រូបភាព៖ សមាគមវៀតណាមប្រចាំកម្ពុជា

សមា​គម​វៀត​ណាម​ប្រចាំ​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​ដល់​ពល​រដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​នៅ​ទន្លេ​សាប ទន្លេ​មេ​គង្គ​ និង​ទន្លេ​បា​សាក់ មិន​ត្រូវ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ប្រទេស​វៀត​ណា​ម​នោះ​ទេ ប៉ុន្តែ​ត្រូវ​នាំ​គ្នា​អូស​សណ្ដោង​ផ្ទះ​ទៅ​បោះ​ទី​តាំង​ថ្មី​លើ​ផ្ទៃ​ទន្លេសាប ដែលស្ថិតនៅក្បែរវត្ត​ជេដ្ឋា​ឧត្តម​ហៅ​វត្ត​គ្រួស ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​ជា​តំបន់​ព្រំ​ប្រទល់​ជាប់​ស្រុក​ពញ្ញា​ឮ​ខេត្ត​កណ្ដាល​។

ប្រធានសមាគមវៀតណាមចុះទៅពិនិត្យពលរដ្ឋវៀតណាមបានមកបោះទីតាំងរស់នៅលើទឹកថ្មី ក្នុងសង្កាត់ព្រែកព្នៅកាលពីថ្ងៃទី១២មិថុនា

យោង​តាម​លិខិត​មួយរ​បស់​សមា​គម​វៀត​ណាម​ចុះ​ថ្ងៃ​ទី​១៣​មិថុនា​នេះ​បាន​លើក​ឡើង​ថា​ មូល​ហេតុ​នៃ​ការស្នើ​សុំ​ឱ្យ​ពល​រដ្ឋ​វៀត​ណាម​ដែល​កំពុង​រុះ​រើ​ផ្លាស់​ទី​កន្លែង​ថ្មី​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ គឺ​មិន​ត្រូវ​វិល​ត្រឡប់​ទៅ​វៀត​ណាម​នោះ​ទេ ពី​ព្រោះ​​វៀត​ណាម​កំពុង​បិទ​ព្រំ​ដែន​ដោយ​សារ​ការ​រីក​រាល​ដាល​​ជំងឺ​កូវីដ១៩ នឹង​មិន​ទទួល​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​ក​ន្លែង​ផ្សេង​ចូល​ទៅ​ក្នុង​ប្រទេស​វៀត​ណាម​ឡើយ​​។

សមា​គម​វៀត​ណាម​បាន​លើក​ឡើង​ថា ពល​រដ្ឋ​វៀត​ណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ខណ្ឌ​ទាំង​៦​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ផ្ទះ​បណ្ដែត​ទឹក​ទៅ​កាន់​ទី​តាំង​ថ្មី គឺ​ស្ថិត​នៅ​ទន្លេ​សាប​ក្បែរវត្តគ្រួសក្នុងសង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ស្រុកពញ្ញាឮខេត្ត​កណ្ដាល។ លើស​ពី​នេះ សមាគមវៀតណាមក៏បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​ទាំង​នោះ ត្រូវ​រក្សា​ភាព​អត់​ធ្មត់ ហើយ​ជំនួយ​ជា​ស្បៀង​អាហារ នឹង​ត្រូវ​បាន​ផ្ដល់​ដល់​ដៃ​គ្រប់​គ្នា​ទាន់​ពេល​វេលា ដើម្បីបន្ថយទុក្ខ​លំ​បាក ហើយ​ស្ថាន​ភាព​ការ​រស់​នៅ ​នឹង​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​។​

ក្រុម​ពល​រដ្ឋ​វៀត​ណាម​មួយ​ចំនួន​ដែល​មាន​ផ្ទះ​បណ្ដែត​ទឹក​នៅ​ក្នុង​ភូមិ​សាស្រ្ដ​រាជ​ធានី​ភ្នំ​ពេញ​និង​មិន​បាន​រុះ​រើ​តាម​កាល​កំណត់​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ គឺ​បាន​ប្រើ​ទូក​អូស​សណ្ដោង​ផ្ទះ​បណ្ដែត​និង​បែ​ចិញ្ចឹម​ត្រី​របស់​ពួក​គាត់ ទៅ​រស់​នៅ​ក្នុង​ទី​តាំង​ថ្មី​បណ្ដោះ​អាសន្នស្ថិតនៅក្បែរវត្ត​គ្រួស​តាំង​ពី​ថ្ងៃ​ទី​១១​មិថុនា តាម​ការ​សម្រេច​ថ្មី​រ​បស់​សាលា​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ទុក​ឱ​កាស​ឱ្យ​ត្រី​ក្នុង​បែ​ចិញ្ចឹម​របស់​ពួក​គេ​អាច​ធំ​ល្មម​ចាប់​លក់​អស់​សិន​។

អភិបាលខណ្ឌ​ព្រែក​ព្នៅ​លោក សុខ សម្បត្តិ បាន​ប្រាប់​ទៅ​លោក ស៊ឹម ជី ប្រធាន​សមា​គម​វៀត​ណាម​ប្រចាំ​កម្ពុជា​ថា ទី​តាំង​ថ្មី​នោះ​គឺ​អនុ​ញ្ញាត​ឱ្យ​ពល​រដ្ឋ​វៀត​ណាម​រស់​នៅ​បណ្ដោះ​អាសន្ន​ប៉ុណ្នោះ ហើយ​នៅ​ពេល​ខាង​មុខ ពួក​គេ​ត្រូវ​តែ​ចល័ត​ដើម្បី​ចាក​ចេញ​ពី​ទៅ​ក្រុង​ភ្នំ​ពេញ​ទៅ​កាន់​ទី​តាំង​ថ្មី​៕​