រូបភាព៖សុខ ទូច និងសមាគមវារីប្បករកម្ពុជា

ប្រធាន​រាជ​សភា​បណ្ឌិត្យ​សភា​កម្ពុជា​បានអះអាងថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ត្រីសម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មិន​មែន​ដោយ​សារ​ចំនួន​ប្រជា​ជន​កើន​ឡើង​ឡើយ ប៉ុន្តែ​ដោយ​សារកម្ពុជា​មិន​ទាន់​គណនា​ចំនួន​ត្រី​ដែល​ផលិត​បាន និង​ចំនួន​ប្រជាជន​ដែល​ត្រូវ​បរិភោគ​ត្រីឱ្យបាន​ច្បាស់លាស់ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទន្លេ​មេគង្គ បឹងទន្លេសាប និង​បឹង​ជាច្រើន​ទៀត​ដែល​ជា​ប្រភព​ជម្រក​ត្រី។

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា​នេះ​ថា ចំនួន​ប្រជា​ជន​កើន​ឡើង​មិន​មែន​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​ត្រី​ខ្វះខាត​នៅ​ក្នុង​ស្រុក​នោះទេ ប្រសិន​បើ​មាន​ការ​គណនា​ចំនួន​ប្រជា​ជន​ដែល​បរិភោគ​ត្រី​ឱ្យ​បានច្បាស់​លាស់។

លោក​ថ្លែង​បន្ថែម​ថា៖«ទី១​ត្រូវ​គណនា​ចំនួន​មនុស្ស​ប៉ុន្មាន យើង​ផលិត​ចំនួន​ហ្នឹង វាអត់បញ្ហា​ទេ។ បើ​យើង​នៅ​តែ​ចេះ​ហូប​អត់​គណនា អត់ផលិតទេ វា​ទៅ​អត់​រួច​ទេ។ យើង​គិតមើល​ហេតុ​អ្វី​បាន​ជា​គេ​ជួល​ខ្មែរ​ដាំ​បន្លែ​នៅ​កូរ៉េ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់? ហេតុ​អី​គេ​មិន​ទិញរបស់​ថោក​នៅ​ស្រុក​យើង ហើយ​កូរ៉េ​មាន​ផ្ទៃ​ដី​តូច​ជាង​យើង ហើយ​មាន​ប្រជា​ជន​ដល់៥២លាន​នាក់ តែ​គេ​មិន​ខ្វះ​ត្រី មិន​ខ្វះបន្លែ ដោយ​សារ​គេ​ចេះ​គណនា»។

ការ​លើក​ឡើង​ពី​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នេះ បន្ទាប់​ពី​ក្រសួង​កសិ​កម្ម​បាន​ចេញសេចក្តី​ប្រកាស​ស្ដី​ពី​មូល​ហេតុ​ខ្វះ​ត្រី​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​១៥​មិថុនា​ថា ដោយ​សារ​ចំនួន​ប្រជាជន​បាន​កើន​ឡើង​ជា​រៀង​រាល់ឆ្នាំ គឺ​ក្នុង​រយៈ​ពេល១១ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០០៨ដល់​ឆ្នាំ២០១៩ ចំ​នួនប្រជា​ជន​បាន​កើន​ឡើងជាង១៤% ដែល​ធ្វើឱ្យ​តម្រូវ​ការ​ត្រី​និង​សាច់សម្រាប់​បរិ​ភោគ​មាន​ការ​កើន​ឡើង។

ក្រសួង​ទទួល​ស្គាល់​ថា តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ត្រី​នៅ​កម្ពុជា បន្ត​ជួប​ប្រទះ​បញ្ហា​មិន​ទាន់អាច​ដោះ​ស្រាយ​បាន ដោយ​សារ​មូល​ហេតុ​មួយចំនួន ដូច​ជាកំណើន​ប្រជា​នេ​សាទ ការបាត់​បង់​ជម្រក​របស់​ត្រី ការ​ប្រែ​ប្រួល​របប​ទឹក​ទន្លេ​មេ​គង្គ​ដែល​ធ្វើ​ឱ្យ​ថម​ថយ​ផល​ត្រី​ពី​ធម្ម​ជាតិ ការ​គាំទ្រ​ត្រី​នាំ​ចូល​ដែល​តម្លៃ​ថោក​ជាង ស្រប​ពេល​ប្រជាជន​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូលទាប។

លោក សុខ ទូច បាន​សរសេរ​បង្ហោះ​តាម​គណនី​ហ្វេស​ប៊ុក​របស់​លោក​ដែរថា វា​ដូច​ជាចម្លែក​អស្ចារ្យ​ណាស់ ដែល​កម្ពុជា​មាន​ទន្លេ​មេគង្គ បឹង​ទន្លេសាប និង​ស្ទឹង ព្រែក បឹង អូរជាច្រើន​ប្រៀប​ដូច​សសៃ​ឈាម ហើយ​ថែម​ទាំង​មាន​សមុទ្រ​ជា​ប្រភព​ត្រី​ទឹក​ប្រៃ​ទៀត ប៉ុន្តែ​បែរជា​អត់​ត្រី​សម្រាប់​បរិភោគ​គ្រប់​គ្រាន់។ លោក​បន្តថា បញ្ហា​ទាំង​នោះ​អាច​បណ្ដាល​មក​ពី​ព្រៃលិច​ទឹក​ត្រូវ​បាន​បំផ្លាញ​អស់ បឹង ស្ទឹង និង​អូរ​ជា​ដើម ត្រូវ​បាន​លុប​ដោយ​សារ​តម្លៃ​ទី​ផ្សារ​ដីឡើង​ខ្ពស់។

សារ​ព័ត៌​មាន​ខ្មែរ​ណាស់​មិន​អាច​ទាក់​ទង​សុំការ​ឆ្លើយ​តប​ជុំវិញ​ការ​លើក​ឡើង​របស់​លោក សុខ ទូច នេះ ពី​លោក វេង សាខុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​បាន​ទេ។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ផលិត​បានត្រី​សរុប​៩៣​ម៉ឺន​តោន ក្នុង​នោះ​ផលិត​ផល​ទឹក​សាប​ចំនួន​៤១​ម៉ឺន​តោន ផលិត​ផល​សមុទ្រចំនួន​១២​ម៉ឺន​តោន និង​ផលិត​ផល​វារីវ​ប្ប​កម្ម​ចំនួន​៤០​ម៉ឺន​តោន ខណៈ​ក្នុង​មួយ​ឆ្នាំ កម្ពុជាមាន​តម្រូវ​ការ​ត្រី​រហូត​៩០០​ពាន់​តោន។

លោក សុខ ទូច បានលើក​ឡើង​ថា លោក​នឹង​ចុះ​សិក្សា​លម្អិត​នៅ​បឹង​ទន្លេ​សាប ដើម្បី​ផ្ដល់គំនិត​ទៅ​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ត្រី​ផ្គត់​ផ្គង់​ក្នុង​ស្រុក៕