រូបភាពពីហ្វេសបុក (Sovothy Oeun)

នៅថ្ងៃទី២៧ឧសភានេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីតូចធំជាច្រើនបានអណ្ដែតងាប់តាមបណ្ដាយស្ទឹងថ្វាក ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អាជ្ញាធរបានលើកឡើងថា បន្ទាប់ពីមានភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា បានធ្វើឲ្យធ្លាយសារធាតុគីមីពីចេញរោងចក្រមួយកន្លែងឈ្មោះ វ៉ាកាង ហូរធ្លាក់ទៅកាន់ស្ទឹង ប៉ុន្តែអាជ្ញាធរថាមិនទាន់ដឹងច្បាស់ពីមូលហេតុធ្វើឱ្យត្រីងាប់នោះទេ។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៧ ខែឧសភានេះថា អាជ្ញាធរមិនទាន់សន្និដ្ឋានថាត្រីងាប់ទាំងនោះបណ្ដាលមកពីការធ្លាយសារធាតុពុលពីរោចក្រចិនចូលស្ទឹងនោះទេ ដោយសារមិនទាន់ប៉ះពាល់ ឬបង្កគ្រោះថ្នាក់ណាមួយដល់ពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងថ្វាកនៅឡើយ។
លោកថា៖«យើងឃើញលិចធ្លាយចេញពីរោងចក្រមក ហើយមិនទាន់ដឹងថាទឹកនោះពុលឬមិនពុលទេ ប៉ុន្តែព័ត៌មានបឋមយើងមិនអាចថាទឹកហ្នឹងពុលទេ ព្រោះវាមិនទាន់មានការប៉ះពាល់ដល់អាយុជីវិត ឬការឈឺស្កាត់របស់ប្រជាពលរដ្ឋនៅតំបន់ហ្នឹង ប៉ុន្តែត្រីមានងាប់ហើយ»។
ប្រធានមន្ទីរបរិស្ថានរូបនេះបន្តថា មន្រ្តីមូលដ្ឋានបានចុះណែនាំពលរដ្ឋទប់ស្កាត់ការប្រើប្រាស់ទឹកស្ទឹងថ្វាកបណ្ដោះអាសន្ន ដើម្បីរងចាំយកសំណាកទឹកទៅពិសោធន៌នៅភ្នំពេញ។ លោកបន្តថា ករណីងាប់ត្រីនេះមិនមែនមានតែការធ្លាយសារធាតុគីមីពីរោងចក្រ វ៉ាកាងនោះទេ ប៉ុន្តែបង្ហូរថ្នាំ ឬជី ដំណាំរបស់ពលរដ្ឋនៅជុំវិញស្ទឹងថ្វាកក៏ស្ថិតក្នុងការសង្ស័យដែរ។
លោកថា៖« អាជ្ញាធរលោកបានមានវិធានការប្រាប់ប្រជាពលរដ្ឋអស់ហើយ ក្នុងយប់នេះខ្ញុំយកទឹកក្រុងភ្នំពេញ ស្អែកទើបដឹងលទ្ធផលទើបអាចធ្វើសេចក្ដីអធិប្បាយជូនប្រជាពលរដ្ឋ»។
បើតាមប្រភពពលរដ្ឋម្នាក់បានលើកឡើងនៅថ្ងៃទី២៧ខែឧសភានេះថា ត្រីជាច្រើនប្រភេទបានងាប់អណ្តែតត្រៀបត្រាតាមបណ្តោយទឹកស្ទឹងថ្វាក បន្ទាប់ពីមានការបង្ហូរទឹកពីទំនប់វារីអគ្គិសនី សេកសក ក្នុងស្រុករតនមណ្ឌល ដែលធ្វើឲ្យទឹកស្ទឹងនេះឡើងពណ៌ខ្មៅ សង្ស័យមានសារធាតុពុល។
ពលរដ្ឋដដែលបន្តថា មកទល់ពេលនេះទឹកស្ទឹងចាប់ផ្ដើមស្រកចុះ ប៉ុន្តែមានក្លិនឆ្អាបហើយត្រីដែលងាប់គឺមានសភាពហើមខ្លាំង ខណៈត្រីខ្លះមានទម្ងន់រហូតជិត១០គីឡូ៕