រូបភាពដោយ កសិកម្មខេត្តបាត់ដំបង

កសិករនៅខេត្តព្រៃវែងនិងខេត្តបាត់ដំបងបានត្អួញត្អែរថា ការចំណាយលើថ្លៃផលិតស្រូវកាន់តែអស់ច្រើន ប៉ុន្តែនៅពេលប្រមូលផលវិញមានទិន្នផលកាន់តែតិច ហើយថែមទាំងលក់បានកាន់តែថោកថែមទៀ។ សង្កមស៊ីវិលបានលើកឡើងដែរថា រដ្ឋាភិបាលគួរតែមានត្រួតពិនិត្យលើតម្លៃសម្ភារប្រើប្រាស់ក្នុងវិស័យកសិកម្ម ដើម្បីកុំឱ្យឡើងថ្លៃហួសកម្រិត។

លោកស្រី រឿង យៀន អាយុ៣៦ឆ្នាំ ជាកសិករធ្វើស្រូវជាង១ហិកតា នៅភូមិចុងអំពិល ឃុំអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៨មិថុននានេះថា លោកស្រីបានចាប់ផ្តើមព្រោះស្រូវវស្សាចាប់តាំងពីខែមេសា ហើយនឹងប្រមូលផលនៅចុងខែសីហាខាងមុខ។ ប៉ុន្តែកសិកររូបនេះត្អួញត្អែរថា ការទិញសម្ភារពីប្រទេសវៀតណាមយកធ្វើស្រែពីមួយឆ្នាំទៅមួយឆ្នាំ គឺត្រូវចំណាយអស់កាន់តែច្រើន ដែលធ្វើឱ្យលោកស្រីស្ទើរតែមិនចំណេញ។


លោកស្រីថ្លែងថា៖«វាឡើងថ្លៃសព្វគ្រប់ មិនថា ប្រេង ជី ថ្នាំបាញ់ស្រូវ ថ្នាំបាញ់ដង្ហូវ ថ្នាំបាញ់ស្មៅ គឺឡើងថ្លៃទាំងអស់។ ជាក់ស្តែងដូចជាជីតម្លៃធម្មតាមិនទាន់ឡើងថ្លៃគឺក្នុងមួយបាវ(៥០គីឡូ)តម្លៃពី១០ទៅ១១ម៉ឺនរៀលទេ។ ប៉ុន្តែឥឡូវ! វាឡើងដល់១៣ម៉ឺនរៀល ហើយប្រេងក្នុង១ លីត្រតែ២ពាន់រៀលជាង ឡើងដល់៣ពាន់រៀលជាង។ ហើយថ្នាំបាញ់ ពី៨ពាន់ឡើងទៅ១ម៉ឺន២ពាន់រៀលក្នុងមួយដប»។
លោកស្រីបន្តថា នៅពេលដែលរបស់របបសម្រាប់ធ្វើស្រែឡើងថ្លៃបែបនេះ មិនអាចទទួលបានប្រាក់ចំណេញពីការលក់ស្រូវនោះទេ ពីព្រោះការធ្វើស្រូវជាង១ហិកតានេះ គឺប្រមូលផលបានជាង៣តោន ហើយលក់បានប្រាក់ប្រហែល៦០០ដុល្លារទេ ខណៈការចំណាយលើជីក្នងចំនួន៦បាវអស់ជិត១លានរៀលឬស្មើ២៥០ដុល្លារ រីឯការជួលភ្ជួររាស់ត្រូវចំណាយអស់១១១ដុល្លារ ថ្លៃច្រូតអស់៣០ម៉ឺនរៀល និងចំណាយថ្នាំផ្សេងៗទៀត។ កសិករដដែលនេះបន្តទៀតថា ប្រសិនក្នុងករណីស្រូវមិនបានផល គឺត្រូវប្រឈមខាតទាំងស្រុង។

លោកស្រីបន្ថែមថា៖«ដោយសារតែយើងជាកសិករ បើយើងនៅស្រែ អត់ធ្វើស្រែ យើងយកលុយទៅទិញ(ស្រូវ)គេដដែល។ ដូច្នេះ! យើងត្រូវចំណាយលុយខ្លួនឯងទៅទិញសម្ភារ(ធ្វើស្រែ)មកប្រើប្រាស់ទៅ យើងទទួលបានស្រូវទុកគ្រាន់ផ្គត់ផ្គង់គ្រួសារវិញ»។

ចំណែកលោក ហួន សុវណ្ណ កសិករធ្វើស្រូវលើផ្ទៃដី២៥ហិកតានៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានលើកឡើងដែរថា នៅពេលរដូវធ្វើស្រែមកដល់ សម្ភារសម្រាប់ប្រើប្រាស់ក៏ឡើងថ្លៃ ហើយដល់ពេលរដូវប្រមូលផលដើម្បីលក់ចេញ បែរជាមានតម្លៃថោកដែលធ្វើឱ្យចំណេញតិចតូចប៉ុណ្តោះ។ លោកបន្តថា កាលពីឆ្នាំមុន ការធ្វើស្រែចំនួន២៥ហិកតា គឺលោកត្រូវចំណាយដើមជិតអស់ជិត៣០លានរៀល ដូចជាចំណាយលើការជួលដី ភ្ជួររាស់ កម្មករ និងទិញជី ប៉ុន្តែអាចចំណេញប្រហែល៥ពាន់ដុល្លារ។
ប៉ុន្តែលោកថា ឆ្នាំនេះ មិនទាន់ដឹងចំណេញឬខាតនោះទេ ដោយសារជី និងសម្ភារផ្សេងៗ កាន់តែថ្លៃជាងឆ្នាំមុន និងបានធ្វើឱ្យលោកត្រូវចំណាយអស់កាន់តែច្រើន។
លោកថ្លែងថា៖«ពេលខែធ្វើស្រែវាចេះតែឡើងថ្លៃកសិករពិបាកចំណុចហ្នឹង។ កសិករចេះតែត្អួញត្អែរប្រេងឡើងថ្លៃ ជីឡើង ថ្នាំឡើងថ្លៃទាំងអស់ ដល់ពេលលក់ស្រូវវិញថោក។ អ្នកស្រែតែងតែខ្ចីលុយអង្គការមកធ្វើស្រែ»។
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងទទួលស្គាល់ថា ជីកសិកម្មពិតមានតម្លៃខ្ពស់ជាងមុនបន្តិចមែន ប៉ុន្តែលោកមិនបានដឹងអំពីមូលហេតុ ព្រោះខាងមន្ទីរកសិកម្មមានតួនាទីត្រឹមពិនិត្យគុណភាពជីទាំងអស់នោះ ចំណែកតម្លៃវិញគឺស្ថិតក្នុងការគ្រប់គ្រងរបស់មន្ទីរពាណិជ្ជកម្ម។

លោកថ្លែងថា៖«យើងអត់ដឹងបរិមាណ(ជី)នាំចេញនាំចូល ហើយជួនណា មានការបិទនាំចូលដែលធ្វើឱ្យទំនិញមិនមានក្នុងស្តុក អាចធ្វើឱ្យតម្លៃទាញឡើង ឬមួយក៏យ៉ាងម៉េច យើងអត់ដឹងដែរ»។
ប៉ុន្តែជុំវិញតម្លៃជីឡើងថ្លៃនេះ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងលើកឡើងថា ការនាំចូលជីមានទាំងបញ្ជីការ និងមិនមានបញ្ជីការ ហើយកន្លងមក លោកមិនបានឱ្យក្រុមការងារចុះតាមកន្លែងលក់ជីនោះទេ ដោយសារខ្លាចជាន់ការងារគ្នាជាមួយមន្ទីរកសិកម្ម។

លោកថា៖«ព្រោះខាងកសិកម្មដើរត្រួតពិនិត្យលើជីចុះបញ្ជីការ ហើយបើខាងខ្ញុំចុះទៅទៀតខ្លាចអ្នកលក់ថាយើងទៅសួរនាំច្រើន។ ចាំមើលថ្ងៃធ្វើការឱ្យកូនចៅចុះមើល ចាំប្រាប់វិញ»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)យល់ឃើញថា ការឡើងថ្លៃជី និងសម្ភារប្រើប្រាស់ផ្សេងៗរបស់កសិករនេះ បើប្រៀបធៀបទិន្នផលស្រូវដែលផលិតបានមិនសមស្របគ្នានោះទេ ហើយវាក៏បង្កឱ្យប៉ះពាល់ដល់វិស័យកសិកម្មផងដែរ។
លោកថ្លែងថា៖«មូលហេតុដែលការឡើងថ្លៃនេះ ដោយសារតែទំនិញមានតម្លៃខ្ពស់ ហើយបើទោះបីមានការបន្ធូលបន្ថយពន្ធទៅលើវិស័យជីកសិកម្មក៏ដោយ។ អ៊ឹចឹង!រដ្ឋត្រូវពិនិត្យមើលឱ្យមែនទែនចំពោះក្រុមហ៊ុន ក៏ដូចជាការនាំចូលផលិតផលជី ឬផលិតផលគីមី ហើយត្រូវតែលើកទឹកចិត្តកសិករប្រើប្រាស់នូវការដាំដុះតាមគោលការណ៍ធម្មជាតិ ដែលមិនសូវប្រើប្រាស់ជី ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ទាំងអស់ហ្នឹងទាំងការចំណាយថ្លៃ និងប៉ះពាល់ដល់សុខភាព»។

លោកបន្តថា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ត្រូវរៀបចំយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហានេះ ដោយត្រូវផ្សព្វផ្សាយព័ត៌មានដាក់លក់ជី និងសម្ភារកសិកម្ម ឱ្យបានទូលំទូលាយចៀសវាងការឡើងថ្លៃហួសប្រមាណ ហើយរដ្ឋាភិបាលក៏ត្រូវត្រួតពិនិត្យការនាំចូល និងការចែកចាយរបស់ក្រុមហ៊ុន និងតាមតូបៗ។ ម៉្យាងវិញទៀត រដ្ឋាភិបាលត្រូវបន្ថែមកញ្ចប់ថវិកាក្នុងការជួយបណ្តុះបណ្តាលអំពីបច្ចេកទេសដល់កសិករ ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់កញ្ចប់ថវិកាដែលមានអត្រាការប្រាក់ទាបក្នុងការបង្កើនមុខរបរកសិកម្ម៕