ក្រុមកម្មកររោងចក្រដំឡើងម៉ូតូហុងដា កំពុងចុះឈ្មោះដើម្បីយកសំណាក។ រូបភាព៖ Lyda Pang

រោង​ចក្រ​ដំ​ឡើង​ម៉ូតូ​ហុង​ដា​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​សម្រុក​យក​សំណាក​ទាំង​យប់ កាល​ពី​ថ្ងៃ​ទី​២១​មិថុនា​ម្សិល​មិញ​នេះ​ ដោយ​សង្ស័យ​ថា​មាន​ករណី​ផ្ទុះ​កូវីដ​នៅ​ក្នុង​រោង​ចក្រ​នេះ។

លោក កង វង ចៅ​សង្កាត់​ចោម​ចៅ​ទី​១ បាន​ប្រាប់​សារ​ព័ត៌មាន​ខ្មែរ​ណាស់​ខ្លី​ថា រោង​ចក្រ​ដំឡើង​ម៉ូតូ​ហុងដា​នេះ មាន​កម្មករ​សរុប​ជាង​៦០០​នាក់ ហើយ​ក្នុង​នោះ​អ្នក​ត្រូវ​បាន​យក​សំណាក​មាន​ចំនួន​៤៥៦​នាក់ និង​រក​ឃើញ​មាន​វិជ្ជមាន​ចំនួន​៦៦​នាក់។ លោក​អះអាង​ថា រោង​ចក្រ​ខាង​លើត្រូវ​បាន​កំណត់​ឱ្យ​បិទ។

នៅ​ថ្ងៃ​អង្គារ៌​ទី​២២​មិថុនា​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​មាន​អ្នក​ស្លាប់​ថ្មី​១៨​នាក់ ឆ្លង​ថ្មី៦៧៨​នាក់ និង​ជា​សះស្បើយ​ថ្មី​៧៦៣។ ករណី​ស្លាប់​ថ្ងៃ​នេះ​កើន ខណៈ​ថ្ងៃ​ម្សិល​មិញ​មាន​ចំនួន​ត្រឹម​១០​នាក់ ប៉ុន្តែ​ករណី​ឆ្លង​ថយ​ចុះ ខណៈ​ថ្ងៃ​ម្សិល​មិញ​មាន​ចំនួន​ឆ្លង​៧៣៥​នាក់។ គិត​មក​ដល់​ពេល​នេះ អ្នក​ស្លាប់​ដោយ​សារ​កូវីដ​សរុប​កើន​ដល់​៤៥៩​នាក់ ឆ្លង​សរុប​កើន​៤៤១២៤​នាក់ ​និងជាះ​ស្បើយ​សរុប​៣៨៧៦៦​នាក់៕