬ​សហគ្រាស​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​រយៈ​ពេល​ពី​៧​ទៅ​១០​ថ្ងៃ នឹង​ទទួល​បាន​ទឹក​ប្រាក់​១៥​ដុល្លារ។ ចំពោះ​រោង​ចក្រ ឬសហគ្រាស​ដែល​ព្យួរ​ការងារ​ពី​១១​ទៅ​២០​ថ្ងៃ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៣០​ដុល្លារ។ ចំណែក​រោង​ចក្រ​ឬ​សហគ្រាស​ដែល​ព្យួរ​ការងារ​ពី​២១​ថ្ងៃ​ដល់​១​ខែ នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៤០​ដុល្លារ។

ប៉ុន្តែ​ក្នុង​ករណី បុគ្គលិក​ដែល​ខកខាន​មិន​បាន​ទៅ​បើក​ក្នុង​រយៈ​ពេល​១០​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​សារ​ពី​ធនាគារ​ឯកទេស​វីង នោះ​ទឹក​ប្រាក់​នឹង​បង្វិល​ជូន​រដ្ឋាភិបាល​វិញ។

កាល​ពី​ថ្ងៃ​ទី​២២​មិថុនា​ម្សិល​មិញ ក្រសួង​ការងា ក៏​បាន​បញ្ចេញ​ទឹក​ប្រាក់​ដល់​រោង​ចក្រ និង​សហ​គ្រាស​ចំនួន​៥១៣​កន្លែង ក្នុង​វិស័យ​កាត់​ដេរ  ជំហាន​ទី១ ដែល​រោងចក្រ​និង​សហគ្រាស​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​កន្លង​មក​។ ក្នុង​ចំនួន​កម្មករ​១​នាក់ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​១៦០០០០​រៀល។ រោងចក្រ និងសហគ្រាស​ទាំង​៥១៣​កន្លែង​នេះ​មាន​កម្មករ​សរុប​ចំនួន ២៧៥ ៧៤៧​នាក់៕