បច្ចេកវិទ្យាសុខាភិបាលកម្ពុជា ពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab បានសម្រេចចាប់ដៃគូធ្វើអាជីវកម្មរួមគ្នា ដើម្បីឲ្យមន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដៃគូ និងអ្នកជំងឺកម្ពុជាអាចទាក់ទងទទួល និងផ្តល់សេវាពិគ្រោះ និងព្យាបាលតាមប្រព័ន្ធឌីជីថលរួមលើទូរស័ព្ទដៃ ដែលធានាបាននូវសុវត្ថិភាពបំផុត សន្សំសំចៃ និងធានាបាននូវសុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជាក្នុងគ្រាកំពុងជួបវិបត្តិសុខភាពសាកលកូវីដ១៩ និងមានទិសដៅពង្រីកទៅកាន់បណ្តា ប្រទេសនៅអនុតំបន់មេគង្គ និងអាស៊ីផងដែរ នៅចុងឆ្នាំ២០២១នេះ។

សេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី១មិថុនា ការចាប់ដៃគូនេះគឺដើម្បីបង្កើតកម្មវិធី e-Health MyCLNQ ជាប្រព័ន្ធច្រកចេញចូលតែមួយ នៃសេវាកម្មបច្ចេកវិទ្យាសុខាភិបាលថែទាំសុខភាពលើទូរសព្ទដៃទំនើបដំបូងគេមួយ ដែលអាចផ្តល់សេវាពិគ្រោះ ព្យាបាល និងផ្តល់ដំដោះស្រាយបញ្ហាសុខភាព ជូនដល់ពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង និងមានលក្ខណៈរហ័សងាយស្រួលនិងមានសុវត្ថិភាព។

លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បានលើកឡើងថា ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលថ្មី ដែលទទួលបានការគាំទ្រពីវេជ្ជបណ្ឌិតរាប់ពាន់នាក់ កំពុងតែជួយឲ្យពលពលរដ្ឋកម្ពុជា និងអ្នកជំងឺបរទេសប្រមាណជិត២លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រ ទទួលបានសេវាព្យាបាលអនឡាញ។

លោកស្រីថា៖«ជាមួយនឹងក្តីសុបិន្ត ក្នុងការចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាល និងសេវាព្យាបាល បែបឌីជីថលក្នុងតំបន់មួយ យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាសុខាភិបាលថ្មីមានសក្តានុពលរបស់ប្រទេសសិង្ហបុរី Ssivix Lab ដែលជាក្រុមហ៊ុនកំពុងតែផ្តល់សេវាព្យាបាល និងថែទាំសុខភាពជាមួយសេវាពិសេសៗជាច្រើន ដើម្បីយកសេវាទាំងនោះមកដាក់បញ្ចូលគ្នាផ្តល់ឲ្យគ្លីនិក ក៏ដូចជាមន្ទីរពេទ្យដៃគូរបស់យើងនៅតែអាចបន្តផ្ដល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺជាប្រក្រតី ដោយពុំមានការរំខានពីមេរោគ សាកលកូវីដ១៩នោះឡើយ។ អ្នកជំងឺនៅតែអាច ស្វែងរកសេវាព្យាបាល ដោយអស់ក្តីបារម្ភតាមរយៈកម្មវិធីសុខភាពឆ្លាតវៃ e-Health MyCLNQ លើទូរស័ព្ទដៃ ដែលជាកម្មវិធីគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពបំផុតមួយ»។”

ក្រៅពីអាចពិគ្រោះជំងឺនៅក្នុងស្រុក កម្មវិធី e-health MyCLNQ ក៏មានសេវាពិគ្រោះនិងព្យាបាលជំងឺនៅក្រៅប្រទេសដូចជា សិង្ហបុរី ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីបានផងដែរ នេះបើតាមការលើកឡើងរបស់លោកស្រី ប៉ុង លីមសាន។ កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយលើសេវាពិគ្រោះ ព្យាបាល ជំងឺតាមប្រព័ន្ធឌីជីថលក្នុងប្រទេសអាស៊ី ប៉ុន្តែការចាប់ផ្តើមនេះ គឺចាប់ផ្តើមពីប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌា និងតំបន់ទន្លេមេគង្គមុនគេ។

លោក Anwar Rafique សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ssivix Lab បានលើកឡើងថា ការចាប់ដៃគូជាមួយ ពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វិម៉ិនថិក អាស៊ា ជាឱកាសដ៏អស្ចារ្យ មួយសម្រាប់ក្រុមការងារក្រុមហ៊ុន Ssivix Lab ក្នុងការអនុវត្តផែនការពង្រីកចក្ខុវិស័យសុខាភិបាលរួមគ្នានៅកម្ពុជា ដែលជាផែនការពង្រីកវិសាលភាពនៅក្នុងតំបន់ និងជាចក្ខុវិស័យសុខាភិបាលសម្រាប់តំបន់អាស៊ី។ លោកថ្លែងថា៖«ពួកយើងជឿជាក់ថានេះជាឱកាសដ៏កម្រមួយ និងចាំបាច់បំផុតបានអនុញ្ញាតិឲ្យពួកយើងបានចូលរួមចំណែក កសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅប្រទេសកម្ពុជាកាន់តែទំនើប និងពេញលេញថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល និងផ្ដោតទៅលើការបំពេញតម្រូវការសេវាព្យាបាលរបស់អ្នកជំងឺជាអាទិ៍ភាព»។

លោកជឿជាក់ថាកម្មវិធីនេះ នឹងអាចជួយឱ្យប្រជាជនកម្ពុជាទទួលបានសេវាពិគ្រោះ ព្យាបាលងាយស្រួលជាងមុន និងក្នុងតម្លៃមួយសមរម្យបំផុត។ លើសពីនេះ e-Health MyCLINQ មិនត្រឹមតែជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្តល់សេវាព្យាបាលនោះទេ វាជាប្រព័ន្ធនៃបណ្ដុំផ្ដល់សេវាថែទាំសុខភាពគ្រួសារចម្រុះមួយ ដែលអាចជួយបំពេញនូវរាល់តម្រូវការ សេវាថែទាំសុខភាពចាំបាច់នានា។ លោកក៏បានបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះមានមនុស្សជាង៨ម៉ឺននាក់ និងអ្នកផ្ដល់សេវាព្យាបាលនិងថែទាំប្រមាណមួយពាន់នាក់ ដែលបានកំពុងតែប្រើ និងទទួលអត្ថប្រយោជន៍ពីកម្មវិធី MyCLNQ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌា។

ជាមួយគ្នានេះលោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា៖«e-Health MyCLNQ ជាជម្រើសដ៏មានសារៈប្រយោជន៍របស់ប្រជាពលរដ្ឋ និងអ្នកជំនាញវេជ្ជសាស្ត្រទាំងឡាយក្នុងការទទួលសេវាព្យាបាល ថែទាំសុខភាព មានភាពឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និង សន្សំសំចៃច្រើនជាងមុន។ ក្រៅតែពីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថល និងសម្រួលដល់ការផ្តល់សេវាឲ្យប្រសើរជាងមុន ដោយពុំមានការរំខានដល់សង្វាក់ទទួលនិងផ្តល់សេវាពិគ្រោះព្យាបាលនៅកម្ពុជា សហគមន៍អាស៊ាន និងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា»។

សូមបញ្ជាក់ថា កម្មវិធីពេទ្យយើង ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើបឌីជីថលនៅកម្ពុជា និងសំរាប់សហគមន៍អាស៊ានតាមរយៈផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន។ ពេទ្យយើង ក៏ភ្ជាប់ជាមួយប្រព័ន្ធ App នៅលើទូរស័ព្ទដៃ ដែលងាយស្រូលក្នុងការណាត់ដើម្បីពិគ្រោះ និងព្យាបាលជំងឺ។ បច្ចុប្បន្ន មានមន្ទីរពេទ្យរដ្ឋ និងឯកជនប្រមាណជាង ២០០កន្លែងនៅកម្ពុជា ដែលបានសហការប្រើប្រាស់កម្មវិធីនេះ ដើម្បីងាយស្រួលក្នុងបរិបទនៃជំងឺកូវីដ១៩នេះ៕